អ៊ុយក្រែន​ថា​ការចរចា​លើកទី២​ជាមួយ​រុស្ស៊ី​បាន​ព្រមព្រៀង​លើ​ការ​បង្កើត​ច្រករបៀង​មនុស្សធម៌

មន្ត្រីអ៊ុយក្រែននិងរុស្ស៊ី ក្នុងកិច្ចចរចាជុំទី២ ស្ដីពីបទឈប់​បាញ់រវាងអ៊ុយក្រែនជាមួយរុស្ស៊ី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ (ធ្វីតទ័រ៖ Михайло Подоляк)

មន្រ្តីចរចាអ៊ុយក្រែនមួយរូបបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា កិច្ចចរចាជុំទី២ ស្ដីពីបទឈប់​បាញ់របស់ខ្លួនជាមួយរុស្ស៊ី មិនទទួលបានលទ្ធផលច្រើនដូចអ្វីដែលពួកគេបានរំពឹងទុកនោះទេ ប៉ុន្តែភាគីទាំងពីរបានឈានដល់ការយោគយល់គ្នាមួយក្នុងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលចេញ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន លោក Mykhailo Podolyak ដែលបានថ្លែងថា ភាគីទាំងពីរបានគិតគូរអំពីបទឈប់បាញ់ជាបណ្ដោះអាសន្នមួយ ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលទាំងឡាយចេញពីតំបន់។

ប្រភពដដែល​បន្ថែមថា៖ «បទឈប់បាញ់នេះមិនមែនធ្វើឡើងនៅគ្រប់កន្លែងនោះទេ ពោលគឺសម្រាប់​តែទីតាំងដែលមានច្រករបៀងមនុស្សធម៌​ប៉ុណ្ណោះ។ បទ​ឈប់​បាញ់​អាច​នឹង​ត្រូវ​បាន​អនុវត្តក្នុ​ង​អំឡុងរយៈពេលនៃការជម្លៀស»។

ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានឈានដល់ការយោគយល់គ្នាមួយក្នុងការចែកចាយឱសថនិង​ស្បៀងទៅកាន់ទីតាំងដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាផងដែរ។

គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលភាគីទាំងពីរបានយល់ព្រមលើចំណុចមួយចំនួនជាមួយគ្នា គិតចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីសប្ដាហ៍មុន។

ទោះជាយ៉ាងណា លោក Mykhailo Podolyak បញ្ជាក់ថា លទ្ធផលដែលទទួលបានគឺ​មិនច្រើនដូចទៅនឹងអ្វីដែលរុស្សីចង់បានឡើយ។

លោក​​ថា​៖ «​ជារឿងដ៏គួរឱ្យសោកស្ដាយមួយដែលយើង​មិន​​ទទួល​បានលទ្ធផលច្រើនដូចអ្វី​ដែល​យើងបានរំ​ពឹងទុក​»។

លោក Mykhailo Podolyak បន្តថា៖ «រឿងតែមួយគត់ដែលយើងបានពិភាក្សាលម្អិត គឺទាក់ទងនឹងទិដ្ឋភាពមនុស្សធម៌ ដោយ​សារតែទីក្រុងជាច្រើននាពេលបច្ចុប្បន្នត្រូវបានហ៊ុមព័ទ្ធ ហើយតម្រូវការឱសថ អាហារ និងការជម្លៀសចេញ ពិតជាមានសារៈសំខាន់ខ្លាំង»។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពានក្នុងទ្រង់ទ្រាយធំ​របស់​ខ្លួន​មកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុន​ ពោលគឺបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន។

ទោះជាយ៉ាងណា ការឈ្លានពានពីសំណាក់រុស្ស៊ីនេះនៅមិនទាន់សម្រេចបាននូវគោលបំណងរបស់ប្រធានាធិបតីរបស់ខ្លួនក្នុងការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ