ទូត​អាមេរិក​​ថា​ សវនាការ​​របស់​​លោក កឹម សុខា ​នៅតែ​បន្ត​​អូស​​បន្លាយ​​ដោយ​​គ្មាន​​ដំណោះស្រាយ

លោក កឹម សុខា និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​លោក Patrick Murphy ជួបគ្នា កាលពី​រសៀល​ថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២២។ (រូប៖ Twitter Patrick Murphy)

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា សវនាការ​លោក កឹម សុខា ​ ​ដែល​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​នោះ នៅ​តែ​បន្ត​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានសរសេរនៅលើទ្វីធ័រផ្លូវការរបស់លោក កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីលោកជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយលោក កឹមសុខា។

លោក Patrick Murphy បានបញ្ជាក់លើទ្វីធ័រថា៖ «ខ្ញុំរីករាយដែលបានជួប ឯកឧត្តម កឹម សុខា នៅថ្ងៃនេះ។ សវនាការដោយមានហេតុផលនយោបាយ​របស់លោក នៅតែបន្តអូសបន្លាយដោយគ្មានដំណោះស្រាយ។ កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីការស្តារសិទ្ធិនយោបាយ និងសេរីភាពរបស់គាត់ក្នុងការ​ចូលរួម​ក្នុងដំណើរការបោះឆ្នោត»

ចំណែកលោក កឹម សុខា ក៏បានសរសេរនៅលើហ្វេសប៊ុកនាថ្ងៃសៅរ៍នេះដែរថា  ក្នុងជំនួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នារវាងលោក Patrick Murphy ជាមួយលោក កឹម សុខា នោះបានផ្តោតជាសំខាន់ទៅលើដំណើរការសវនាការរបស់លោក កឹម សុខា  ដែលបានអូសបន្លាយយូរ និងអំពីសិទ្ធិសេរីភាព និងលទ្ធភាពរបស់លោក កឹម សុខា ក្នុងការចូលរួមជីវភាពនយោបាយ និងការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ។ ក្រៅពីនេះ ឥស្សរជនទាំងពីរក៏បាន​ពិភាក្សាគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាក្នុងក្របខណ្ឌទ្វេភាគី  តំបន់ និងពិភពលោកផងដែរ។

យ៉ាងណាក៏ដោយ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ធ្វើឡើងស្របពេលសាលាដំបូងរាជធានីភ្នំពេញ​កំពុងបន្តសវនាការសំណុំរឿងលោក កឹម សុខា ក្រោមបទចោទ «គប់គិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា»។

សវនាការកាត់ទោសលោក កឹម សុខា បានចាប់ផ្តើមសាជាថ្មី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំដោយសារតែ​វិបត្តិនៃជំងឺកូវីដ-១៩។ គិតត្រឹមសវនាការនៅថ្ងៃទី២ ខែមីនា កន្លងទៅនេះ គឺជាសវនាការគម្រប់លើកទី៣២ ក្នុងរយៈពេល៤ឆ្នាំមកនេះ ក៏ប៉ុន្តែតំណាង​អយ្យការ និងភាគីដើមបណ្ដឹង ពុំមានភស្តុតាងរឹងមាំណាមួយបញ្ជាក់ថា លោក កឹម សុខា បានគប់គិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ ក្រៅតែពីភស្តុតាងជារូបថត ជាវីដេអូ ដែលជាសកម្មភាពរបស់លោក កឹម សុខា ក្នុងពេលចុះជួបប្រជាពលរដ្ឋនិងអ្នកគាំទ្រនៅក្នុងនិងក្រៅប្រទេសតែប៉ុណ្ណោះ។

ថ្លែងនៅមុនធ្វើដំណើរទៅចូលរួមសវនាការលើកទី៣២ កាលពីព្រឹកថ្ងៃទី២ ខែមីនា លោក កឹម សុខា បានអំពាវនាវឱ្យតុលាការទម្លាក់ចោលការ​ចោទប្រកាន់មកលើរូបលោក និងបានប្រកាសថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីចរចានយោបាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ