រុស្ស៊ី​នឹង​បើក​ច្រករបៀង​មនុស្សធម៌​ដល់​ជនស៊ីវិល​នៅ​អ៊ុយក្រែន​ក្នុងថ្ងៃនេះ

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបើកច្រករបៀងមនុស្សធម៌ដើម្បីជួយជនស៊ីវិលផ្លាស់ទីពី Mariupol និង Volnovakha ក្នុងប្រទេសអ៊ុយក្រែន។ (ធ្វីតទ័រ៖ Russian Mission OSCE)

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យោធារបស់ខ្លួននឹងផ្អាកការបាញ់ប្រហារ ហើយអនុញ្ញាតឱ្យមាន​ច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ នៅថ្ងៃចន្ទនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ច្រករបៀងដែលនឹងត្រូវបើកឱ្យមានចេញពីទីក្រុង Khariv Mariupol និង Sumy ត្រូវបានបង្កើតឡើងតាមសំណើដោយផ្ទាល់ពីប្រធានាធិបតី​បារាំង ​លោក Emmanuel Macron និងដោយយោងទៅតាមស្ថានភាពបច្ចុប្បន្ននៅក្នុងទីក្រុងទាំងនេះ។

យោងតាមផែនទីដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ី RIA ច្រករបៀងចេញពីទីក្រុងកៀវ នឹងឆ្ពោះទៅប្រទេសបេឡារុស ខណៈដែលជនស៊ីវិលចេញពីទីក្រុង Kharkiv គឺមានតែច្រករបៀងដែលឆ្ពោះទៅកាន់ប្រទេសរុស្ស៊ីប៉ុណ្ណោះ។

ជាមួយគ្នានេះ ច្រករបៀងពីទីក្រុង Mariupol និង Sumy នឹងឆ្ពោះទៅកាន់ទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន និងទៅកាន់ប្រទេសរុស្ស៊ី។

ក្រសួងការពារជាតិរស្ស៊ីបានបន្តថា សម្រាប់អ្នកដែលចង់ចាកចេញពីទីក្រុងកៀវ ក៏អាចនឹងធ្វើដំណើរ​តាម​យន្តហោះទៅកាន់ប្រទេសរុស្ស៊ីផងដែរ ខណៈដែលពួកគេនឹងប្រើប្រាស់យន្ដហោះដ្រូន (drone) ដើម្បីត្រួតពិនិត្យពីសកម្មភាពនៃការជម្លៀសនេះ។

គួរបញ្ជាក់ថា ប្រតិបត្តិការចំនួន២ ដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol និង Volnovakha ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ គឺ​មិនត្រូវបានធ្វើឡើងនោះទេ ដោយភាគីទាំងពីរបានចោទប្រកាន់​គ្នាទៅវិញទៅមក ទាក់ទងទៅនឹងការមិនបញ្ឈប់ការបាញ់ប្រហារ និងការបាញ់ផ្លោងក្នុងតំបន់ទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ