វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បានអូសបន្លាយរយៈពេលជិត១ឆ្នាំមកហើយ ក្រោយពេលដែលក្រុមហ៊ុននេះបានប្រកាសបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ ដោយលើកហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ ប៉ុន្តែសម្រាប់ក្រុមនិយោជិតវិញ មើលឃើញថា គម្រោងបញ្ឈប់បុគ្គលិកដ៏ច្រើននេះជាចេតនារបស់និយោជក ដើម្បីបំបិទមិនឱ្យមានសហជីពនៅក្នុងក្រុមហ៊ុន។ នៅក្នុងចំណោមបុគ្គលិកជាង១ ០០០នាក់ដែលបានបញ្ឈប់នោះ ៣៦៥នាក់ជាមេដឹកនាំសហជីពនិងជាប្រភូសមាជិកសហជីព។
ដោយសារយន្តការដោះស្រាយផ្សេងៗមិនមានលទ្ធផលដែលអាចទទួលយកបាន នៅចុងឆ្នាំ២០២១ បុគ្គលិកក្រុមហ៊ុនបនល្បែងមួយនេះជាង១០០០នាក់ បានផ្ទុះការតវ៉ាជាថ្មី បើទោះជាមានការបង្ក្រាប ចាប់ខ្លួន និងឥទ្ធិពលនៃមេរោគកូវីដ-១៩ក៏ដោយ ក៏បុគ្គលិកណាហ្គាទាំងនេះព្យាយាមតវ៉ានៅទីតាំងក្បែរក្រុមហ៊ុន ការដាក់ញត្តិតាមស្ថានទូតផ្សេងៗ និងការធ្វើយុទ្ធនាការផ្សេងៗតាមបណ្ដាញសង្គមផងដែរ។
ក្រៅពីឧបសគ្គអាជ្ញាធររារាំង និងឧបសគ្គនៃមេរោគកូវីដឆ្លងរាលដាលនោះ បញ្ហាធំមួយទៀតដែលកំពុងសង្កត់លើពួកគេដោយស្ងាត់ស្ងៀមនោះ គឺកត្តាជីវភាព ព្រោះក្នុងអំឡុងពេលតវ៉ានេះ ពួកគេមិនមានចំណូលទេ តែត្រូវចំណាយរាល់ថ្ងៃ។
តែយ៉ាងណា ក្រុមស្ត្រីជាបុគ្គលិកក្រុមហ៊ុនណាហ្គា បញ្ជាក់ថា បើទោះពួកគាត់ជួបការលំបាកខ្លាំងផ្នែកជីវភាពដោយសារបាត់បង់ចំណូល ក៏នៅតែបន្តជម្នះតវ៉ា ដើម្បីជំរុញឱ្យមានការអនុវត្តច្បាប់បញ្ឈប់ការកៀបសង្កត់ពីសំណាក់ថៅកែលើរូបពួកគាត់ ក៏ដូចជាកម្មករនិយោជិតជាកូនខ្មែរជំនាន់ក្រោយៗទៀត។
កូដករម្នាក់ អ្នកស្រី ចូត សុខ បានឱ្យដឹងថា សម្រាប់ថ្លៃហូបចុកនិងការធ្វើដំណើរទៅទីតាំងធ្វើកូដកម្ម អ្នកស្រីត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដែលការចំណាយទាំងនេះ អ្នកស្រីបានប៉ាន់ស្មានថាអស់ប្រមាណជាលើស១០០ដុល្លារក្នុងមួយខែ។
ស្រ្តីវ័យ៣១ឆ្នាំរូបនេះបន្ថែមថា អ្វីដែលក្រុមកូដករចង់បាន គឺចង់ឱ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួលវិវាទការងារនេះឱ្យបានកាន់តែឆាប់ ព្រោះពួកគេក៏មិនចង់បន្តការធ្វើកូដកម្មនេះទៀតដែរ ដោយសារតែនឿយហត់និងជួបផលលំបាកច្រើន។
អ្នកស្រីថា៖ «សំណូមពរឱ្យក្រុមហ៊ុន [ណាហ្គាវើលដ៍] និងអាជ្ញាធរជួយព្យាយាមពន្លឿនការដោះស្រាយឱ្យកូដករ ព្រោះពួកយើងអត់ចង់នៅបន្តធ្វើទេ លំបាកណាស់ ព្រោះជួបវិបត្តិសេដ្ឋកិច្ច មិនស្រួលទេ»។
កូដករម្នាក់ទៀតដែលចូលរួមតវ៉ាជាប្រចាំទាំងខ្លួនមានផ្ទៃពោះ អ្នកស្រី លន់ លក្ខិណា ថ្លែងថា ចាប់តាំងពីមានការធ្វើកូដកម្មនេះមក កូដករទាំងអស់ រួមទាំងអ្នកស្រីផងដែរ បានជួបផលលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ទាំងការចាយវាយប្រចាំថ្ងៃ និងការបង់ប្រាក់ធនាគារ ជាដើម។ យ៉ាងណាក្ដី អ្នកស្រីប្ដេជ្ញាថា នៅតែបន្តតវ៉ារហូត ដើម្បីទាមទារសិទ្ធិសេរីភាពការរងារមកវិញ។
អ្នកស្រីថា៖ «ចាប់តាំងពីពួកខ្ញុំបានធ្វើកូដកម្មមក គឺមានផលលំបាកខ្លាំងខាងសេដ្ឋកិច្ចហ្នឹងហ្មង ព្រោះដោយសារតែពួកខ្ញុំជាអ្នកមានទម្ងន់ [មានផ្ទៃពោះ] ដល់ពេលអ៊ីចឹងទៅ ពិបាកទៅរកការងារធ្វើផ្សេងបាន។ និយាយទៅ ចំណូលគឺដាច់ហ្មង សង្ឃឹមលើគ្រួសារហ្មង ប៉ុន្តែពួកខ្ញុំនៅតែបន្តធ្វើ ដើម្បីសិទ្ធិសេរីភាពការងារ»។
ទន្ទឹមនោះ កូដករដែលមានផ្ទៃពោះម្នាក់ទៀត អ្នកស្រី ហ៊ោ ម៉ាលីស បានបង្ហើបថា ការចំណាយរបស់ក្រុមកូដកររាល់ថ្ងៃ អាចចន្លោះពី១ម៉ឺន ទៅ២ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ្នកស្រីថា៖ «យើងទិញឱ្យតែបានញ៉ាំឆ្អែតៗ មានទៅបានឆ្ងាញ់អីទេ»។
ជុំវិញការចំណាយនេះទៀតសោត អ្នកស្រី ហ៊ោ ម៉ាលីស បានលើកឡើងថា កូដករត្រូវចំណាយថវិកាដែលខ្លួនបានសន្សំ និងខ្លះទៀតត្រូវខ្ចីពីក្រុមគ្រួសារ។ អ្នកស្រីបន្តថា មូលហេតុដែលកូដករមិនព្រមទៅរកការងារផ្សេងទៀត ដោយសារតែចង់ទាមទារឱ្យក្រុមហ៊ុនផ្ដល់សិទ្ធិការងារសម្រាប់បុគ្គលិកបច្ចុប្បន្ន និងពេលខាងមុខទៀត។
អ្នកស្រីគូសបញ្ជាក់ថា៖ «ពួកយើងតវ៉ាដើម្បីសិទ្ធិការងាររាល់ថ្ងៃ និងដើម្បីក្មេងដែលជំនាន់ក្រោយដែលគាត់ត្រូវមកធ្វើការនៅហ្នឹង កុំឱ្យក្រុមហ៊ុនហ្នឹងរំលោភសិទ្ធិមកលើកូនខ្មែរ-កម្មករខ្មែរទៀត»។
បើទោះជាមានការចោទប្រកាន់ពីសំណាក់ក្រុមបុគ្គលិកថា ក្រុមហ៊ុនណាហ្គាវើលដ៍បំពានច្បាប់និងកៀបសង្កត់លើសិទ្ធិការងារដោយចង់លុបបំបាត់សហជីពនេះក៏ដោយ ក៏កម្រឃើញក្រុមហ៊ុនចេញមុខបកស្រាយណាស់។ ក្នុងវិវាទនេះ គេសង្កេតឃើញតែក្រសួងការងារដែលចេញមុខកោះហៅភាគីបុគ្គលិកឱ្យចូលតុចរចា។
អ្នកនាំពាក្យក្រសួងការងារ ក៏ធ្លាប់ចោទប្រកាន់ថា បុគ្គលិកដែលតវ៉ាទាំងនោះជាក្រុមដែលទទួលលុយពីបរទេសធ្វើសកម្មភាពក្នុងគោលបំណងបំផុសមហាជនឱ្យងើបតវ៉ាផ្ដួលរដ្ឋាភិបាល ក្រោមរូបភាពធ្វើបដិវត្តន៍ពណ៌។
គិតមកត្រឹមដើមខែមីនានេះ សហជីពនិងកម្មករជាង១០នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីតុលាការ ជុំវិញករណីតវ៉ានៅក្រុមហ៊ុនបនល្បែងមួយនេះ។
បើតាមស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ុន សុសិក្ខា ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅ បានបញ្ជាក់ថា តាមរយៈលទ្ធផលនៃការពិនិត្យភស្តុតាងដែលដកហូតបាន សមត្ថកិច្ចរកឃើញថា ក្រុមតំណាងសហជីពទាំង៨នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែមករានោះ គឺទទួលបានប្រាក់ឧបត្ថម្ភពីអង្គការក្រៅនិងក្នុងប្រទេសជាដំណាក់កាលៗ ដោយមួយលើកទទួលបាន៥ ០០០ដុល្លារជាបន្តបន្ទាប់ និងមានដាក់ជាផែនការសម្រាប់ឱ្យធ្វើកូដកម្មនេះ។ ករណីនេះ សមត្ថកិច្ចអះអាងថាជាសកម្មភាពដែលផ្ទុយនឹងច្បាប់។
លោកថា៖ «យើងបានធ្វើកោសលវិច័យទៅលើទូរសព្ទ ទៅលើកុំព្យូទ័រ ឃើញមានការឧបត្ថម្ភថវិកាពីក្រៅប្រទេសនិងអង្គការចំនួន៣ គឺមួយគឺនៅក្រៅប្រទេស ២ទៀតគឺនៅក្នុងស្រុក ដែលមានឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការធ្វើបាតុកម្មនេះ»។
តែយ៉ាងណា កូដករក្រុមហ៊ុនណាហ្គា អ្នកស្រី លន់ លក្ខិណា បានច្រានចោលការលើកឡើងមួយចំនួនដែលថា ពួកគាត់ទទួលបានជំនួយពីបរទេស ដោយបានគូសបញ្ជាក់ថា កូដករទាំងអស់ដែលបាននិងកំពុងធ្វើកូដកម្ម គឺធ្វើចេញពីចិត្តនិងញើសឈាមរបស់ខ្លួន ដោយមិនបានទទួលជំនួយពីបរទេសនោះឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំទៅធ្វើកូដកម្មរាល់ថ្ងៃហ្នឹង គឺមានតែកម្លាំងទឹកចិត្តនិងថវិការៀងៗខ្លួន ពួកខ្ញុំអត់មានបានទទួលជំនួយពីជនបរទេសណាទេ»។
ខុសពីការមើលឃើញរបស់ស្ថាប័នរដ្ឋាភិបាល គឺក្រុមសហជីព អង្គការអន្តរជាតិ និងអង្គការជាតិមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសបន្តបន្ទាប់ថា ចំណាត់ការរបស់អាជ្ញាធរលើការតវ៉ានោះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលធ្វើឱ្យបុគ្គលិករងគ្រោះផ្ទួនៗគ្នា។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បានចាត់ទុកថា ការដែលក្រុមហ៊ុនមិនដោះស្រាយឱ្យកូដករនេះ គឺក្រុមហ៊ុនមានបំណងរំលាយចោលនូវថ្នាក់ដឹកនាំសហជីព ក៏ដូចជាសហជីពដែលពាក់ព័ន្ធផ្សេងទៀតពីក្រុមហ៊ុន។
អ្នកស្រីថា៖ «ថៅកែមានចេតនាយកស្ថានភាពកូវីដហ្នឹងរំលាយសហជីពតែម្ដង ហើយការរំលាយសហជីពនេះគឺមិនរំលាយធម្មតាទេ រាល់សកម្មជន រាល់ថ្នាក់ដឹកនាំសហជីព ដែលនៅក្នុងរចនាសម្ព័ន្ធសហជីព គឺក្រុមហ៊ុនឈូសឆាយឱ្យអស់នៅក្នុងស្ថានភាពនេះតែម្ដង»។
អ្នកស្រីបានលើកឡើងទៀតថា ការធ្វើកូដកម្មរបស់បុគ្គលិកនិងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ គឺទទួលរងគ្រោះជាន់គ្នាពីសំណាក់ក្រុមហ៊ុន និងការចោទប្រកាន់ពីសំណាក់អាជ្ញាធរ ដែលមានន័យថា អាជ្ញាធរបានជួយគាំពារភាគីក្រុមហ៊ុន។ អ្នកស្រីថា បើអាជ្ញាធរនៅតែបន្តនូវសកម្មភាពការពារភាគីខាងក្រុមហ៊ុនបែបនេះទៀត នោះវិវាទនេះនឹងពិបាកក្នុងការរកផ្លូវចេញបាន។
ជាមួយគ្នានេះ អ្នកស្រីថា អាជ្ញាធរគួរតែដកខ្លួនចេញពីវិវាទនេះ ហើយដោះលែងថ្នាក់ដឹកនាំសហជីពរបស់បុគ្គលិក ដើម្បីមកចរចាជាមួយនឹងតំណាងក្រុមហ៊ុន ដោះស្រាយរកផ្លូវចេញ និងរកលទ្ធផលល្អសម្រាប់ភាគីទាំងពីរ៕