ព្រះមហាក្សត្រ​បញ្ចប់​តំណែង​អនុ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី​មួយរូប

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព្រះមហាក្សត្រខ្មែរ សម្រេចបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មួយរូប ប៉ុន្តែមិនបានបញ្ជាក់មូលហេតុនោះឡើយ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ​កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានសម្រេចបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប៊ិន សម្បត្តិថារ័ត្ន។  ​

ព្រះរាជក្រឹត្យសរសេរថា៖ «សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ»។

ក្នុងករណីនេះ វីអូឌី ក៏បានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ លោក សេង ឡូត ប៉ុន្តែមិនមានការឆ្លើយតបនោះឡើយ នៅថ្ងៃពុធនេះ។

លោក ប៊ិន សម្បត្តិថារ័ត្ន ​ជាប្រធានក្រុមការងារថ្នាក់កណ្ដាល​ ចុះជួយឃុំជាំ និងជាអនុប្រធានក្រុមការងារ​ចុះជួយស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។

កន្លងមក ព្រះមហាក្សត្រខ្មែរ ក៏ធ្លាប់ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការរបស់មន្ត្រីក្នុងជួររដ្ឋាភិបាលនៅតាមក្រសួងមួយចំនួនផងដែរ ក្រោយមានបញ្ហាផ្សេងៗ ពិសេសការរំលោភដីធ្លីរបស់ពលរដ្ឋ និងដីព្រៃរបស់រដ្ឋ។

ជាក់ស្ដែង​កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយ ដោយសម្រេចដកតំណែង​អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌របស់លោក សេង សុវណ្ណារ៉ា ក្រោយពេល​មានវិវាទដីធ្លីជិត២ពាន់ហិកតានៅតំបន់ដែនអភិរក្សក្នុងខេត្តមណ្ឌលគិរី។​

ក្រោយមក អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ​ស ខេង ​សម្រេចដកតំណែងចេញពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរីផងដែរ។

ក្រោយបញ្ចប់មុខតំណែងអស់ លោក សេង សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ហើយតុលាការក៏សម្រេចឃុំខ្លួនលោកជាបណ្ដោះអាសន្ន​។ ជាងមួយឆ្នាំក្រោយមក លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ​ផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ៦ខែ ពីបទ «គប់គិតគ្នារំលោភបំពាន​ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់» នៅខេត្តមណ្ឌលគិរី៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ