ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​តវ៉ា​មុខ​សាលា​សង្កាត់​គោករកា ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​រឿងដីធ្លី

អ្នកភូមិ​​ប្រហែល១០០នាក់ តំណាងឱ្យពលរដ្ឋ​៨៨គ្រួសារ រស់នៅជាប់បឹងតាមោក ក្នុងសង្កាត់​គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាតវ៉ាមុខសាលាសង្កាត់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយសំណងផលប៉ះពាល់ដីធ្លី។ (ផ្ដល់ឱ្យ)

អ្នកភូមិ​អះអាងថា ពួកគាត់​ប្រហែល១០០នាក់ តំណាងឱ្យពលរដ្ឋ​៨៨គ្រួសារ រស់នៅជាប់បឹងតាមោក ក្នុងសង្កាត់​គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាតវ៉ាមុខសាលាសង្កាត់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយសំណងផលប៉ះពាល់ដីធ្លី។

លោក ជ័រ សារិន ដែលអះអាងថា​​ជាតំណាង​ប្រជាពលរដ្ឋ ប្រាប់វីអូឌីថា ដី៧៩ហិកតា​​របស់​អ្នក​ភូមិ​៨៨គ្រួសារដែលនៅ​ជាប់បឹងកប់​ស្រូវ ឬបឹងតាមោក ស្ថិតក្នុងភូមិកប់ស្រូវ សង្កាត់គោករកា ត្រូវ​បានក្រុម​ហ៊ុន​ឯកជនមួយដែលមិនស្គាល់ឈ្មោះ បាន​ធ្វើសកម្មភាពដឹក​ដីចាក់លុប​យក​ធ្វើ​កម្ម​សិទ្ធិតាំង​ពី​ចុង​ឆ្នាំ២០២១ ដោយមិនបានដោះស្រាយផលប៉ះពាល់ឡើយ។

តំណាងពលរដ្ឋរូបនេះអះអាងថា ដីនោះអ្នកភូមិបានចូលទៅអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ដោយធ្វើស្រែប្រាំង ដាំឈូក និងបន្លែបង្ការផ្សេងៗទៀតសម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែពេលនេះដីនោះត្រូវបានចាក់លុប​អស់ប្រហែល៧០ភាគរយទៅហើយ។ 

លោក ជ័រ សារិន ឱ្យដឹងថា កន្លងមក អ្នកភូមិធ្លាប់រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានឱ្យជួយដោះស្រាយដែរ ប៉ុន្តែអាជ្ញាធរពុំមានចំណាត់ការណាមួយឡើយ ទើបពួកគាត់នាំគ្នាមកតវ៉ានៅសាលាសង្កាត់គោករកាម្ដងទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយ។

លោកបន្ថែមថា៖ «ប្រជាជនទៅទាមទារឱ្យគាត់ [ចៅសង្កាត់] បើសិនគាត់អត់មានសមត្ថភាពដោះស្រាយរឿងហ្នឹងទេ សុំឱ្យគាត់បញ្ជូនសំណុំរឿងហ្នឹងទៅថ្នាក់លើទៀត ដោះស្រាយបន្ត ពីព្រោះវាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកយើង។ ចុះបើគេចាក់ដីលុប​គោកអស់ហើយ យើងមិនអត់កន្លែងសម្រាប់រកស៊ី? អ៊ីចឹងសុំឱ្យសម្ដេចដែលជាម្លប់របស់កូនចៅហ្នឹង ជួយអន្តរាគមន៍ បើក្រុមហ៊ុនណាចាក់លុបដី​​ពួកយើងអស់ហើយ សុំដោះស្រាយសំណងជូនពួកយើងផង»

ពលរដ្ឋម្នាក់ទៀត លោក លា សំណាង នៅភូមិកប់ស្រូវតូច អះអាងថា គ្រួសារលោកមានដីទំហំ២ហិកតា ដែលបានចូលអាស្រ័យផលតាំងពីឆ្នាំ១៩៩០ ដោយធ្វើស្រែប្រាំង ដាំឈូក និងដាំបន្លែនៅរដូវទឹកស្រក។ លោកថា ដីនេះត្រូវក្រុមហ៊ុនមួយដែលមិនស្គាល់ឈ្មោះ ធ្វើសកម្មភាពចាក់លុបអស់កាលពីចុងឆ្នាំ២០២១ ហើយបច្ចុប្បន្ន គ្រួសាររបស់​លោកពុំមាន​ដីសម្រាប់បង្កបង្កើនផលទៀតឡើយ។

ពលរដ្ឋរូបនេះបន្តថា រូបលោកនិងពលរដ្ឋផ្សេងទៀតទាមទារឱ្យអាជ្ញាធរដោះស្រាយសំណងជាគោលនយោបាយ ខណៈដីនោះពួកគាត់បានចូលអាស្រ័យផលជាង៣០ឆ្នាំទៅហើយ។

លោកបន្ថែមថា៖ «ការដោះស្រាយដូចអត់តម្លាភាពសោះ អាអ្នកអត់មានដីបែរជាបានលុយ ចំណែកអ្នកមាន​ដីបែរជាអត់បានលុយវិញ។​ អ៊ីចឹង​ពួកយើងទាមទារឱ្យមានការដោះស្រាយជាគោលនយោបាយសម្រាប់ពួកយើង។ បើមិនដោះស្រាយឱ្យទេ ពួកយើងនឹងទៅតវ៉ាដល់លើទៀត»

វីអូឌី មិនអាចសុំការឆ្លើយតបពីចៅសង្កាត់គោករកា លោក សន ស៊ីន បានទេ នៅថ្ងៃនេះ។

ប៉ុន្តែលោកប្រាប់ វីអូឌី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ថាបញ្ហាជម្លោះដីធ្លីនេះហួសពីដែនសមត្ថកិច្ចរបស់លោកក្នុងការដោះស្រាយ។

ចៅសង្កាត់រូបនេះអះអាងថា តំបន់ដីដែលកំពុងរងការចាក់លុបនោះ គឺជាដីរបស់រដ្ឋ ដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ដល់ជូនទៅក្រសួងមួយចំនួន ដើម្បីសាងសង់និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ឯម ខេមរា មានប្រសាសន៍ថា រដ្ឋាភិបាលបានកាត់ដីផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ អស់ជាច្រើនហិកតាទៅឱ្យក្រុមហ៊ុនឯកជន និងអ្នកមានលុយមានអំណាចជាបន្តបន្ទាប់ ដែលការកាត់នេះធ្វើឱ្យមានក្ដីបារម្ភចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម ដូចជា ការបាត់​បង់កន្លែងស្តុក​ឬរំដោះទឹកពីការជន់​លិច​រាជធានីភ្នំពេញ និងប៉ះពាល់ដល់ដីអាស្រ័យរបស់ប្រជាសហគម​ន៍​ក្រីក្រ ជាដើម។

ករណីនេះ លោកបានទទូចទៅអាជ្ញាធរពាក់ព័ន្ធគួរដោះស្រាយបញ្ហានេះតាមនីតិវិធីជូនពលរដ្ឋ ដើម្បីធានាពីសិទ្ធិទទួលបានជីវភាពសមរម្យ ក្រោយពួកគេបាត់បង់ដីអាស្រ័យផល។ លោកថា ប្រសិនបើពុំមានការដោះស្រាយសមស្របណាមួយជូនពលរដ្ឋទេ នឹងអាចកើតមានសកម្មភាពតវ៉ាផ្សេងៗ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះផងដែរ។

លោកបន្ថែមថា៖ «អ្វីដែលសមាគមធាងត្នោតយើងឃ្លាំមើលការអភិវឌ្ឍ​​នៅនឹងបឹងនោះ គឺរដ្ឋាភិបាលបានកាត់ដីជូនក្រុមហ៊ុនឯកជន និងបុគ្គលឯកជនហ្នឹង គឺរដ្ឋកាត់បាន ហេតុអីបានឯកជន​ទាំងហ្នឹង​មាន​សិទ្ធិទទួល​បាន​ដី​សាធារណៈរបស់រដ្ឋ? ចុះហេតុអីបានប្រជាពលរដ្ឋអត់មានសិទ្ធិ​ប្រកបមុខរបរ ឬក៏ទទួលផល ដើម្បី​ចិញ្ចឹមរបស់ពួកគាត់ពីផ្ទៃបឹងតាមោកនេះបាន? អ៊ីចឹងរដ្ឋាភិបាលត្រូវថ្លឹងថ្លែងចំណុចហ្នឹង ពីព្រោះប្រជាពលរដ្ឋក៏គាត់មានសិទ្ធិក្នុងការទទួលបានសិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបការងារ ដែលអ្វីទាំងនេះ រដ្ឋាភិបាល​មានកាតព្វកិច្ចក្នុងការដោះស្រាយជូនពលរដ្ឋ»

​បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោកសរុប​ជាង២ ០០០​ហិកតាហើយត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថា ជាអ្នក​មាន​ប្រាក់និងមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ