ពលរដ្ឋ​មាន​ជំនឿ​លើ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩​របស់​ក្រសួង​សុខាភិបាល​ តែ​ពិបាក​រក​ទិញ

មន្ត្រីក្រសួង​សុខាភិបាល​ចុះ​ត្រួត​ពិនិត្យ​ឱសថស្ថាន​លក់​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ក្រសួង​សុខាភិបាល)

ក្រុម​ពលរដ្ឋ​ដែល​សម្រុក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​ក្រសួង​ប្រៃសណីយ៍​មានជំនឿ​លើ​ប្រសិទ្ធភាព​ថ្នាំ​របស់​ក្រសួង​សុខាភិបាល ក៏ប៉ុន្តែ​ពួកគាត់​ពិបាក​រក​ទិញ​នៅកន្លែង​ផ្សេង​ដែល​មិន​ទាន់​មាន​ការ​ចុះ​បញ្ជិការ​បស់​ក្រសួង​ត្រឹមត្រូវ។

ពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់ កញ្ញា ណាន់ មារ៉ា បានប្រាប់សារព័ត៌មានវីអូឌីនៅថ្ងៃសុក្រថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ នាងបានទៅតម្រង់ជួររកទិញ​ឱសថព្យាបាល​ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនៅឯក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែរ ប៉ុន្តែគេប្រាប់ថា អស់ហើយ។ កញ្ញាបន្តថា ប្រសិទ្ធភាពថ្នាំព្យាបាលជំងឺកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់និងមានការចុះបញ្ជិកាត្រឹមត្រូវរបស់ក្រសួងអាចធានាគុណភាព ទើបកញ្ញានិងពលរដ្ឋជាច្រើនសម្រុក​ទៅទិញនៅក្រសួងប្រៃសណីយ៍។

កញ្ញាថា៖ «តាមការគិតរបស់ខ្ញុំ ខ្ញុំអាចជឿជាក់ថា ថ្នាំហ្នឹងប្រហែលជាខ្ទង់ ៧០ ទៅ ៨០ ភាគរយមានគុណភាព មូលហេតុដោយសារតែមើលទៅថ្នាំហ្នឹង​វាលក់ដាច់​ទី១ ហើយទី២វាពិបាករកទិញហើយវាថ្លៃដែរ ខ្ទង់ ៦៥ដុល្លារ ដូច្នេះអាចគុណភាពល្អហើយ»

កញ្ញា ណាន់ មារ៉ា ជានិស្សិតស្នាក់នៅរាជធានីភ្នំពេញលើកឡើងថា ទោះបីជាថ្នាំព្យាបាល​ជំងឺកូវី-ដ១៩ ហ្នឹងមានតម្លៃថ្លៃបន្តិចនិងពិបាករកទិញពិតមែន ប៉ុន្តែក្រសួងក៏បានយកចិត្តទុកដាក់ទប់ស្កាត់និងការពារដល់សុខភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ជៀសការឆ្លងជំងឺកូវីដ-១៩ ផងដែរ។

កញ្ញាថា៖ «សម្រាប់ខ្ញុំគិតថា វាជាវិធានការមួយដែរ សម្រាប់ឱ្យប្រជាពលរដ្ឋ ពួកគាត់យល់ឃើញថា ក្រសួងក៏បានយកចិត្តទុកដាក់ជាមួយនឹង​រាជរដ្ឋាភិបាល​គិតគូរពីសុខភាពយើងដែរ»

ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះប្រាប់សារព័ត៌មានវីអូឌីថា លោកមានជំនឿទុកចិត្តទៅលើថ្នាំព្យាបាល​ជំងឺកូវីដ-១៩ របស់​ក្រសួងដែលចេញផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir។

លោកថា ទោះបីលោកនឹងប្រជាពលរដ្ឋមិនទាន់ទុកចិត្តទាំងស្រុង ប៉ុន្តែលោកនិងពលរដ្ឋជាច្រើនទៀតបាននាំគ្នាសម្រុកទៅទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ឬឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ដែរ ព្រោះយល់ថា ការណែនាំពីក្រសួងសុខាភិបាលពិតជាត្រឹមត្រូវ ហើយអាចនិងមានប្រសិទ្ធភាពខ្ពស់។

លោកបន្តថា៖ «ប្រសិទ្ធភាពថ្នាំយើងមិនអាចវាស់ស្ទង់បានទេ ជារួមយើងគ្រាន់តែជាអ្នកជំងឺ ហើយនៅក្នុងប្រទេសយើងក៏មិនទាន់មានថ្នាំណា​ដែលគេផ្សាយ​ក្រៅតែថ្នាំហ្នឹងដែរ(Molnuparivir) មានតែថ្នាំហ្នឹងទេ ដែលក្រសួងគេហ៊ានចេញសេចក្តីថ្លែងការណ៍ថា វាអាចព្យាបាលជា ហើយទោះបីយើងមិនសូវទុក​ចិត្ត​ប៉ុណ្ណា តែវាប្រសើរជាងអត់ ទើបខ្ញុំសម្រេចចិត្តទិញវាទៅ»

បុរសរូបនេះស្នើសុំដល់ក្រសួងសុខាភិបាលនិងមន្រ្តីពាក់ព័ន្ធជួយពិនិត្យមើលលើតម្លៃនៃឱសថព្យាបាលជំងឺកូវីដ-១៩នេះផង ព្រោះវាមានតម្លៃថ្លៃដែរ។ លោកថា ពលរដ្ឋនៅតាមជនបទនិងពលរដ្ឋក្រីក្រក៏មានការភ័យខ្លាចជំងឺកូវីដ-១៩ និងពិបាករកទិញដែរ ព្រោះមានតម្លៃថ្លៃ។

លោកបន្តថា៖ «ខ្ញុំគិតថា ជំងឺហ្នឹងមិនមែនរីករាលដាលនៅតែក្នុងទីក្រុងទេ នៅជនបទក៏ដូចគ្នាដែរ ចុះបើតម្លៃវាថ្លៃពេក តើប្រជាពលរដ្ឋយើងអាច​មានលទ្ធភាពក្នុងការប្រើប្រាស់ថ្នាំហ្នឹងអត់? អានឹងរឿងទី១ រឿងទី២ទៀតខាងក្រសួងគួរតែមានវិធានការមួយជាក់លាក់ដើម្បីឱ្យអ្នកដែលប្រើប្រាស់ ​និងអ្នកដែលលក់ថ្នាំហ្នឹង គួរតែកំរិតតម្លៃឱ្យគាត់ត្រឹមត្រូវ ទោះបីក្រសួងចេញសេចក្តីថ្លែងការណ៍ជុំវិញការលក់ហ្នឹងហើយក៏ដោយ ក៏ប៉ុន្តែជាក់ស្តែងអ្នកដែលរកស៊ីគាត់នៅតែលក់ថ្លៃអីចឹង»

ទាក់ទងនឹងបញ្ហានេះ វីអូឌីមិនអាចសុំការបកស្រាយពីលោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលដោយទូរស័ទ្ទចូលជាច្រើងដង ប៉ុន្តែគ្មានអ្នកទទួល។

ដោយឡែកប្រធាន​សមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ប្រាប់សារព័ត៌មានវីអូឌីថា លោកទទួលស្គាល់នូវថ្នាំព្យាបាលជំងឺកូវីដ-១៩​ ឬឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ដែលអ្នកប្រាជ្ញគេរកឃើញ។ ប៉ុន្តែលោកស្នើឱ្យពលរដ្ឋជួយពិនិត្យឱ្យបានត្រឹមត្រូវមុននឹងប្រើប្រាស់។

លោកបន្តថា៖ «ទីយើងត្រូវចូលទៅពិនិត្យ License (អាជ្ញាប័ណ្ណ) របស់គាត់ តើក្រសួងសុខាភិបាលបានបោះត្រានៅលើប្រអប់ថ្នាំហ្នឹងអត់? ទី២ ក្នុងការលក់ហ្នឹងគេមានតម្លៃកំណត់ពីក្រសួងសុខាភិបាល ឬពីក្រសួងហិរញ្ញវត្ថុនិងក្រសួងពាក់ព័ន្ធមួយចំនួនទៀតហើយឬនៅមុនថ្នាំហ្នឹងចូលមក»

ករណីនេះលោក អ៊ូច វុទ្ធី ក៏ស្នើឱ្យក្រសួងសុខាភិបាលនិងក្រសួងពាក់ព័ន្ធជាពិសេសរដ្ឋាភិបាលជួយសម្រួលតម្លៃទីផ្សាសមរម្យដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ ដើម្បីពួកគាត់អាចរកទិញបាននិងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះដែរ។

លោកថា៖ «មានតែប្រមុខរដ្ឋាភិបាលទេ ដែលស្នើសុំថ្នាំអស់ហ្នឹងបាន យកមកជួយបងប្អូនប្រជាពលរដ្ឋយើងក្រីក្រ។ ប្រមុខរដ្ឋាភិបាលហើយនឹងក្រសួង​សុខាភិបាល​ត្រូវមានវិធានការខ្លាំង ដើម្បីឱ្យថ្នាំហ្នឹងអាចស្ថិតនៅក្នុងតម្លៃទាប ពីព្រោះ ថាឈ្មួញដែលឆ្លៀតឱកាសមានបាន គឺមានបាននៅពេលរដូវហ្នឹង ឈ្មួញឆ្លៀតឱកាសគេអត់គិតថា បងប្អូនក្រ បងប្អូនមានអីទេ គេគិតតែធ្វើម៉េចឱ្យតែក្រុមហ៊ុនគេ ឬឱ្យពូជពង្សគ្រួសារគេមានបាន រីកចម្រើន គេមិនគិតថា ប៉ះពាល់ដល់ហិរញ្ញវត្ថុគ្រួសារបងប្អូនទៅថ្ងៃក្រោយទេ»

កាលពីថ្ងៃទី២១ ខែកុម្ភៈ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង​មួយ​ដោយ​​​លើកឡើង​ថា ស្រប​ពេល​កំពុង​មានការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ ក្នុងសហគមន៍ ក្រសួងបានពិនិត្យឃើញមានការ​ចែកចាយនិងផ្សព្វផ្សាយលក់ឱសថ​ប្រឆាំង​វីរុសកូវីដ-១៩ Molnupiravir មួយចំនួន ដូច​ជា MERIPIR 200mg, MERIPIR 400mg, MOLUZEN 800, MOLAZ, MOLUZIR ជាដើម ដែលពុំមានលេខ​ទិដ្ឋាការ ឬបញ្ជិកាពីក្រសួងឡើយ​​ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈនេះ។

ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យឈប់ទិញ និងប្រើប្រាស់ឱសថ Molnupiravir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាខាងលើជាបន្តទៀត ពីព្រោះឱសថទាំងនេះ មិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងបានព្រមានថា ចំពោះជនណាដែលចែកចាយ និងផ្សព្វផ្សាយលក់ឱសថគ្មានលេខទិដ្ឋាការ ឬបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ជាបន្ទាន់៕

អត្ថបទដោយលោក សុត បាន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។