លោក ហ៊ុន សែន ថា​សេដ្ឋកិច្ច​កម្ពុជា​អាច​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា សង្គ្រាម​រវាងប្រទេស​​រុស្ស៊ី និងអ៊ុយក្រែន អាចនឹង​បង្ក​ផល​ប៉ះ​ពាល់​​ដល់​​​សេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចនៅ​កម្ពុជា ដោយសារ​ការ​កើន​ឡើង​នូវ​តម្លៃ​​ប្រេង ស្រប​ពេលដែលកម្ពុជាជាប្រទេសដែល​នាំចូលប្រេងទាំងស្រុង។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនានេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា សេដ្ឋកិច្ចនៅកម្ពុជាកំពុងតែរងផលប៉ះពាល់ដោយសារតែវិបត្តិជំងឺ​កូវីដ-១៩ ស្របពេលដែល​សង្គ្រាមរវាងប្រទេសរុស្ស៉ី និងប្រទេសអ៊ុយក្រែន កើតឡើងចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ ក៏នឹង​​អាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​​រងផលប៉ះពាល់ថែមមួយកម្រិតទៀតផងដែរ ដោយសារ​តម្លៃប្រេងឡើង​ថ្លៃ។

លោកថា៖ «សេដ្ឋកិច្ចរបស់កម្ពុជារងផលប៉ះពាល់ពីកូវីដ-១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដោយ​សារ​តែ​សង្គ្រាម​រុស្ស៉ី-អ៊ុយក្រែន ហើយកំពុងតែពង្រីក​ទៅជាសង្គ្រាមរុស្ស៉ីជាមួយអឺរ៉ុប […] យើងបានមើលឃើញផលប៉ះពាល់​ដល់ពិភពលោក​ និយាយជារួម និងនិយាយដោយឡែក ចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាច​រុញ​អតិផរណា​នៅតាមបណ្ដាប្រទេសផ្សេងៗឱ្យ​កើនខ្ពស់ដោយសារតម្លៃប្រេង»

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក៏បាន​សុំការយោគយល់ពី​ប្រជាពលរដ្ឋចំពោះការកើនឡើងនៃតម្លៃប្រេងសាំងនេះ ខណៈការ​​កើនឡើង​នេះមិនមែនកើតឡើងតែនៅកម្ពុជានោះទេ គឺ​ប្រទេស​ផ្សេងៗនៅលើពិភពលោកក៏​រងផលប៉ះពាល់ដូចគ្នានេះដែរ។

តម្លៃប្រេងនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានខែចុងក្រោយនេះ​ ដោយ​បច្ចុប្បន្ននេះ តម្លៃប្រេងលក់រាយតាមស្ថានីយ​ដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម គឺសាំងធម្មតាតម្លៃ៤ ៨០០រៀល និងម៉ាស៊ូតតម្លៃ៤ ៥០០រៀល ខណៈសាំងស៊ុបពែតម្លៃ៥ ៣៥០រៀល។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា បើសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន កើតឡើងរយៈពេលខ្លី នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជាតិចតួចតែប៉ុណ្ណោះ។ ក្រៅពីបញ្ហាប្រេងឡើងថ្លៃ លោកមើលឃើញថា កម្ពុជាក៏អាចរងនូវផលប៉ះពាល់​ផ្នែក​វិស័យ​​កាត់​​ដេរ​ផងដែរ បើសង្គ្រាមនោះអូសបន្លាយរ៉ាំរ៉ៃយូរ ហើយ​ធ្វើឱ្យប៉ះពាល់ដល់អឺរ៉ុបទាំង​មូល។

អ្នកជំនាញសេដ្ឋកិច្ចរូបនោះផ្ដល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់កុំឱ្យកម្ពុជារងផលប៉ះពាល់សេដ្ឋកិច្ច កម្ពុជាមិនត្រូវពឹងផ្អែកការនាំចេញសម្លៀកបំពាក់ទៅអឺរ៉ុបតែមួយមុខនោះទេ គឺត្រូវត្រៀមរៀបចំយុទ្ធសាស្ត្រផលិតអង្ករ និងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ ជាដើម ។

លោកថា៖ «ត្រូវត្រៀមការ​ផលិតផ្គត់ផ្គង់នូវអង្ករទៅកាន់អឺរ៉ុបអាចនឹងច្រើនជាង​មុន ហើយ​ទី២ យើង​ត្រូវធ្វើពិពិធកម្មរបស់យើងកុំឱ្យពឹងផ្អែកតែលើវិស័យកាត់ដេរតែមួយមុខ និងទី៣ ត្រូវអនុវត្តឱ្យបានលឿននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ ដែលធ្វើឱ្យយើងនាំសម្លៀកបំពាក់ទៅកាន់កូរ៉េបាន ដើម្បីជំនួសការនាំចេញទៅអឺរ៉ុប»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ