មហាសេដ្ឋី​រុស្ស៊ី​មួយរូប​សម្រេច​ដាក់​លក់​ក្លឹប​បាល់ទាត់ Chelsea របស់​ខ្លួន​ស្រប​ពេល​មាន​វិបត្តិ​នៅ​អ៊ុយក្រែន

សកម្មភាពអ្នកគាំទ្រ Chelsea នៅពហុកីឡដ្ឋានមួយ។ (ហ្វេសប៊ុក៖ Chelsea Football Club)

ម្ចាស់ក្លឹបបាល់ទាត់យក្ស Chelsea លោក Roman Abramovich បានឱ្យដឹងថា រូបលោកកំពុងតែដាក់លក់ក្លឹបបាល់ទាត់មួយនេះ បន្ទាប់ពីកាន់កាប់អស់រយៈពេលជិតពីរទសវត្សរ៍ ស្របពេលដែលខ្លួនកំពុងតែរងសម្ពាធពីវិបត្តិរវាងរុស្សី និងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg

មហាសេដ្ឋីដែលបានទិញក្លឹបបាល់ទាត់មួយនេះដំបូងក្នុងឆ្នាំ២០០៣ បានបន្ថែមឱ្យដឹងថា រូបលោកក៏បានណែនាំក្រុមប្រឹក្សាភិបាលឱ្យបង្កើតមូលនិធិសប្បុរសធម៌មួយ ដើម្បីទទួលបានប្រាក់ចំណូលសុទ្ធពីការលក់ក្លឹបរបស់ខ្លួនមួយនេះផងដែរ។

លោក Roman Abramovich បានថ្លែងឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័រក្លឹបបាល់ទាត់ Chelsea ថា៖ «មូលនិធិនេះនឹងត្រូវប្រើប្រាស់ជាប្រយោជន៍ដល់ជនរងគ្រោះទាំងអស់នៃសង្រ្គាមនៅអ៊ុយក្រែន។ វាគឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាកមួយ​ ហើយក៏ជារឿងដែល​ឈឺ​ចាប់បំផុត​ក្នុង​ការ​ចែក​ផ្លូវ​ជាមួយ​ក្លឹបមួយ​​នេះផងដែរ»។

គួរបញ្ជាក់ថា ការប្រកាសដាក់លក់ក្លឹបបាល់ទាត់យក្សមួយនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោង ​​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រីចក្រភព​អង់គ្លេស លោក បូរីស ចនសុន បានចោទជា​សំណួរថាតើហេតុអ្វីបានជាលោក Roman Abramovich មិន​ទាន់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ខណៈដែលអង់គ្លេសបានដាក់ទណ្ឌកម្មលើបុគ្គលនិងស្ថាប័នរុស្ស៊ីជាង១០០មកហើយ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Sky News ក៏បានរាយការណ៍ឱ្យដឹងដែរថា ក្លឹបបាល់ទាត់យក្ស Chelsea របស់លោក Roman Abramovich នេះ ត្រូវបានដាក់លក់​​ក្នុង​តម្លៃប្រមាណ​៣​ពាន់​លាន​ផោន ដែល​ស្មើនឹង៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈដែលអ្នកជំនួញជនជាតិស្វីសមួយរូប លោក Hansjoerg Wyss បានបង្ហើបឱ្យដឹងថា ខ្លួនទទួលបានការផ្ដល់ជូនដើម្បីទិញក្លឹបមួយនេះកាលពីថ្ងៃអង្គារ រួមជាមួយនឹងអ្នកទិញចំនួន៣នាក់ផ្សេងទៀត។

ទាក់ទិនទៅនឹងការដាក់លក់ក្លឹបបាល់ទាត់របស់ខ្លួននេះដែរ លោក Roman Abramovich បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចទៅកាន់កីឡដ្ឋាន Stamford Bridge ជាលើកចុងក្រោយ ដើម្បីជម្រាបលាអ្នកទាំងអស់គ្នាដោយផ្ទាល់ផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ