ចិន​ថា​ខ្លួន​មាន​មិត្តភាព​ដ៏​រឹងមាំ​ជាមួយ​រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ (fmprc.gov.cn)

រដ្ឋមន្រ្តី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មិត្តភាព​ប្រទេសរបស់​ខ្លួន​ជាមួយ​រុស្ស៊ី គឺរឹងមាំខ្លាំងណាស់ ខណៈដែលលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ គឺ​មាន​ភាព​ទូលំ​ទូលាយ។

ការ​ថ្លែងរបស់រដ្ឋមន្រ្តី​ការបរទេស​ចិនរូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលរុស្ស៊ីបច្ចុប្បន្នកំពុងតែឈ្លានពាននិងវាយប្រហារលើប្រទេសអ៊ុយក្រែន ខណៈដែលសកម្មភាពនេះ​ត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរដោយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។

ថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេស​ចិន លោក វ៉ាង យី បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ [ចិន និងរុស្ស៊ី] នាំមកនូវផលប្រយោជន៍និងសុខុមាលភាពដល់ប្រជាជនទាំង​ពីរ។

ប្រទេស​ចិន​ក៏ធ្លាប់បានឱ្យដឹងដែរថា​ ពលរដ្ឋ​របស់ខ្លួនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន​សរុប​មានចំនួន​​ប្រមាណជា ៦ពាន់នាក់។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន លោក Wang Wenbin កាលពីពេលកន្លងទៅ ក៏បាន​​ជំរុញ​ឱ្យភាគីពាក់​ព័ន្ធ​នឹង​វិបត្តិអ៊ុយក្រែនទាំងអស់ គួរតែរក្សាភាពអត់ធ្មត់ និងចៀសវាងការធ្វើឱ្យស្ថានការណ៍កាន់​តែធ្ងន់ធ្ងរបន្ថែមទៀតផងដែរ។

ការជំរុញដោយអ្នកនាំពាក្យ​ការបរទេសរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានបញ្ជាដាក់អាវុធនុយក្លេអ៊ែរប្រទេសរបស់លោកឱ្យស្ថិតក្នុងការ​ត្រៀមខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ