ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរពិបាកក្នុងការរកទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីក្រសួងសុខាភិបាល ខណៈតម្លៃឱសថក៏ឡើងថ្លៃជាលំដាប់។
ពលរដ្ឋមួយរូបនៅរាជធានីភ្នំពេញ កញ្ញា រិទ្ធ ឆាឌី បាននិយាយថា ឱសថព្យាបាលជំងឺកូវីដ-១៩មានតម្លៃថ្លៃ ហើយបើប្រៀបធៀបតម្លៃដែលលក់ដោយក្រសួងប្រៃសណីយ៍ និងនៅឱសថស្ថានដែលកញ្ញាបានទិញនោះ គឺមានតម្លៃខុសគ្នាប្រមាណជា២០ដុល្លារឯណោះ។
កញ្ញា ឆាឌី ពោលថា៖ «ចំពោះយើងដែលមានលទ្ធភាពនៅគិតថា [ឱសថព្យាបាលកូវីដ-១៩] ថ្លៃ ចុះទម្រាំតែអ្នកដែលគ្មានចំណូលហើយត្រូវការថ្នាំហ្នឹងព្យាបាល តើឱ្យគាត់គិតម៉េច?»។
កញ្ញាបានបន្ថែមទៀតថា ដំបូងកញ្ញាក៏បានទៅក្រសួងប្រៃសណីយ៍ដើម្បីទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ដែរ ក៏ប៉ុន្តែនៅពេលដែលទៅដល់ គឺមានមនុស្សច្រើនខ្លាំងពេក ដែលតម្រូវឲ្យឈរតម្រង់ជួរ និងចាំយូរក្នុងរយៈពេលយូរ។ កញ្ញាបានបន្តថា កញ្ញាបានឮផ្ទាល់ត្រចៀកថា មានអ្នកដែលទម្លាក់លុយឲ្យក្រុមពូៗម៉ូតូឌុបចូលទៅឈរតម្រង់ជួរទិញថ្នាំដើម្បីស្តុកទុកថែមទៀតផង។
ក្នុងករណីនេះ វីអូឌី បានទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាលដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។
ចំណែកប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញសុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូឌីថា លោកបានឆ្លងជំងឺកូវីដ-១៩កម្រិតស្រាល។ លោកមិនបានប្រើប្រាស់ឱសថប្រភេទម៉ូលណាទ្រីសដើម្បីព្យាបាលជំងឺនេះទេ ព្រោះលោកយល់ថា វាមានតម្លៃថ្លៃ ហើយបើតាមបទពិសោធ ម្តាយរបស់លោកផ្ទាល់ដែលធ្លាប់ឆ្លងកូវីដ-១៩ ដែរនោះ គឺប្រើតែថ្នាំចិន (Lianhua Qingwen) ក៏បានជាសះស្បើយដែរ។ ដូចនេះលោកគិតថា ប្រសិទ្ធភាពថ្នាំចិនអាចទទួលយកបាន ហើយតម្លៃក៏សមរម្យជាងថ្នាំថ្មីដែលក្រសួងទើបណែនាំឲ្យប្រើនេះដែរ។
អ្នកជំងឺកូវីដ-១៩រូបនេះ បានលើកឡើងថា៖ «ប្រសិនបើមិនចង់ចំណាយច្រើន ប្រើតែថ្នាំធម្មតាក៏ជាដែរ ចុះអ្នកខ្លះលេបតែប៉ារ៉ាផង?»។
លោកមានប្រសាសន៍បែបនេះព្រោះនៅប្រទេសកម្ពុជាមានអ្នកចាក់វ៉ាក់សាំងបានច្រើន ហើយវ៉ាក់សាំងនោះទោះបីវាមិនបានជួយកុំឱ្យមានការឆ្លងជំងឺក៏ពិតមែន ប៉ុន្តែវាបានជួយឲ្យយើងឆាប់ជាពីជំងឺកូវីដ-១៩។
យ៉ាងណាក្តី នៅក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងប្រៃសណីយ៍បានប្រកាសថា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ ប្រអប់ ដល់ ៥ ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញ ពី ១ ប្រអប់ ដល់ ៥០ ប្រអប់។ ប៉ុន្តែដោយសារមានការពន្យាពេលជើងហោះហើរ ដែលដឹកជញ្ជូនឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ក្រសួងបានសម្រេចរក្សាគោលការណ៍ចាស់ដែលបុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ពី ១ប្រអប់ ដល់២ប្រអប់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន។ សូមបញ្ជាក់ផងដែរថា បុគ្គលម្នាក់អាចបញ្ជាទិញសាជាថ្មីយ៉ាងតិច ៧ថ្ងៃ ក្រោយបញ្ជាទិញលើកចុងក្រោយ។
ក្នុងសេចក្តីជូនដំណឹងដដែលនេះ ក៏បានពន្យាពេលចែកចាយឱសថម៉ូលណាទ្រីសជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ហើយមកទល់ពេលនេះក្រសួងប្រៃសណីយ៍ពុំទាន់ធ្វើការបញ្ជាក់ជូនចំពោះកាលបរិច្ឆេទចែកចាយនៅឡើយទេ។
ថ្មីៗនេះ ក្រសួងសុខាភិបាលបានបញ្ជូនភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ចុះណែនាំឱ្យលក់ឱសថប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទម៉ូលណាទ្រី (MOLNATRIS) ដែលមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាលត្រឹមត្រូវ។ បន្ថែមលើនេះ ក្រសួងក៏បានស្រាវជ្រាវរកឱសថខុសច្បាប់នៅតាមឱសថស្ថាន នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា សង្កាត់ផ្សារធំថ្មី៣ ខណ្ឌដូនពេញ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញផងដែរ។
ការចុះត្រួតពិនិត្យ និងណែនាំនេះត្រូវបានធ្វើឡើង បន្ទាប់ពីការថ្លែងក្នុងឱកាសពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើអោយអ្នកលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ទាំងឡាយកុំដំឡើងថ្លៃថ្នាំតាមអំពើចិត្ត។
បន្ថែមលើនេះ ក្រសួងសុខាភិបាលបានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់អោយឈប់ទិញ និងប្រើប្រាស់ឱសថ ម៉ូលណាទ្រី (MOLNATRIS) ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាទៀត ហើយក៏បានព្រមានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះជនណាដែលបន្តនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមផ្លូវច្បាប់ដែលបានចែង៕