កម្ពុជា​មិន​ឱ្យ​ពលរដ្ឋ​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​រដ្ឋាភិបា​លកម្ពុជា​បញ្ជាក់​ជំហរថា​ នឹង​មិន​ផ្ដល់ឱ​កាសណាមួយ​​ឱ្យ​ពលរដ្ឋ​​ស្ម័គ្រ​ចិ​ត្តទៅធ្វើសង្គ្រាមនៅប្រ​​​ទេស​អ៊ុយ​ក្រែន ដែលកំពុង​វាយ​លុក​ដោយ​មហា​អំណាច​រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននោះទេ ដោ​​យ​ស​​ម្អាង​ថា ជម្រើសនេះ ដើម្បីទប់​​ស្កាត់កុំឱ្យភ្លើងសង្គ្រាមកាន់តែរីករាលដាល។

ការថ្លែងរបស់នា​​យករ​ដ្ឋម​ន្ត្រី​កម្ពុជា​នេះ ធ្វើ​ឡើង​ក្នុងពិធីស​ម្ពោធ​ដាក់​ឱ្យប្រើប្រា​ស់​​មន្ទីរ​ពេ​ទ្យមិត្ត​ភា​ពកម្ពុជា-ចិន​ នៅខេ​ត្តត្បូ​​ងឃ្មុំ​ នា​ព្រឹកថ្ងៃ​ទី០៧ ​ខែមីនា ឆ្នាំ២០២២។

លោ​កនាយករដ្ឋមន្ត្រី ហ៊ុ​ន សែន ថ្លែង​ថា ​ប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋកម្ពុជា ​មានទាំងកូនក្មេងផង បានចាប់អារម្មណ៍​ទៅ​នឹង​សង្គ្រាម​ដែល​បានកើតឡើងដោយការវាយលុករបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ប៉ុន្តែលោក​ថា សម្រាប់​រដ្ឋាភិបាលនឹងមិនផ្ដល់ឱកាសណាមួយឱ្យមានការស្ម័គ្រចិត្ត​ចូលបម្រើជាកងទ័ព ដើម្បីទៅ​ជួយ​អ៊ុយ​ក្រែននោះទេ។

លោកគូសប​ញ្ជាក់​ថា រដ្ឋាភិបាល​អនុញ្ញាត​តែ​កង​ទ័ព​មួក​ខៀវ ក្រោម​ឆ័ត្ររបស់អង្គការសហប្រជាជាតិ​តែ​ប៉ុ​ណ្ណោះ ដូច​ជា កងទ័ពមួកខៀវដែលកំពុងមាន​​វត្តមាន​នៅប្រទេសស៊ូដង់ ជាដើម ។

លោកថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងកុំឱ្យឈានហួស រហូតទៅដល់ស្ម័គ្រចិត្តសុំធ្វើទាហានទៅ​ជួយ​អ៊ុយ​ក្រែន ដូចប្រ​ទេស​មួយ​ចំនួន។ ខ្ញុំ​មិន​ផ្ដល់​ឱកាស​ឱ្យ​ទៅ​ទេ ព្រោះទី១ ទៅហ្នឹងអត់​មានអីដឹកទៅទេ ហើយទី២ កុំយកសាំងទៅចាក់លើភ្លើង»។

បន្ថែមពីនេះ​ មេដឹកនាំកម្ពុជាបញ្ជាក់​ថា កម្ពុជាមិន​គាំទ្រការវាយ​លុក​របស់​រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននោះទេ តែកម្ពុជា​អំពាវនាវឱ្យមានការចរចាមួយ ដើម្បីបញ្ចៀសការស្លាប់ ឈរ​លើយន្តការសមហេតុផលដែល​អាច​ទទួលយកបានទាំងសងខាងក្នុងរយៈពេលវែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ