«ម្ដាយខ្ញុំចាស់ហើយ! ខ្ញុំចង់ឱ្យគាត់បាននៅផ្ទះក្រោមអ៊ីចឹងហា៎! សព្វថ្ងៃហ្នឹង ខ្ញុំខំប្រឹងដើម្បីមើលថែទាំម្ដាយខ្ញុំ មុនពេលដែលគាត់ឃ្លាតឆ្ងាយពីខ្ញុំទៅ»។
នេះជាការលើកឡើងរបស់ស្រ្តីម្នាក់ដែលជាអ្នកប្រកបរបររត់កង់បីឥណ្ឌាប្រចាំការពេលយប់ នៅម្ដុំផ្សារទំនើបអូឡាំព្យា និងទីតាំងក្បែរៗនោះ។
នៅវេលាម៉ោងប្រមាណជា៩ព្រឹក សំឡេងយានយន្តទៅមកយ៉ាងហូរហែនៅតាមបណ្ដោយផ្លូវឧកញ៉ាទេពផន ទល់មុខនឹងផ្សារទំនើបអូឡាំព្យា ស្រី្តមាឌតូចល្អិតម្នាក់កំពុងអង្គុយលើកង់បីឥណ្ឌា ពាក់អាវផ្កាពណ៌ប្រផេះលាយលឿង និងពាក់មួកពណ៌បៃតង បានឱ្យដឹងថា អ្នកស្រីឈ្មោះ សុខ លាភ មានអាយុ៥០ឆ្នាំ សព្វថ្ងៃប្រកបរបរជាអ្នករត់កង់បី។
អ្នកស្រី សុខ លាភ បានឱ្យដឹងទៀតថា អ្នកស្រីមានស្រុកកំណើតនៅខេត្តកំពង់ចាម ប៉ុន្តែបានផ្លាស់ប្ដូរមករស់នៅរាជធានីភ្នំពេញជាមួយម្ដាយតាំងពីឆ្នាំ១៩៩៣មក។ បច្ចុប្បន្ន ស្នាក់នៅផ្ទះផ្ទាល់ខ្លួន ស្ថិតក្នុងសង្កាត់អូ៥ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយស្នាក់នៅជាមួយនឹងសមាជិកគ្រួសារ២នាក់ទៀត គឺក្មួយស្រី និងម្ដាយបង្កើតវ័យ៧៧ឆ្នាំ ខណៈអ្នកស្រីមិនមានកូនចៅនិងស្វាមីនោះទេ។
និយាយបណ្ដើរយកដៃទាញម៉ាសឡើងបណ្ដើរ ស្រ្តីវ័យ៥០ឆ្នាំរូបនេះបានបង្ហើបថា អ្នកស្រីបានចាប់យករបររត់កង់បីនេះរយៈពេលជិត៤ឆ្នាំមកហើយ។ សម្រាប់ការជ្រើសរើសយករបរនេះ ដោយសារតែមិនមានជម្រើសអ្វីផ្សេងក្រៅពីនេះ ស្របពេលដែលអ្នកស្រីក៏ធ្លាប់ប្រកបរបរលក់ទឹកសុទ្ធនិងភេសជ្ជៈតាមរ៉ឺម៉កដែរ ប៉ុន្តែមិនសមប្រកបនោះទេ ដូច្នេះក៏សម្រេចចិត្តលក់រ៉ឺម៉កនោះវិញ។ មួយរយៈក្រោយមក អ្នកស្រីក៏ជ្រើសរើសយករបររត់កង់បីនេះ ដោយបានផ្សែផ្សំលុយដែលខ្លួនមានខ្លះនិងខ្ចីគេខ្លះ ដើម្បីទិញកង់បីឥណ្ឌាមួយក្នុងតម្លៃជាង៣ ៨០០ដុល្លារ។
អ្នកស្រីថា៖ «អត់មានជម្រើសផង ខ្ញុំចាប់យករបររត់តុកតុកហ្នឹងទៅ»។
អ្នកស្រី សុខ លាភ និយាយថា ជាធម្មតា អ្នកស្រីមិនចេញរត់កង់បីនេះចាប់ពីពេលព្រឹករហូតដល់ល្ងាចដូចអ្នកដទៃទៀតទេ ប៉ុន្តែចាប់ផ្ដើមចេញដឹកភ្ញៀវចន្លោះពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១០ព្រឹក ទើបត្រលប់ចូលផ្ទះ ហើយជំនួសវិញដោយការសម្រាន្តពេលថ្ងៃ។ ការចេញដឹកភ្ញៀវរយៈពេលប្រមាណជា១៦ម៉ោងនេះ អ្នកស្រីថា អាចរកប្រាក់បានជិត១០ម៉ឺនរៀលក្នុងមួយថ្ងៃ ប្រសិនបើមានភ្ញៀវហៅជិះច្រើន ប៉ុន្តែបើសិនជាពុំសូវមានទេ នោះអាចបានចន្លោះពី២ទៅ៤ម៉ឺនរៀលប៉ុណ្ណោះ។
អ្នកស្រីថា៖ «តាមធម្មតា អ៊ំរត់ហ្នឹង[កង់បី] ចេញម៉ោង៤ល្ងាចរហូតដល់ម៉ោង៩ឬ១០ព្រឹកវិញ។ ថ្ងៃណាអត់ភ្ញៀវសោះអ៊ីចឹង ជួនអីបាន៤ម៉ឺន ៣ម៉ឺន ២ម៉ឺន[រៀល]ក៏មានដែរ របរនេះអត់ទៀងទេ»។
ស្ត្រីវ័យកណ្ដាលរូបនេះបានបន្តដោយសម្ដីមួយៗថា ការត្រលប់ចូលផ្ទះវិញនៅម៉ោងប្រមាណជា១០ព្រឹកនេះ គឺអ្នកស្រីមិនបានសម្រាករហូតដល់ម៉ោង៤ល្ងាចវិញនោះទេ ពោលគឺថ្ងៃខ្លះសម្រាកបានតែ១ឬ២ម៉ោងប៉ុណ្ណោះ ដោយសារមានភ្ញៀវហៅទៅយកអីវ៉ាន់។ មូលហេតុដែលអ្នកស្រី សុខ លាភ សម្រេចរត់កង់បីពេលយប់ ដោយសារតែពេលយប់អាចដឹកភ្ញៀវបានច្រើនជាងពេលថ្ងៃ។

និយាយទាំងទឹកមុខក្រៀមក្រំ អ្នកស្រីថា ការខិតខំស្ទើរតែគ្មានពេលសម្រាក និងពេលខ្លះត្រូវអង្គុយចាំដឹកភ្ញៀវទាំងឈឺនោះ ដោយសារតែត្រូវការចំណាយច្រើនលើបំណុល ដូចជា ថ្លៃបង់រម្លស់កង់បី ថ្លៃបង់រម្លស់ផ្ទះល្វែង។
អ្នកស្រីថា៖ «តែរកអត់បាន យើងភ័យណាស់! ឈឺម៉េចក៏នៅមកសំកុកចាំភ្ញៀវដែរ។ តស៊ូណាស់! ធម្មតាយើងជំពាក់គេ បើយើងមិនតស៊ូ អត់បានលុយបង់ឱ្យគេគ្រប់ទេ»។
អ្នកស្រី សុខ លាភ បន្តថា ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ពុំសូវជារកចំណូលបាននោះទេ ដោយសារតែមានអ្នករត់កង់បីច្រើន ហើយមិនសូវជាមានភ្ញៀវបរទេសជិះ។ អ្នកស្រីរំឭកថា កាលពីមិនទាន់មានជំងឺកូវីដ-១៩ អាចដឹកភ្ញៀវបានចន្លោះពី២០ទៅ៣០នាក់ក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្ននេះបានត្រឹមចន្លោះ១០នាក់ឬតិចជាងនេះប៉ុណ្ណោះ។
និយាយបណ្ដើរយកដៃដោះជ្រងសក់បណ្ដើរ ស្រ្តីអ្នករត់កង់បីដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ បានឱ្យដឹងថា ការប្រកបរបរដឹកភ្ញៀវពេលយប់នេះ គឺអ្នកស្រីមានការព្រួយបារម្ភជាខ្លាំង ព្រោះត្រូវបើកកង់បីដឹកភ្ញៀវពេញមួយយប់ម្នាក់ឯង ហើយពេលខ្លះធ្លាប់មានភ្ញៀវប្រាប់ឱ្យជូនទៅពីមួយកន្លែងទៅកន្លែង រួចក៏គេចបាត់ មិនឱ្យលុយ។
អ្នកស្រី សុខ លាភ និយាយថា៖ «បារម្ភដែរ ប៉ុន្តែយើងដឹងធ្វើម៉េច យើងមើលគេម៉េចដឹងថាគេមានលុយឬអត់លុយ គេមនុស្សយ៉ាងម៉េច បើគេហៅយើង ជិះយើង មិនទៅមិនកើត។ ពេលខ្លះជួបភ្ញៀវប្រើឱ្យយើងដឹកទៅលិចទៅកើតសព្វមុខទៅ ក៏គេគេចទៅបាត់ទៅ»។
អ្នកស្រី សុខ លាភ បានរំឭកដែរថា នៅពេលដែលចាប់អាជីពនេះដំបូង មានថ្ងៃមួយអ្នកស្រីវង្វេងរកផ្លូវមកផ្ទះមិនឃើញ ហើយថ្ងៃខ្លះដឹកភ្ញៀវបានតែម្នាក់ក៏មានដែរ។ កាលនោះ ក៏មានការនិយាយពីមាត់មួយទៅមាត់មួយពីមនុស្សជុំវិញខ្លួន ជាពិសេសអ្នកជិតខាងថា អ្នកស្រីចាស់ហើយហេតុអ្វីមិនរករបរផ្សេង ម្ដេចសុខចិត្តចាប់អាជីពរត់កង់បីដែលជាការងារបុរសទៅវិញ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា ការងាររត់កង់បីនេះមិនមែនជារឿងចម្លែកទេ សំខាន់ឱ្យតែមានការតាំងចិត្ត មិនថាប្រុសឬស្រីទេធ្វើបានទាំងអស់។
អ្នកស្រីថា៖ «ខ្ញុំវាមិនចម្លែកទេ បុរសគេប្រឹងធ្វើបាន យើងក៏អាចធ្វើបាន៦០ទៅ៧០ភាគរយបានដែរ។ កត្តាផ្លូវចិត្តយើងជំរុញខ្លាំង ម្ល៉ោះហើយតែយើងចង់ខ្លាំងហើយ យើងទៅហើយ ទោះមានឧបសគ្គអីក៏ជម្នះបានដែរ»។
សំឡេងយានយន្តទៅមកហូរហែ អ្នកស្រី លាភ បាននិយាយទាំងមិនរុញរាថា ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃក្នុងការរត់កង់បីនេះ ដោយសារតែត្រូវការចំណាយលើការហូបចុក និងព្យាបាលជំងឺម្ដាយ។ ទន្ទឹមនោះ ខ្លួនក៏មានក្ដីស្រមៃមួយចង់ធ្វើសម្រាប់ជីវិតចុងក្រោយរបស់ម្ដាយដែរ នោះគឺចង់មានផ្ទះមួយដែលនៅជាន់ផ្ទាល់ដី ដែលអាចឱ្យម្ដាយរស់នៅបានស្រួល ព្រោះបច្ចុប្បន្ន អ្នកស្រីនិងម្ដាយត្រូវរស់នៅផ្ទះចាស់ដែលនៅជាន់ខ្ពស់ពិបាកក្នុងការចុះឡើង។
អ្នកស្រីថា៖ «ខ្ញុំនឹកឃើញថាម្ដាយខ្ញុំចាស់ហើយ ឡើងផ្ទះពិបាកណាស់ ត្រូវការកូននាំឡើងនាំចុះ ព្រោះគាត់រៀងជរា។ អ៊ីចឹងហើយខ្ញុំចេះតែប្រឹងតស៊ូទៅ រម្លស់ផ្ទះគេមួយកន្លែង។ ខ្ញុំមិនចង់ឱ្យគាត់នៅផ្ទះខ្ពស់ ដោយសារពេលគាត់ឈឺអីទៅ ពិបាកយកគាត់ទៅពេទ្យទៅអីអ៊ីចឹង។ ហើយបើគាត់ឈឺដើរមិនរួច មានតែលីគាត់ សែងគាត់»។
ស្ត្រីវ័យ៥០ឆ្នាំរូបនេះបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ម្ដាយរបស់អ្នកស្រីមានជំងឺប្រចាំកាយ គឺពុកឆ្អឹងត្រគាក ដែលធ្វើឱ្យម្ដាយពិបាកងើបដើរចុះឡើង ហើយជាញឹកញាប់ ពេលបន្ទោបង់មក គឺមានសុទ្ធតែឈាមជោកខោឬសំពត់ដែលកំពុងស្លៀកដោយមិនដឹងខ្លួន។ ស្ថានភាពនេះបានធ្វើឱ្យអ្នកស្រីរំជួលចិត្តជាខ្លាំង ដោយសារតែអាណិតម្ដាយពេក ប៉ុន្តែយ៉ាងណា អ្នកស្រីថាបានជួយម្ដាយអស់លទ្ធភាពហើយ ដោយបាននាំគាត់ទៅមន្ទីរពេទ្យ ប៉ុន្តែពេទ្យថាជំងឺនេះមិនអាចព្យាបាលបានទេ មានតែលេបថ្នាំធម្មតាប៉ុណ្ណោះ។
ទន្ទឹមនោះ ស្ត្រីអ្នករត់កង់បីប្រចាំការពេលយប់រូបនេះបានឱ្យដឹងថា បើទោះបីជាការខិតខំប្រឹងប្រែងដឹកភ្ញៀវពេញមួយយប់ ហើយយកពេលថ្ងៃសម្រាន្តបានត្រឹម២ឬ៣ម៉ោងក្នុងមួយថ្ងៃក៏ពិតមែន ប៉ុន្តែអ្នកស្រីក៏មិនតូចចិត្តនិងមិនបង្ហាញការនឿយហត់នោះដែរ។
វេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណៈ លោក គួច ម៉េងលី មានប្រសាសន៍ថា ការគេងមិនបានគ្រប់គ្រាន់អាចដោយសារតែហេតុផល២ គឺគេងមិនលក់ និងមិនមានពេលគេងគ្រប់គ្រាន់។ លោកបន្តថា ការដែលគេងមិនបានគ្រប់គ្រាន់ អាចធ្វើឱ្យមនុស្សប្រឈមនូវបញ្ហាធ្ងន់ធ្ងរជាច្រើន ដូចជា មានអារម្មណ៍ស្រមើស្រមៃ រួមទាំងបង្កឱ្យភ្លេចភ្លាំងច្រើនថែមទៀត ជាពិសេស អាចបង្កឱ្យមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង មានជំងឺបាក់ទឹកចិត្ត រួមទាំងធ្វើឱ្យប្រព័ន្ធការពារចុះខ្សោយ ឆាប់ទទួលរងនូវជំងឺផ្សេងៗ សរីរាង្គកាយវិវត្តលឿនជាងអាយុ និងមានជំងឺឡើងគីឡូ រួមទាំងបញ្ហាប្រឈមផ្សេងៗជាច្រើនទៀត។
លោកវេជ្ជបណ្ឌិតថ្លែងថា៖ «បញ្ហាកង្វះការគេងហ្នឹង គឺវាពាក់ព័ន្ធធ្ងន់ធ្ងរ ធ្វើឱ្យយើងមានសម្ពាធឈាមឡើង ហើយយូរៗទៅធ្វើឱ្យយើងមានទឹកនោមផ្អែម ធ្វើឱ្យយើងអាចមានរោគគាំងបេះដូង ឬក៏បេះដូងយើងមិនដំណើរការ ឬក៏យើងអាចមានជំងឺខ្លាញ់ស្ទះនៅក្នុងសរសៃខួរក្បាល»។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការគេងឱ្យបានគ្រប់គ្រាន់ គឺជាការព្យាបាលមួយដ៏ធំបំផុត ដែលអាចជួយឱ្យកោសិកាសរីរាង្គក្នុងខ្លួនអាចព្យាបាលជាសះស្បើយបានស្ទើរតែគ្រប់ជំងឺ។ ជាមួយគ្នានេះ ការធ្វើលំហាត់ប្រាណ និងបរិភោគទឹក ក៏កាន់តែជួយដល់សុខភាពនិងការគេងបានល្អផងដែរ។
លោកថា៖ «វិធីសាស្ត្រសព្យាបាលល្អបំផុត គឺឱ្យគាត់ហាត់ប្រាណ ឱ្យគាត់គេង ឱ្យគាត់ញាំឱ្យបានគ្រប់គ្រាន់ ឱ្យគាត់ញាំថ្នាំ ប្រសិនបើជាតម្រូវការ គាត់គេងអត់គ្រប់គ្រាន់ ដោយសារគេងមិនលក់»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន ពៅ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ មានស្ត្រីរត់កង់បីប្រមាណជា១០០នាក់ ក្នុងនោះមានស្រ្តី៥០នាក់បានចូលជាសមាជិកក្នុងសមាគមរបស់លោក។ ជាមួយគ្នានេះ លោកលើកឡើងថា អ្នករត់កង់បីជាស្ត្រីប្រឈមនូវបញ្ហាសន្តិសុខ ការបៀតបៀនផ្លូវភេទ និងបញ្ហាសុខភាព ជាដើម។
លោកថា៖ «ផលវិបាករបស់គាត់ គឺបញ្ហាគាត់មិនមានសន្តិសុខគ្រប់គ្រាន់ ពេលខ្លះគាត់រត់ពេលយប់អ៊ីចឹង មិនមានសុវត្ថិភាពសម្រាប់គាត់ទេ។ មួយទៀត គាត់មានកម្លាំងមិនមាំមួនដូចបុរសទេ ក្នុងការលើករបស់អីហ្នឹង ហើយធ្វើឱ្យគាត់ខូចសុខភាពផងដែរ។ គាត់រត់ពេលយប់ហួសម៉ោង លើសម៉ោងបាយអីហ្នឹង ធ្វើឱ្យគាត់ប្រឈមនឹងបញ្ហាសុខភាព»។
ទន្ទឹមនោះ លោក វន ពៅ បានជំរុញដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរតែរៀបចំចំណតឱ្យបានសមរម្យ និងផ្ដល់ជូននូវប្រព័ន្ធការពារសង្គមដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្តរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយនេះ។
លោកថា៖ «អាជ្ញាធររដ្ឋគួរតែលើកទឹកចិត្តគាត់ រៀបចំកន្លែងឱ្យគាត់មានចំណតចតសមរម្យ ដើម្បីគាត់មានឱកាសក្នុងការរកអតិថិជន និងគួរលើកទឹកចិត្តដល់គាត់ក្នុងការរៀបចំប្រព័ន្ធកិច្ចគាំពារសង្គម ជាពិសេសធ្វើយ៉ាងណាឱ្យមាន ប.ស.ស ដល់ស្រ្តីរត់កង់បីទាំងអស់»។
ត្រលប់មកអ្នកស្រី សុខ លាភ យកដៃជូតញើសចេញពីថ្ងាសរបស់ខ្លួនបណ្ដើរនិយាយបណ្ដើរថា ទោះជានឿយហត់ និងដឹងថាការគេងមិនគ្រប់គ្រាន់នេះអាចប៉ះពាល់ដល់សុខភាព ប៉ុន្តែនៅតែតស៊ូ និងលើកទឹកចិត្តខ្លួនឯង ដើម្បីបន្តអាជីពនេះតទៅទៀត ទាល់តែខ្លួនធ្វើលែងកើត ដើម្បីរកលុយមើលថែម្ដាយ និងទិញថ្នាំសង្កូវឱ្យម្ដាយ រួមទាំងចង់សម្រេចបំណងសន្សំលុយបង់រម្លស់ផ្ទះឱ្យម្ដាយបានរស់នៅស្រួលសម្រាប់ជីវិតចុងក្រោយ។
អ្នកស្រីថា៖ «ទាល់តែដួលប្រូស ធ្វើលែងកើត បានខ្ញុំឈប់! ព្រោះរបរនេះ ខ្ញុំរត់យូរៗទៅក៏មានទំនាក់ទំនង បានជួបភ្ញៀវទៅ ក៏ខ្ញុំសប្បាយចិត្តជាងធ្វើអីផ្សេង […] សព្វថ្ងៃ ខ្ញុំប្រឹងព្រោះចង់ឱ្យម្ដាយខ្ញុំបានសុខសប្បាយ អត់គិតពីខ្លួនឯងទេ ព្រោះអីខ្ញុំខ្លួនឯងអត់មានអីផង ខ្លួនមួយ»៕