លោក ញឹក ប៊ុនឆៃ សម្រេច​ទទួល​យក​អតីត​មន្រ្តីជាន់ខ្ពស់​គណបក្សហ្វ៊ុនស៊ិនប៉ិច

លោក ញឹក ប៊ុនឆៃ និងសមាជិកគណបក្សខ្មែររួបរួមជាតិ ក្នុងសមាជមួយកាលពីពេលកន្លងទៅ។ (រូបភាពដោយ៖ ខាន់ លក្ខិណា)

គណបក្សខ្មែររួបរួមជាតិ សម្រេចទទួលយកអតីតមន្រ្តីជាន់ខ្ពស់​គណបក្សហ្វ៊ុន​ស៊ិន​ប៉ិច​មួយ​ចំនួនដែលសុំចូល​​រួម​​​ក្នុង​សកម្មភាពនយោបាយជាមួយគណបក្ស ដែល​ធ្លាប់​ជា​ឈាម​ជ័រ​ក្នុង​រាជា​និយម​ជាមួយ​គ្នា។

អតីតមន្រ្តីជាន់ខ្ពស់មួយចំនួននៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេច​ចាកចេញពី​​បក្ស​​រាជា​​និយម​មួយនេះ ហើយប្រកាសជាផ្លូវការ​ចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ នៅ​ថ្ងៃទី២ ខែមីនា ម្សិលមិញ។ ក្រោយការប្រកាសនេះ អតីត​មន្រ្តីជាន់ខ្ពស់​គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏​បានចេញ​លិខិត​ចំហ​​មួយ​នៅថ្ងៃព្រហស្បតិ៍នេះ ដោយ​​អំពា​​វ​​នាវ​​ឱ្យសមាជិក​នៅថ្នាក់មូលដ្ឋានដែលមាន​ប្រមាណ៤០ម៉ឺន​នាក់នៅទូទាំងប្រទេស​​ចេញ​មក​ចូលរួម​ក្នុងសកម្មភាពនយោបាយ​ជា​​មួយ​គណបក្សថ្មី ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ ផងដែរ។

វីអូឌី ទទួលបានសំឡេង​របស់ប្រធានគណបក្ស​រួបរួមជាតិ និងជា​អតីតមេទ័ពតស៊ូ​នៅ​តាម​ជាយ​ដែន​កម្ពុជា-ថៃ លោក ញឹក ប៊ុនឆៃ ដែល​​អះអាងថា គណ​​បក្ស​​ខ្មែររួបរួមជាតិ បាន​ផ្ដស់​សម្បទា​រួច​រាល់​ហើយជា​សមាជិក​ពេញ​សិទ្ធិ ចំពោះអតីតមន្រ្តីជាន់ខ្ពស់​នៃ​គណបក្ស​​ហ៊្វុន​​ស៊ិ​ន​ប៉ិច​​។ ​​លោក ញឹក ប៊ុនឆៃ មានសុទិដ្ឋិនិយមថា តាមរយៈចរន្តនយោបាយថ្មី និង​ផែន​ការ​យុទ្ធ​សាស្រ្ត ដែល​​​កំពុង​​​​តែរៀ​បចំ​នេះ គណបក្សរបស់លោកនឹងទទួលបានសំឡេងគាំទ្រសម្រាប់​ការ​បោះឆ្នោត​ឃុំ​-សង្កាត់ខាងមុខ​​នេះ​​។

លោកបន្តថា៖ «នៅតាមបណ្ដាខេត្ត គឺបានទំនាក់ទំនង ហើយបានចាប់ដៃជាមួយថ្នាក់ដឹកនាំបក្ស និងបានជួប​ជុំគ្នា​ហើ​យ​​​ បានស្រុះស្រួលគ្នា ដើម្បីរៀបចំបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើយ៉ាងណា​​ឱ្យបាន១០០​ភាគរយនៅ​តាម​​បណ្ដារាជ​​ធានី​ខេត្ត»។

អតីតមន្រ្តីជាន់ខ្ពស់ទាំងនោះ រួមមាន លោក ចាប​ ញ៉ាលីវុធ ដែលត្រូវជាប្អូនសម្ដេច​ក្រុម​ព្រះ នរោត្ដម រណឬទ្ធិ, លោក សាយ ហាក់, លោក ញ៉េប ប៊ុនជិន ដែលអ្នកទាំង៣ ជាអតីតអនុប្រធាន​គណបក្សហ៊្វុន​​ស៊ិនប៉ិច, លោក យឹម សាវី អគ្គលេខាធិការ​គណបក្ស, លោក ផាន់ សិទ្ធី ជាអ្នកនាំពាក្យ, លោក វ៉ាន់ សុផាន់ណា និងលោក ឈឹម ឈន ជាសមាជិកគណៈកម្មាធិការនាយក រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃម្សិលមិញ​ នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ លោក ញ៉េប ប៊ុនជិន បញ្ជាក់ថា បើទោះជាមានវិវាទផ្ទៃក្នុង និងមានចំណុចខ្លះមិនចុះសម្រុង​គ្នា ក៏រូប​លោកនិង​ថ្នាក់ដឹកនាំផ្សេងទៀតនៅតែមានភក្ដីភាពចំពោះគណបក្សរាជានិយម​ហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែលោកថា ការរង់ចាំដើម្បីផ្សះ​ផ្សាភា​ព​ប្រេះឆា​នេះមិនទទួលបានលទ្ធផល ហើយ​ភាគីទំនាស់​ម្ខាង​ទៀតមិនចង់ឱ្យមានការរួបរួមផ្ទៃក្នុងឡើងវិញ ទើបពួកគាត់ត្រូវបង្ខំចិត្តដើរចេញ ហើយ​មកចូលរួមជាមួយគណបក្សរបស់​លោក ញឹក ប៊ុនឆៃ។

លោកបន្តថា៖ «អ្នកជាតិនិយម អ្នកស្នេហាជាតិ ដែលយល់ឃើញថា គណបក្សខ្មែររួបរួមជាតិនេះមាន​ប្រវត្តិចេញពីអ្នកតស៊ូ និងប្រវត្តិចេញពីអ្នករាជានិយមហ៊្វុនស៊ិនប៉ិចដែរ ហើយខំប្រមែប្រមូលអ្នកដែលគេបោះបង់ចោលនេះឱ្យមកនៅក្នុងចង្កោម​នេះ ហើយសូមអញ្ជើញចូលមករួបរួមគ្នា ដើម្បីកសាងការដែលរួបរួមគ្នានេះឱ្យមានអនាគតទាំងអស់គ្នាទៅវិញ»។

អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ថ្លែងថា គណបក្សរាជានិយមមួយនេះមិនដែល​បានបោះបង់សមាជិកណាម្នាក់ទេ ប៉ុន្តែ​​​អតីតមន្រ្តីជាន់ខ្ពស់​ដែល​ដើរចេញហើយទៅរក​ទ្រនំថ្មីនេះ ជាអ្នកដែលធ្លាប់ប្រឆាំងវត្តមានបុត្រាច្បងរបស់ស​ម្ដេចក្រុម​ព្រះធ្វើជាព្រះប្រធានគណបក្ស។ លោកបន្តថា សារនយោបាយ​ដែលអតីតអ្នកនយោបាយចាស់វង្សាទាំង​នោះលើក​ឡើង​ គឺគ្រាន់តែដើម្បីបង្ហាញថាខ្លួនស្អាតស្អំ និងជាជនរងគ្រោះប៉ុណ្ណោះ។

លោកបន្តថា៖ «ថ្មីៗនេះ ពួកគាត់តែងប្រឆាំងចំពោះការតែងតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ហើយថែមទាំងមានពាក្យ​បណ្ដឹងទៅតុលាការ និងទៅក្រសួងមានសមត្ថ​កិច្ចផង។ ហើយថ្មីៗនេះ ព្រះអង្គលោកតែងតែអំពាវនាវទាំងនៅក្នុងអង្គសមាជ ដូចយើងដឹងស្រាប់ហើយ គឺព្រះអង្គអំពាវនាវឱ្យពួកអ្នកនយោបាយ ឬក៏ឥស្សរជនណាដែលមិនសប្បា​​យ​​ចិត្ត ឱ្យ​ត្រលប់មកវិញ»។

យ៉ាងនេះក្ដី លោកបណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិអង្គការ​អភិវឌ្ឍន៍ផ្នត់គំនិត មើលឃើញថា ទាំងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ពិតជាលំបាកក្នុងការកសាងជំនឿចិត្តពីអ្នកគាំទ្រវិញណាស់។ លោកបន្តថា ភាពប្រេះឆានិងខ្វះសាមគ្គីភាពផ្ទៃក្នុង ដែលមាននៅក្នុង​បក្សរាជានិយមមួយនេះ ជាលទ្ធផលបង្ហាញពីភាពបរាជ័យរួចមកហើយក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។

មួយវិញទៀត លោកថា អ្នកនយោបាយ​ដែលទៅសាងទ្រនំថ្មីនេះទៀតសោត ក៏មិនប្រាកដដែរថាអាចនឹងសាងប្រជាប្រិយភាពបានវិញដែរ ព្រោះពួកគេសុទ្ធតែជាអ្នកនយោបាយដែលមិនមែន​ថ្មីទៀត​ឡើយសម្រាប់ពលរដ្ឋនៅមូលដ្ឋាន។

លោកបន្តថា៖ «បើសិនជាគ្មាននយោបាយ ហើយមានជំហរណាមួយដាច់ណាត់ ហើយច្បាស់លាស់ ខ្ញុំនៅតែជឿជាក់ថា ការគាំទ្រនៅក្នុងវិស័យនយោបាយនៅកម្ពុជាពិបាកនឹងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់»។

ដោយមានជម្លោះផ្ទៃបក្ស នៅក្រោយឆ្នាំ២០០៣ គណបក្សហ៊្វុន​ស៊ិនប៉ិច ដែលធ្លាប់ទទួលបានសំឡេង​ឆ្នោត​នៅក្នុងរដ្ឋសភា ក៏ត្រូវបាត់បង់សំឡេងទាំងស្រុង។ ការធ្លាក់ចុះនេះបានកើតឡើង​ជា​បន្តបន្ទាប់​ក្នុងពេលសមាជិកនៅក្នុងគ​ណ​​បក្ស ដូចជា លោក ញឹក ប៊ុនឆៃ ជាដើម ត្រូវបង្ខំ​ចិត្ត​ដើរ​ចេញ ហើយបង្កើតគណបក្សមួយថ្មី។ ដោយមើលឃើញពីការស្រកស្រុត​ការគាំទ្រ អ្នកនយោបាយដែលធ្លាប់ជ្រកក្រោមឆ័ត្រតែមួយ បាន​ព្យាយាមបូកបញ្ចូលគ្នាឱ្យទៅជាកម្លាំង​​រាជានិយមតែមួយឡើងវិញ ប៉ុន្តែបំណងនេះត្រូវបរា​ជ័យ​ម្តង​ហើយម្តងទៀត ដោយសារអ្នកនយោបាយមានទស្សនៈផ្សេងគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ