អ៊ុយក្រែន ថា​ទាហាន​រុស្ស៊ី​ជាង​១ម៉ឺននាក់​បានស្លាប់​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​របស់​ខ្លួន

រោងចក្រនុយក្លេអ៊ែរកំពុងតែត្រូវបានកងកម្លាំងរុស្ស៊ីធ្វើការវាយប្រហារ។ (ហ្វេសប៊ុក៖ Володимир Зеленський)

មន្រ្តីផ្នែកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ទាហានរុស្ស៊ីជាង១១ ០០០នាក់បានស្លាប់បាត់បង់ជីវិត គិតចាប់តាំងពីប្រទេសមួយនេះបានបើកការឈ្លានពានលើប្រទេសរបស់ខ្លួន ​កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ទោះជាយ៉ាងណា ប្រភពដដែលនេះ​មិន​បាន​រាយការណ៍​ពី​ចំនួនចុងក្រោយនៃទាហានអ៊ុយក្រែនដែលរងរបួសនិងស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារនេះនោះ​ទេ។

ជាមួយគ្នានេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យម្សិលមិញ ក៏បាន​ឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គិតចាប់តាំងរុស្ស៊ីបានបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែមុន ក្នុងនោះ មានជនស៊ីវិលជាង៣៦០នាក់បានស្លាប់ក្នុងប្រទេសអ៊ុយក្រែន។

ការិយាល័យដដែលក៏បានបន្ថែមឱ្យដឹងផងដែរថា អ្នកដែលស្លាប់បាត់បង់ជីវិតនិងរងរបួសភាគច្រើន គឺបណ្ដាលមកពីការប្រើប្រាស់អាវុធជាតិផ្ទុះនានា ដែលរួមមានទាំងការបាញ់ផ្លោងដោយកាំភ្លើង​ធុន​ធ្ងន់ ប្រព័ន្ធរ៉ុក្កែត និងការវាយប្រហារតាមផ្លូវអាកាស។

គួរប​ញ្ជាក់​ថា ការ​បើក​ការ​ឈ្លាន​ពានក្នុងទ្រង់ទ្រាយធំ​របស់រុស្ស៊ី​មកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ ​ត្រូវបានធ្វើឡើង បន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន។

ទោះជាយ៉ាងណា ការឈ្លានពានពីសំណាក់រុស្ស៊ីនេះ នៅមិនទាន់សម្រេចបាននូវគោលបំណងរបស់ប្រធានាធិបតីរបស់ខ្លួន​ក្នុងការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ