ក្រសួង​ឱ្យ​ប្រមូល​ផលិតផល​ទឹកដោះគោ​៣ប្រភេទ​ពី​ទីផ្សារ​មកវិញ ក្រោយ​សង្ស័យ​ថា​មាន​ឆ្លងមេរោគ

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានប្រកាសឱ្យ​​ប្រមូលត្រលប់មកវិញ​នូវផលិតផលទឹកដោះគោដែលមាន​​ឈ្មោះ Alimentum, EleCare និង Human Milk Fortifier ក្រោយសង្ស័យថា មាន​ឆ្លង​មេរោគ​ដែលបង្កឱ្យមាន​គ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសចំពោះទារកនិងកុមារតូចៗ។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា ក្រសួង​បាន​ទទួលដំណឹងពី​អាជ្ញាធរ​សុវត្ថិ​ភាព​ចំណី​អាហារ​អន្តរ​ជាតិ (INFOSAN), សេចក្ដីប្រកាសរបស់រដ្ឋបាលឱសថ និងចំណីអាហារសហរដ្ឋអាមេរិក, សេចក្ដីប្រកាសរបស់រោងចក្រផលិតទឹកដោះគោឈ្មោះ អ៊ែបប៊ុត (Abbott) និងលិខិតចុះ​ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រុមហ៊ុន ឌីខេ​អេស​អេច (ខេមបូឌា) អិលធីឌី បានបញ្ជាក់ពីការប្រមូលត្រលប់មកវិញដោយស្ម័គ្រចិត្តនូវផលិតផលទឹកដោះគោម្សៅ ដូចជា Alimentum, EleCare, Human Milk Fortifier ផលិតដោយរោងចក្រឈ្មោះ ស្ទីហ្គីស (Sturgis) រដ្ឋមីស៊ីន សហរដ្ឋអាមេរិក។

ក្រសួងបន្តថា ការប្រកាសឱ្យ​ប្រមូលត្រលប់មកវិញនេះ ក្រោយពីមានការ​​សង្ស័យ​ថា ផលិត​ផល​ទាំងនោះ​​​មាន​​ឆ្លង​មេរោគ​ឈ្មោះ ក្រូណូបាក់​ទែរ​សាកាហ្សាគី (Cronobacter Sakazakii) និង​សាលម៉ូណែលឡា (Salmonella) ក្នុងខ្សែសង្វាក់ផលិតកម្ម។ 

ក្រសួង​បញ្ជាក់ថា៖ «ពពួកមេរោគ ក្រូណូបាក់ទែរសាកាហ្សាគី [Cronobacter Sakazakii] ស្លាប់បាននៅសីតុណ្ហភាព ៧០អង្សាសេឡើង។ ដូច្នេះ ចំពោះមាតាបិតាដែលនិយមរៀបចំ[ធុង]ទឹកដោះគោម្សៅជាមួយទឹកត្រជាក់ដែលមានកម្ដៅទាបជាង៧០អង្សាសេ គឺមានហានិភ័យខ្ពស់ដល់សុខភាពកូន»។

ទោះយ៉ាងណា ក្រសួងថា ប្រទេសកម្ពុជាពុំមាននាំចូលស្របច្បាប់ផលិតផលដែល​សង្ស័យនេះ​ទេ ប៉ុន្តែក្រសួងអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន​ខ្ពស់ក្នុងការប្រើប្រាស់ផលិតផលទឹកដោះ​គោ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ