អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន WCC ដែលបានលក់ដីខ្យល់នៅស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជំរុញទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួយបញ្ជូនសំណុំរឿងទៅតុលាការ ខណៈម្ចាស់ក្រុមហ៊ុនបន្តគេចវេះមិនព្រមដោះស្រាយប្រគល់លុយឱ្យអ្នកទិញវិញទេនោះ។
ពលរដ្ឋ លោក ជុំ បញ្ញា និយាយថា គាត់ទិញដីខ្យល់ពីលោក ចាន់ សុគន្ធ ដែលជាម្ចាស់ក្រុមហ៊ុន WCC ស្ថិតនៅស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឱ្យពួកគេរាប់រយគ្រួសារ។ ក្រោយមក ម្ចាស់ក្រុមហ៊ុននេះបានគេចវេះមិនព្រមដោះស្រាយប្រគល់លុយឱ្យអ្នកទិញវិញនោះទេ ខណៈដីដែលក្រុមហ៊ុនលក់ឱ្យនោះជាដីខ្យល់តែប៉ុណ្ណោះ។
លោកបន្តថា ដោយសារតែម្ចាស់ក្រុមហ៊ុនគេចវេះបែបនេះ ទើបពួកគាត់នាំគ្នាដាក់ពាក្យប្ដឹងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២១ ដើម្បីឱ្យជួយរកយុត្តិធម៌ជូនពួកគាត់ដែរ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ម្ចាស់ក្រុមហ៊ុននៅតែបន្តគេចវេះមិនសងលុយ ព្រមទាំងចេញសែកស្អុយថែមទៀតផង។
ករណីនេះ លោក ជុំ បញ្ញា ស្នើទៅសមត្ថកិច្ចជួយបញ្ជូនសំណុំរឿងនេះទៅតុលាការ ដើម្បីចាត់វិធានការច្បាប់លើលោក ចាន់ សុគន្ធ ដែលជាម្ចាស់ក្រុមហ៊ុន WCC នោះផងដែរ ។
លោកមានប្រសាសន៍ថា៖ «ឥលូវខ្ញុំស្នើសុំខាងពូប៉ូលិសហើយ គាត់ថានៅពេលគាត់ធ្វើឯកសាររួចហើយ គាត់នឹងទាក់ទងមកយើង ហើយគាត់បញ្ជូនពាក្យបណ្ដឹងឡើងទៅតុលាការ មានតែខាងតុលាការជាអ្នកដោះស្រាយ»។
អ្នកស្រី ស្រេង ឡៃហ័ន ដែលអះអាងថាបានទិញដីឡូត៍ខ្យល់ពីក្រុមហ៊ុន WCC ស្ថិតនៅភូមិតាងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ក្នុងតម្លៃ៣ ៦០០ដុល្លារ បាននិយាយថា ក្រោយពីគាត់បង់ផ្ដាច់ភ្លាម ក្រុមហ៊ុនបានសន្យាថានឹងចេញប្លង់ជូនគាត់ក្នុងរយៈពេល៤ទៅ៦ខែខាងមុខ ប៉ុន្តែគិតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ក្រុមហ៊ុនមិនចេញប្លង់រឹងឱ្យតាមកិច្ចសន្យាទិញលក់នោះទេ ហើយថែមទាំងគេចវេះមិនព្រមដោះស្រាយទៀត។
អ្នកស្រីបន្តថា បន្ទាប់ពីពួកគាត់ដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុន WCC បានចេញសែកឱ្យពួកគាត់ទៅបើកប្រាក់នៅធនាគារ ABA នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប៉ុន្តែនៅពេលដែលគាត់ទៅបើកប្រាក់ ខាងមន្ត្រីធនាគារនិយាយថា សែកនោះមិនមានប្រាក់នោះទេ។
ករណីនេះ អ្នកស្រីបង្ហាញការខកចិត្ត នៅពេលដែលម្ចាស់ក្រុមហ៊ុន WCC មិនមានទំនួលខុសត្រូវសងប្រាក់មកឱ្យពួកគាត់តាមការសន្យាបែបនេះ។
អ្នកស្រីនិយាយថា៖ «ខ្ញុំយល់ថា គាត់ជាមនុស្សដែលគ្មានទំនួលខុសត្រូវ គាត់សន្យាចោល គាត់សន្យាខ្យល់ អត់មានទំនួលខុសត្រូវចំពោះអ្វីដែលកាត់បានសន្យាជាមួយយើងទេ»។
វីអូឌី មិនអាចសុំការបំភ្លឺពីលោក ចាន់ សុគន្ធ ម្ចាស់ក្រុមហ៊ុន WCC បានទេ នៅថ្ងៃពុធនេះ ខណៈអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ភាគីក្រុមហ៊ុនគួរតែរកវិធីដោះស្រាយសងប្រាក់ទៅអ្នកទិញដីវិញ ដើម្បីកុំឱ្យរឿងកើតឡើងកាន់តែវែងឆ្ងាយ នាំឱ្យខាតបង់ប្រយោជន៍អ្នកទិញ និងជះឥទ្ធិពលមិនល្អដល់ក្រុមហ៊ុនវិនិយោគស្របច្បាប់នៅកម្ពុជា ។
លោកមានប្រសាសន៍ថា៖ «បើកាលណាអូសបន្លាយកាន់តែវែង ផលប៉ះពាល់សម្រាប់ពលរដ្ឋកាន់តែច្រើន ជាពិសេសនៅពេលវេលារបស់គាត់ក្នុងការរកស៊ីរកចំណូលសេដ្ឋកិច្ចក្នុងគ្រួសារ ហើយក៏ជាផលអាក្រក់ដែរ បើសិនជារឿងនេះមិនត្រូវបានដោះស្រាយ វាជះឥទ្ធិពលមិនល្អសម្រាប់ក្រុមហ៊ុនផ្សេងៗដែលគេរកស៊ីសុចរិតទៀងត្រង់»។
ពលរដ្ឋរងគ្រោះបញ្ជាក់ថា ដីដែលពួកគេទិញ ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុន WCC គ្រោងពុះជាឡូត៍សម្រាប់លក់សរុប១៤០ឡូត៍។
ចំណែកដីស្ថិតនៅភូមិតាងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលក្រុមហ៊ុន WCC គ្រោងពុះឡូត៍លក់នោះ មានចំនួន១០០ឡូត៍៕