UPDATED៖ CCIM ថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ២០២១ កាន់​តែ​អាក្រក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកកាសែតចំនួនជិត១០០នាក់បានរងការធ្វើទុក្ខបុកម្នេញ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM ស្ដីពី «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ២០២១» បានរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន៩៣នាក់ (៥នាក់ជាស្ដ្រី) ដោយក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ។

យ៉ាងណាក្ដី CCIM សង្កេតឃើញថា មានការលេចឡើងនូវតួនាទីកាន់តែសំខាន់របស់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានពីសហគមន៍ ហើយពួកគេក៏ជួបនូវការប្រឈមបញ្ហាស្រដៀងគ្នានឹងអ្នកសារព័ត៌មានអាជីពដែរ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា អ្នកសារព័ត៌មាននៅតែជួបបញ្ហាប្រឈមនៃការធ្វើទុក្ខបុកម្នេញផ្នែកផ្លូវច្បាប់ រាងកាយ និងផ្លូវចិត្ត ដោយលោកចាត់ទុកបញ្ហាទាំងនេះថាជាបញ្ហាប្រឈមគួរឱ្យបារម្ភ ខណៈការប្រឹក្សាយោបល់និងការគាំពារពីស្ថាប័នរដ្ឋនៅមានកម្រិតទាបនៅឡើយ។

ករណីនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ថា បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់បញ្ហាប្រឈមទាំងនោះឱ្យបានទាន់ពេលទេ នឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីអ្នកសារព័ត៌មានក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីរួមចំណែកជួយសង្គមជាតិផងដែរ ។

លោកបន្ថែមថា៖ «បើសិនជាស្ថានភាព [ការរិះគន់ និងការរើសអើង] នេះនៅតែបន្ត វាអាចធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តនិងស្មារតីអ្នកសារព័ត៌មានក្នុងការបំពេញតួនាទីនិងកិច្ចការរបស់ខ្លួននៅក្នុងសង្គមផងដែរ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ មិនបានឆ្លើយតបយ៉ាងណាទេ នៅរសៀលថ្ងៃនេះ ដោយ​ថាជាប់រវល់ប្រជុំ។

​នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា ប្រសិនបើការរើសអើងនិងបញ្ហាប្រឈមអ្នកសារព័ត៌មាននៅតែកើតឡើង គឺលោកមានការព្រួយបារម្ភជាខ្លាំង ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលានោះទេ។

លោកផ្ដល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់កុំឱ្យមានបញ្ហាប្រឈមបែបនេះកើតមានឡើងទៀត រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់លើអ្នកប្រព្រឹត្ត  ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «បើករណីកើតមានឡើង យើងត្រូវធានាថា ករណីនោះត្រូវបានដោះស្រាយដោយប្រសិទ្ធភាព និងឆ្លើយតបប្រកបដោយវិជ្ជមាន មិនមែនការធ្វើមិនដឹងមិនឮ។ មួយទៀត វាជារឿងនិទណ្ឌភាព ដូច្នេះយើងត្រូវដោះស្រាយដោយការដាក់សកម្មភាពជាក់លាក់ ដើម្បីបញ្ឈប់និទណ្ឌភាពនៅប្រទេសកម្ពុជា។ កុំឱ្យជនល្មើសរួចខ្លួន ហើយជនរងគ្រោះនៅតែបន្ដត្រូវបានរំលោភបំពានបន្ដទៀត។ ហើយយើងត្រូវបន្ដការអប់រំឱ្យទូលំទូលាយ ដើម្បីឱ្យជនរងគ្រោះដឹងពីវិធីសាស្រ្តតាមផ្លូវច្បាប់ក្នុងការឆ្លើយតប»។

បើតាមការសិក្សាស្រាវជ្រាវរបស់ CCIM បានឱ្យដឹងទៀតថា អ្នកជំនាញផ្នែកព័ត៌មាននិងអ្នកពាក់ព័ន្ធ មិនរំពឹងថា ស្ថានភាពសារព័ត៌មាននៅឆ្នាំ២០២២ អាចនឹងល្អឡើងវិញនោះទេ ដោយសារការបន្ដរឹតត្បិតផ្នែកនយោបាយនិងបទដ្ឋានច្បាប់ផ្សេងៗ ដែលផ្ដល់អំណាចកាន់តែច្រើនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្ដល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាន​នៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេស​នៅ​លើពិភព​លោក។ សេរីភាពសារព័ត៌មានដែលអង្គការនេះ​វាយតម្លៃ បង្ហាញ​ថា កម្ពុជា​បានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ