បទយកការណ៍៖​ ការ​ប្រើប្រាស់​អក្សរ​បរទេស​សំនៀង​ខ្មែរ​នាំ​ឱ្យ​បាត់បង់​អត្តសញ្ញាណ​និង​មោទនភាពជាតិ​

(ពី​ឆ្វេង​ទៅ​ស្តាំ)​ លោក ដួង សុខគា, ព្រះបញ្ញា​មុនី​ញាណ​ ហាក់ សៀងហៃ និង​លោក​ សំបូរ មាណា្ណរ៉ា សាស្ត្រាចារ្យ​ផ្នែក​ខេមរវិទ្យា​ និង​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា។ (រូប៖ ប៉ា តុងចិន)

អ្នក​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​លើកឡើង​ថា ការ​ប្រើប្រាស់​អក្សរ​ឡាតាំង​ជា​សំនៀង​ខ្មែរ​នៅ​តែ​បន្តកើត​មាន​ច្រើន បើ​ទោះបី​ជា​មាន​កម្មវិធី​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់​ពី​សំណាក់​ព្រះសង្ឃ និង​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ឱ្យ​សរសេរ​ជា​អក្សរ​ខ្មែរ​ក៏​ដោយ។

ជុំវិញវត្តមាននៃអក្សរឡាតាំងជាសំនៀងខ្មែរនេះ អ្នកជំនាញអក្សរសាស្ត្រខ្មែរក៏បានបង្ហាញពីក្តីបារម្ភចំពោះសាធារណៈជន ជាពិសេសយុវជនដែលនៅតែ​ប្រើប្រាស់អក្សរទម្រង់បែបនេះ នៅលើបណ្តាញសង្គម និងការផ្ញើសារទំនាក់ទំនងផ្សេងៗ។ ការបារម្ភនេះ ដោយហេតុអ្នកអក្សរសាស្ត្រលើកឡើងថា ការប្រើ​ប្រាស់​បែបនេះយូរៗទៅធ្វើឱ្យមនុស្សជំនាន់ក្រោយលែងស្គាល់និងលែងឱ្យតម្លៃលើអក្សរសាស្ត្រជាតិ។​

សាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោកសំបូរ មាណា្ណរ៉ា បានមានប្រសាសន៍ថា បច្ចុប្បន្នមានសាធារណជន ជាពិសេសយុវជនជាច្រើន បាននឹងកំពុងប្រើប្រាស់អក្សរឡាតាំងជាសំនៀងខ្មែរ។ លោកថា ការប្រើប្រាស់អក្សរបែបនេះជំនួសឱ្យភាសាខែ្មរ​ ដែលជាភាសាជាតិ​របស់​ខ្លួន ដោយបំប្លែងនូវសូរស័ព្ទជាអក្សរបរទេសផ្សេងៗនៅក្នុងបណ្តាញសង្គម និងនៅក្នុងសង្គមយូរៗទៅ អាចធ្វើឱ្យប្រទេសជាតិយើងរងនូវ​មនោគមវិជ្ជា​ផ្សេងៗ​ ពោលគឺ ចេះតែឈ្លក់វង្វេងក្នុងការប្រើប្រាស់អក្សរបរទេសតាមជាតិសាសន៍ផ្សេង មិនស្គាល់ពីតម្លៃអក្សរសាស្ត្រជាតិ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ឃើញថា ទម្លាប់បែបនេះយូរៗទៅ ធ្វើឱ្យប្រទេសយើងនឹងលិចលង់ផុងនៅក្នុងមនោគមវិជ្ជានៃការបាត់បង់អក្សរជាតិរបស់​យើង ហើយអ្នកបាត់បង់ដំបូងបំផុតនោះ គឺអ្នកជំនាន់ក្រោយរបស់យើង កូនៗរបស់យើង ក្មេងៗនឹងអាចរៀនសូត្រតាម មិនស្គាល់តម្លៃគ្រឹះនៃអក្សរសាស្ត្រជាតិ​របស់ខ្លួន»

សាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្ររូបនេះ បានបន្ថែមទៀតថា បើនៅតែបន្តការប្រើប្រាស់​អក្សរឡាតាំងជាសំនៀងខ្មែរបែបនោះតទៅទៀត នោះយុវជនជំនាន់ក្រោយៗនឹងអនុវត្តតាម ហើយកាន់តែឃ្លាតឆ្ងាយពីអក្សរជាតិខ្លួនឯងបន្តិចម្តងៗ។

លោកថា៖ «កាលណាយើងនៅតែប្រើអ៊ីចឹងទៀត អ្នកជំនាន់ក្រោយរបស់យើងនឹងវង្វេងនៅក្នុងវិបត្តិនៃអក្សរសិល្ប៍និងអក្សរសាស្ត្រ ហើយកូនចៅរបស់យើងនឹង​ភ្លេច​គិតភ្លេចគូរពីបញ្ហាអភិរក្សនៃធនធានដូនតារបស់ខ្លួន»

ជាមួយគ្នា លោក ដួង សុខគា សិល្បៈករពហុជំនាញ និងត្រូវបានគេស្គាល់ថា មានចំណេះដឹងជ្រៅជ្រះផ្នែកអក្សរសាស្រ្តខ្មែរ ក៏បានបង្ហាញការព្រួយបារម្ភដែរថា កាលណាបើនៅតែបន្តបែបនោះទៀត នោះទៅថ្ងៃមុខ ប្រធានបទនៃការសរសេរអក្សរឡាតាំងជាសំនៀងខ្មែរនេះនឹងកាន់តែធំទៅៗ ពិបាកវែកញែកឱ្យដាច់​ស្រឡះ ហើយជាពិសេសយុវជនជំនាន់ក្រោយនឹងអនុវត្តតាមដែរ។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើយើង ជាពិសេសក្មួយៗយុវជនយុវតីទម្លាប់សរសេរតាមគ្នាដោយមូលហេតុផ្សេងៗ ខ្ញុំគិតថាថ្ងៃក្រោយទៅគឺនឹងអាច​មានការ យល់ឃើញច្របូកច្របល់យល់ច្រឡំ ហើយនឹងជជែកគ្នាមិនដាច់សម្រាប់ក្មេងៗក្រោយទៀត។ បើយើងដាច់ស្រឡះ វែកញែកពីឥឡូវទៀតកុំឱ្យមាន​ការ​សរសេរ​អញ្ចឹងគឺថ្ងៃក្រោយទៅវាបាត់ហើយ»

ស្រដៀងគ្នានេះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា និងជានាយកប្រតិបត្តិអង្គការ​ពុទ្ធសាសនា​​ដើម្បីការអប់រំនៃកម្ពុជាបានមានសង្ឃដីកាថា ការប្រើប្រាស់អក្សរឡាតាំង គឺអាចសរសេរនៅក្នុងបែបបទប្រកបជាឈ្មោះ ប៉ុន្តែបច្ចុប្បន្ន យុវជនបែរជាប្រើប្រាស់អក្សរឡាតាំងនេះដើម្បីទំនាក់ទំនងគ្នា ដែលនេះផ្ទុយពីបែបបទ ហើយក៏មិនមានក្នុងវចនានុក្រមដែរ។ ព្រះតេជគុណបន្ថែមថា ការធ្វើដូច្នេះ គឺបានឆ្លុះបញ្ចាំងពីការមិនមានភាពខ្វាយខ្វល់ពីអក្សរជាតិខ្មែរ ប៉ុន្តែងាកទៅច្បាមយកអក្សរបរទេស និងបំប្លែងទៅជាអក្សរដែលគ្មាន​ទម្រង់ទទួលស្គាល់ច្បាស់លាស់។

ព្រះតេជគុណមានសង្ឃដីកាថា៖ «ភាសារបស់យើង ហើយយើងមិនសូវឱ្យតម្លៃអញ្ចឹងទៅវាមានភាពច្របូកច្របល់ មិនមានតម្លៃនៃអក្សរជាតិយើងក្នុង​នាមជាខ្មែរ ហើយទៅមុខទៀត យើងប្រឈមនឹងហានិភ័យផ្សេងៗអំពីតម្លៃនៃអក្សររបស់យើងហ្នឹង»

ព្រះបញ្ញាមុនីធម្មញាណ បន្តថា ការប្រើប្រាស់អក្សរឡាតាំងជាសំនៀងខ្មែរនេះទៀតសោត មិនត្រឹមតែប៉ះពាល់ដល់តម្លៃអក្សរសាស្ត្រជាតិរបស់ខ្លួននោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្លួនឯងផ្ទាល់ដែរ ដោយសារតែការប្រើប្រាស់អក្សរទម្រង់នេះយូរៗទៅ នឹងធ្វើឱ្យបុគ្គលនោះ ភ្លេចភ្លាំងការសរសេរអក្សរ​ជាតិរបស់ខ្លួន។

ក្នុងនាមជាអ្នកអប់រំតាមរយៈវីដេអូ និងកម្មវិធីជជែកពិភាក្សាផ្សេងៗនៅលើបណ្តាញសង្គម ព្រះតេជគុណ ហាក់ សៀងហៃ សង្កេតឃើញថា បច្ចុប្បន្ននេះ មិនមែនមានតែអក្សរឡាតាំងជាសំនៀងខ្មែរនេះទេដែលមានកំហុសឆ្គង ជាក់ស្តែងការសរសេរអក្សរខ្មែរក៏មានសាធារណជនជាច្រើន ដែលសរសេរអក្សរជាតិ​ខ្លួនឯងមិនត្រូវអក្ខរាវិរុទ្ធដែរ។

ព្រះតេជគុណមានសង្ឃដីកាថា៖ «រាល់ថ្ងៃមិនមែនតែអក្សរឡាតាំងជាសំនៀងខ្មែរទេ សូម្បីតែអក្សរសាស្រ្តខ្មែរ អក្ខរាវិរុទ្ធអីខុសច្រើនណាស់»

ព្រះបញ្ញាមុនីធម្មញាណ ហាក់ សៀងហៃ បានគូសបញ្ជាក់ថា អក្សរសាស្ត្រ គឺជាអត្តសញ្ញាណមួយដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងអរិយធម៌ ដូច្នេះហើយយុវជន​គួរតែចូលរួមថែរក្សានូវអត្តសញ្ញាណជាតិរបស់ខ្លួន។ មួយវិញទៀត ក្នុងនាមជាខ្មែរ ត្រូវតែចេះប្រើប្រាស់​នូវអក្សរជាតិរបស់ខ្លួនឱ្យបានច្បាស់ទាំងការសរសេរ និងការនិយាយជាដើម។ ព្រោះប្រសិនបើ ក្នុងនាមជាម្ចាស់អក្សរសាស្ត្រ ហើយបែរជាសរសេរអក្សរជាតិខ្លួនឯងមិនត្រឹមត្រូវអក្ខរាវិរុទ្ធ នោះតម្លៃអក្សរសាស្រ្តជាតិ​កាន់តែធ្លាក់ចុះ ចំណែកបរទេសក៏ពុំសូវឱ្យតម្លៃផងដែរ។

ទន្ទឹមនោះ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា យុវជនបច្ចុប្បន្នហាក់ដូចជាព្រងើយកន្តើយច្រើនជាមួយនឹងអក្សរសាស្ត្រជាតិរបស់ខ្លួន ពោលគឺ មិនសូវជាបានយល់ច្បាស់ពីការប្រើប្រាស់ និងការសរសេរជាដើម។ លោកបង្ហើបថា និស្សិតដែលលោកបាននឹងកំពុងបង្រៀនមានរាប់រយនាក់ ក្នុងនោះមាន​ស្ទើរ​តែ​ពាក់កណ្តាលហើយ ដែលសរសេរអក្សរខ្មែរមិនត្រូវអក្ខរាវិរុទ្ធ និងមិនត្រូវវេយ្យាករណ៍ខ្មែរ។

លោកបង្ហើបថា៖ «ខ្ញុំបង្រៀនសិស្សរាល់ថ្ងៃ បើទោះបីជាមានជំងឺកូវីដ-១៩នេះ អនឡាញនេះ មានសិស្សនៅក្នុងដៃជាប់៥០០នាក់ ដែលខ្ញុំបង្រៀនរាល់ថ្ងៃ ប៉ុន្តែខ្ញុំឱ្យគេសរសេរខ្មែរមក ខ្ញុំឃើញគេខុសច្រើនណាស់»

សាស្ត្រាចារ្យដែលមានបទពិសោធន៍បង្រៀននិស្សិតជាង៤០ឆ្នាំរូបនេះ បានគូសបញ្ជាក់ដែរថា ការដែលលោកលើកឡើងពីផលប៉ះពាល់នៃការ​សរសេរអក្សរ​ឡាតាំងនេះ មិនមែនមានន័យថាស្អប់អក្សរបរទេស ឬមិនចង់ឱ្យមានការសរសេរជាភាសាបរទេសទេ ប៉ុន្តែលោកចង់ឃើញថាការ​សរសេរភាសាណាមួយ​ឱ្យបានត្រឹមត្រូវ។​

លោកសាស្ត្រាចារ្យថា៖ «បើសិនជាយើងអាចធ្វើបានសូមនាំគ្នាពង្រឹងឡើងវិញ យើងនាំគ្នាប្រឹងប្រែងជួយថែរក្សាភាសាជាតិ និយាយភាសាអង់គ្លេសចុះ ប្រើប្រាស់ភាសារអង់គ្លេសចុះ អង់គ្លេសឱ្យចំអង់គ្លេស បារាំងឱ្យចំបារាំង ចិនឱ្យចំចិន យួនឱ្យចំយួន អត់អីទេព្រោះយើងចេះភាសា យើងអាចនិយាយបាន​ដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងពាណិជ្ជកម្មការធ្វើជំនួញ»

ក្នុងវ័យ៦៥ឆ្នាំ សាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រលោកសំបូរ មាណ្ណារ៉ា បានរំលឹកពីប្រវត្តិសាស្ត្រខ្លះៗថា កាលពីសម័យអាណានិគមបារាំងៗបាន​ព្យាយាម​ធ្វើឱ្យភាសាឡាតាំងលប់​លើ​តំបន់ឥណ្ឌូចិនទាំងមូល។ លោកថា ទោះជាបារាំងបានព្យាយាមគៀបសង្កត់ និងចង់បំបាត់អក្សរខ្មែរ ប៉ុន្តែដូនតាខ្មែរបាន​ខិតខំតតាំង​មិនឱ្យលុបបំបាត់ភាសាជាតិរបស់ខ្លួនបានឡើយ។ ដោយឡែក លោកថា ចំពោះវៀតណាមវិញ ទំនងជាចង់បានភាពជឿនលឿនជាមួយ​នឹងវប្បធម៌​បរទេស ដោយព្រមទទួលយកការប្រើប្រាស់អក្សរឡាតាំង ឬអាចដោយសារការគៀបសង្កត់ពីសំណាក់បារាំងខ្លាំងពេក ទើបធ្វើឱ្យវៀតណាមត្រូវបាត់បង់អក្សរ​សាស្ត្រ​ជាតិខ្លួនឯង។

លោកឱ្យដឹងថា៖ «ព្រះសង្ឃខ្មែរ បញ្ញវន្តខ្មែរលោកបានតតាំងតាំងពីឆ្នាំ១៨៤១, ១៩៤១ តតាំងមិនឱ្យប្តូរទេ កាលណាអក្សរខ្មែរនៅតែអក្សរខ្មែរ ព្យាង្គខ្មែរ​នៅតែ​ព្យាង្គខ្មែរ សរសេរជាខ្មែរអញ្ចឹង អត់ប្តូរទៅជាអក្សរឡាតាំងទេ»

ផ្ទុយទៅវិញ លោកសាស្ត្រាចារ្យបន្ថែមថា យុវជនបច្ចុប្បន្ននេះពុំមាននរណាបង្ខំទេ ប៉ុន្តែគឺមានទំនោរទៅរកភាសាបរទេសនិយមដោយខ្លួនឯង។

លោកថា៖ «អត់មានអ្នកណាបង្ខំយើងទេឥឡូវនេះ គឺយើងទៅជាមួយគេឯង ហើយយើងទទួលយកសម្ភារនិយម យើងទទួលយកផលដែលចេញពីសម្ភារនិយម​ទៅ​រកបរទេសនិយម រហូតដល់ភាសានិយមទៀត»

បើតាមសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្របានរំលឹកឱ្យដឹងថា យុវជនជំនាន់លោក ពុំមាននរណាដែលហ៊ានប្រើប្រាស់អក្សរឡាតាំងជាសំនៀងខ្មែរ ដូចយុវជនបច្ចុប្បន្ននោះទេ។

លោកសំបូរ មណ្ណារ៉ា៖ «ខ្ញុំឃើញថា គេនៅខ្ចី គេនៅមិនទាន់រឹងមាំជាមួយភាសាជាតិរបស់ខ្លួនណាស់ ប៉ុន្តែគេពូកែណាស់ក្នុងការប្រើភាសាបរទេស និងឱ្យ​តម្លៃ។ ខ្ញុំសូមជម្រាបថា ក្នុងប្រវត្តិសាស្ត្រយុវជនខ្មែរសម័យខ្ញុំ (ទសវត្ស៥០-៦០) គឺមិនមែនមានអ្នកណាម្នាក់ហ៊ានប្រើបែបនឹងទេ»

តាមរយៈឯកសារអក្សរសាស្ត្រខ្មែររបស់អ្នកនិពន្ធ លី ធាមតេង ដែលបានបោះពុម្ភផ្សាយលើកទី២ ដោយបណ្ណាគា សេង ងួនហ៊ួត នៅក្នុងគ្រិស្តសករាជ១៩៦០ នៅត្រង់ទំព័រទី១៣ បានកត់ត្រាថា ខ្មែរមានភាសាប្រចាំជាតិយូរអង្វែងណាស់មកហើយ តាំងពីមុនសម័យកាលប្រវត្តិសាស្ត្រមកម្ល៉េះ។ ចំពោះអក្សរវិញ បានចាប់កំណើតនៅក្នុងសតវត្សរ៍ទី២ នៃគ្រិស្តសករាជ ដោយបុព្វបុរសខ្មែរនៅសម័យនោះបានយកលំនាំទម្រង់អក្សររបស់ឥណ្ឌាមកកែច្នៃ រហូតបានមកជាភាសាខ្មែរ ដែលមានលក្ខណៈពិសេសជាអក្សររបស់ជាតិខ្លួនពិតៗ។

បើតាមឯកសារវេយ្យាករណ៍ភាសាខ្មែររបស់លោក ចច ម៉ាស្ពេរ៉ូ ជាអ្នកស្រាវជ្រាវជនជាតិបារាំង បានសរសេរថា អក្សរខ្មែរតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ មានការវិវត្តចំនួន ១០លើក រួចមកហើយ ដោយអក្សរសាស្ត្របែបបច្ចុប្បន្ននេះ គឺបានវិវត្តន៍ក្រោយឆ្នាំ១៩០២ នៃគ្រិស្តសករាជ។

លោក ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា លោកមិនទាន់អាចនិយាយពីបញ្ហានេះបាននៅឡើយទេ ដោយទាល់តែស្រាវ​ជ្រាវ​ពីឯកសារជាក់ស្តែងជាមុនសិន ខណៈដែលបច្ចុប្បន្នលោកមិនទាន់បានមើលពីឯកសារនោះនៅឡើយ។

លោក ដួង សុខគា បានគូសបញ្ជាក់បន្ថែមថា សម្រាប់ដំណោះស្រាយក្នុងការកាត់បន្ថយ និងលុបបំបាត់ការប្រើអក្សរឡាតាំងជាសំនៀងខ្មែរនេះ​ កត្តាសំខាន់ គឺការរួបរួមគ្នា។ ការរួបរួមគ្នាមានន័យថា សាធារណៈជនទាំងអស់ត្រូវចូលរួមក្នុងការសរសេរអក្សរជាតិ និងឱ្យតម្លៃចំពោះអ្នកដែលសរសេរអក្សរជាតិ ដើម្បីឱ្យ​ពួកគេមានទឹកចិត្ត និងអ្នកដទៃទៀតយកគំរូរតាម។

លោកបញ្ជាក់ថា៖ «សម្រាប់ការបញ្ឈប់បានទាល់តែបងប្អូនយើងទាំងអស់រួមគ្នា និងឱ្យតម្លៃលើអ្នកដែលខំប្រឹងផ្សព្វផ្សាយ ឬអ្នកដែលយកចិត្តទុកដាក់លើ​អក្សរសាស្ត្រហ្នឹង យើងគួរនាំគ្នាបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យតម្លៃ លើកទឹកចិត្ត អញ្ចឹងទៅអ្នកដទៃឃើញមានតម្លៃគេធ្វើតាមហើយ ប៉ុន្តែសំខាន់គឺរួមគ្នាៗ​ទាំងអស់»

ចំណែកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា បានបញ្ជាក់ថា ដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ការប្រើប្រាស់អក្សរខុសនូវស្តង់ដារ និងអក្ខរាវីរុទ្ធនេះ អ្នកដែលមានកាតព្វកិច្ចសំខាន់ចូលរួមមានដូចជាក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន គឺដើម្បីចូលរួមអប់រំ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ ជាងនេះ​ទៅទៀត ឪពុកម្តាយ សាច់ញាតិ លោកគ្រូអ្នកគ្រូ និងមិត្តភក្តិជាដើម ត្រូវអប់រំណែនាំ បង្ហាត់បង្រៀន និងកែតម្រូវ និងត្រូវបង្ហាញនូវឯកសារយោង ដើម្បីឱ្យ​កាន់​តែច្បាស់។ ជាពិសេសគឺ«កុំមើលបំណាំ កុំដាំបំណុល» មានន័យថា កុំព្យាយាមចាប់កំហុសរបស់អ្នកដទៃ ប៉ុន្តែបែរមកជួយពន្យល់ណែនាំឱ្យមកត្រូវវិញ និងព្យាយាមកែប្រែនូវកំហុសពេលដែលអ្នកដទៃប្រាប់ និងពេលដែលដឹងពីកំហុសរបស់ខ្លួន។

លោកសាស្ត្រាចារ្យ បានគូសបញ្ជាក់ជាថ្មីថា កាលពីមុនមានបរទេសមកបង្ខំឱ្យខ្មែរប្រើប្រាស់ភាសាបរទេសជំនួសភាសាខ្មែរ ប៉ុន្តែបច្ចុប្បន្ននេះ គ្មានបរទេសណា​មក​បង្ខំខ្មែរឱ្យដើរចេញពីអក្សរជាតិដូចកាលពីសម័យមុនៗទេ ប៉ុន្តែខ្មែរយើងជាអ្នកធ្វើដោយខ្លួនឯង។

លោកមានប្រសាសន៍ថា៖ «យុវជនសម័យទំនើប​លង់ខ្លួនជាមួយភាសាបរទេស ឱ្យតម្លៃភាសាបរទេសជាជាងភាសាជាតិរបស់ខ្លួន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ