អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​កូដករ​ណាហ្គា​ជិត​២០០នាក់​ត្រលប់​ទៅផ្ទះវិញ ក្រោយ​ឃុំ​នៅ​មណ្ឌល​ចត្តាឡីស័ក​១យប់

ក្រុមកូដករណាហ្គាវើលដ៍ ស្ថិតនៅទីតាំងមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ ក្រោយសមត្ថកិច្ចចាប់បញ្ជូនមកនៅពេលដែលពួកគេចេញតវ៉ាជាថ្មី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (ប៉ា សុខេង)

អាជ្ញាធរបានអនុញ្ញាតឱ្យកូដករណាហ្គាជិត២០០នាក់ដែលជាប់នៅក្នុងមណ្ឌលចត្តាឡីស័ក ខណ្ឌព្រែកព្នៅ វិលត្រលប់ទៅផ្ទះវិញអស់ហើយ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែមីនានេះ។

តំណាងកូដករណាហ្គាវើលដ៍ អ្នកស្រី ណុប ទិត្យបូរ៉ាវី បានប្រាប់ វីអូឌី នៅព្រឹក​នេះថា អាជ្ញាធរបានអនុញ្ញាតឱ្យសមាជិករបស់អ្នកស្រីវិលត្រលប់ទៅផ្ទះវិញកាលពីយប់មិញនេះ បន្ទាប់ពីអាជ្ញាធរបានបរាជ័យក្នុងការបញ្ចុះបញ្ចូលឱ្យក្រុមកូដករផ្ដល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩។

បើតាមអ្នកស្រី ណុប ទិត្យបូរ៉ាវី នៅថ្ងៃពុធនេះ កូដករណាហ្គាវើលដ៍សម្រាកមិនធ្វើកូដកម្មនោះទេ ដោយសារកូដករមួយចំនួនអស់កម្លាំង ដោយសារត្រូវជាប់ក្នុងមណ្ឌលចត្តាឡីស័កមួយយប់ពីរថ្ងៃ និងម្យ៉ាងទៀតពួកគេនៅទន្ទឹងរង់ចាំស្ដាប់លទ្ធផលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាមួយភាគីពាក់ព័ន្ធនៅរសៀលថ្ងៃពុធនេះ នៅឯសាលារាជធានីភ្នំពេញ។

សូមជម្រាបជូនថា ​ក្រុមកូដករណាហ្គាវើលដ៍​ (Naga World) ជិត​២​រយ​នាក់ (១៨៣) ត្រូវបានអាជ្ញាធរចាប់បញ្ចូលទៅក្នុងរថយន្តក្រុងបញ្ជូនទៅមណ្ឌល​ចត្តាឡីស័ក ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ជាថ្មី បន្ទាប់ពីពួកគេបាន​ចេញមក​ធ្វើ​កូដកម្ម​ ដើម្បី​ទាមទារ​ដំណោះស្រាយ​វិវាទការងារ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ