លោក ស ខេង នឹង​កោះប្រជុំ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ណាហ្គាវើលដ៍

រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅថ្ងៃ២៩ សីហា ២០១៩។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នឹងកោះប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី៩ ខែមីនា ស្អែកនេះ ដើម្បីស្វែងរកដំណោះស្រាយវិវាទនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

យោងតាមលិខិតអញ្ជើញមួយច្បាប់ចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ប៉ុន្តែ វីអូឌី ទើបទទួលបាននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមការចូលរួមដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯសាលារាជធានីភ្នំពេញេ នៅវេលាម៉ោង១រសៀល។

ប្រភពដដែលបានឱ្យដឹងថា កិច្ចប្រជុំនេះក៏មានការ​អញ្ជើញ​ចូលរួមពីរដ្ឋមន្ត្រីក្រសួងការ​ងារ ​លោក អ៊ិត សំហេង, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង, អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ, ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ រួមទាំងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង ផងដែរ។

សូមជម្រាបជូនថា ក្រុម​កម្មករណាហ្គាវើលដ៍បាន​ធ្វើ​កូដកម្ម​អហិង្សា​កាល​ពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បីទាមទារលក្ខខណ្ឌការងារ៩ចំណុច ជាពិសេសទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយកថ្នាក់ដឹកនាំសហជីព និង​កម្មករណាហ្គាវើលដ៍ សរុប​៣៧៣នាក់​ ចូល​ធ្វើការងារ​​វិញ​។ ប៉ុន្តែ​រហូតមកដល់​ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។

ផ្ទុយទៅវិញ ​ថ្នាក់​ដឹកនាំសហជីពនិង​សមាជិក​សហជីពសរុប​ចំនួន១១​នាក់ហើយដែលត្រូវបានចាប់និងឃុំខ្លួននៅឯ​ពន្ធនាគារ​ព្រៃ​ស ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង «​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩»។

កាលពីថ្ងៃម្សិលមិញ ក្រុមកម្មករណាហ្គាវើលដ៍ ១៨០នាក់ទៀត ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់បញ្ចូលក្នុងរថយន្តក្រុងបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ បន្ទាប់​ពីពួកគេចេញមកធ្វើកូដកម្មជាថ្មី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ម្សិលមិញនេះ បានចោទប្រកាន់ក្រុមកូដករណាហ្គាវើលដ៍នេះ ថាបានធ្វើកូដកម្មក្រោមការអូសទាញនិងញុះញង់របស់មនុស្សមួយក្ដាប់តូចក្នុងជួរបាតុករក្រុមហ៊ុនណាហ្គាវើលដ៍ តាមការបង្គាប់បញ្ជារបស់មនុស្សមួយក្រុមដែលនៅខាងក្រៅ ដែលចិញ្ចឹមចិត្តរៀបចំសេណារីយ៉ូឱ្យ​មានរូបភាពផ្សេងៗ ដើម្បីកេងចំណេញ។

សេចក្ដីប្រកាសនេះបានបន្ថែមថា៖ «លើសពីនេះទៀត ក្រុមនេះបានលើកហេតុផលពន្យល់ ឆក់ឱកាស ប្រើប្រាស់ និងរៀបចំក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យ​ធ្វើបាតុកម្មខុសច្បាប់មុនថ្ងៃ ៨មីនាមួយថ្ងៃ គឺនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីយករូបភាពនានាពីការអនុវត្តវិធានការសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមរបស់អាជ្ញាធរមានសមត្ថកិច្ច សម្រាប់ធ្វើការបកស្រាយទៅជារូបភាពអវិជ្ជមានផ្សេងៗតាមការចង់បានរបស់ពួកគេ»។

ដោយឡែក ទាក់ទងការឃាត់ខ្លួនកូដករណាហ្គាវើលដ៍១៨០នាក់ កាលពីម្សិលមិញនេះវិញ អាជ្ញាធរបានអះអាងថា អាជ្ញាធរបានអញ្ជើញក្រុមបាតុករទាំង១៨០នាក់ទៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ តែប៉ុណ្ណោះ។ អាជ្ញាធរក៏បានចោទប្រកាន់ក្រុមកូដករទាំង១៨០នាក់ថាមិនសហការផ្ដល់ព័ត៌មានទាក់ទងឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីឱ្យ​ក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ត។

អាជ្ញាធរបានព្រមានអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ជាប្រាក់ពី១ ០០០ ០០០រៀល ទៅ៥ ០០០ ០០០រៀល។ ហើយក្នុងករណីមិនរាងចាល នឹងពិន័យទ្វេដង។

គិតត្រឹមរសៀលថ្ងៃទី៨ ខែមីនានេះ បុគ្គលិកណាហ្គាវើលដ៍ទាំង១៨០នាក់នៅមិនទាន់ដោះលែងវិញនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ