ខេមបូចា​ថ្កោល​ទោស​កម្លាំង​អាជ្ញាធរ​ចំពោះ​សកម្ម​ភាព​យាយី​ទៅ​លើ​អ្នក​សារព័ត៌មាន

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានថ្កោលទោសចំពោះសកម្មភាពរបស់កម្លាំងអាជ្ញាធររាជធានីភ្នំពេញដែលបានគំរាមកំហែង និងធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន ព្រមទាំងស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ដោយបញ្ឈប់នូវរូបភាពទាំងអស់នេះជាបន្ទាន់។

​ក្នុងសេចក្តីថ្លែងការណ៍លើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រលប់ថ្ងៃសុក្រនេះ ខេមបូចា បានអះអាងថា នៅរសៀលវេលា​ថ្ងៃសុក្រ ទី១១ ខែមីនានេះ  មានការយាយីពីសំណាក់កម្លាំងអាជ្ញាធររាជធានីភ្នំពេញ ដែលស្លៀកពាក់ស៊ីវិលមកលើអ្នកសារព័ត៌មានរបស់VODចំនួនពីររូប និងអ្នកសារព័ត៌មានពលរដ្ឋមួយរូប ខណៈពួកគេកំពុងយកព័ត៌មានអំពីការបន្តធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។

ប្រភពដដែលបានស្រង់ការលើកឡើងរបស់ អ្នកយកព័ត៌មានស្រ្ដីម្នាក់របស់វីអូឌី (VOD) ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់​ថា កម្លាំងអាជ្ញាធរបានមកឃាត់គាត់ និងសហការីរបស់គាត់ជាជនជាតិបរទេស មិនអោយថតរូប ដោយសួរនាំរកលិខិតបេសកកម្ម និងបានបង្ខំអោយពួកពួកគេលុបរូបភាពចោល បើមិនដូច្នោះទេកម្លាំងអាជ្ញាធរនឹងនាំយកពួកគេទៅប៉ុស្ដ៍នគរបាលថែមទៀតផង។

ខេមបូចាបានស្រង់សម្តីរបស់អ្នកយកព័ត៌មានស្រ្ដីរូបនេះ​បន្តថា ដោយការភ័យខ្លាច និងមិនចង់មានរឿងរ៉ាវជាមួយអាជ្ញាធរ ពួកគាត់ក៏សម្រេចចិត្តលុបរូបភាព និងវីដេអូចោលទាំងអស់ ។ ជាមួយគ្នានេះក៏មានការចាប់ និងរុញច្រានអ្នកសារព័ត៌មានពលរដ្ឋម្នាក់ដែលជាសមាជិកខេមបូចាគឺអ្នកស្រី ច្រាយ នីម ប៉ុន្តែក្រោយមកបានដោះលែងវិញ បន្ទាប់ពីអ្នកស្រីប្រកែកថា រូបគាត់ពុំមែនជាបាតុករនោះទេ។

នាយកប្រតិបត្តិខេមបូចាលោក ណុប វី មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា ៖ «ការរុញច្រានអ្នកសារព័ត៌មាន ការបង្ខំឱ្យលុបរូបភាព ការតាមដានសកម្មភាពយកព័ត៌មានរបស់ពួកគេ គឺជាទម្រង់នៃការគំរាមកំហែងធ្ងន់ធ្ងរលើអ្នកសារព័ត៌មាន និងជាការរំលោភបំពានលើសិទ្ធិ និងសេរីភាពដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ យើងខ្ញុំទទូចឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ និងបញ្ឈប់នូវរូបភាពទាំងអស់នេះ ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការយកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន»។

ការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាននេះ ស្របពេលកូដករណាហ្គាវើលដ៍នាំគ្នាព្យាយាមធ្វើកូដកម្មនៅក្បែរក្រុមហ៊ុនល្បែងមួយនេះជាថ្មីទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំង និងបានចាប់ខ្លួនពួកគេប្រមាណ១៥០បញ្ចូលទៅក្នុងរថយន្ត ហើយដឹកយកទៅឃុំនៅមណ្ឌលធ្វើចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ។

ក្រៅពីគំរាមកំហែង និងបណ្តេញអ្នកសារព័ត៌មានមិនឱ្យរាយការណ៍ពីសកម្មភាពកូដកម្មនេះហើយ មន្ត្រីសិទ្ធិមនុស្សក្នុងស្រុកមួយចំនួនក៏ត្រូវបានអាជ្ញាធរបណ្តេញពីកន្លែងមានព្រឹត្តិការណ៍តវ៉ានោះផងដែរ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែន ករុណា ចាត់ទុកការរារាំងក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន មិនឱ្យចូលឃ្លាំមើលកូដករ នៅថ្ងៃសុក្រនេះថា ជាការរំលោភសិទ្ធិរបស់អង្គការសង្គមស៊ីវិលយ៉ាងធ្ងន់ធ្ងរ។

លោកបន្តថា សកម្មភាពទាំងអស់នេះ គឺជាសកម្មភាពមួយនៅក្នុងគម្រោងដែលមានអាណត្តិការងារច្បាស់លាស់ក្នុងការឃ្លាំមើលការរំលោភបំពានសេរីភាពក្នុងការជួបជុំធ្វើកូដកម្ម ឬបាតុកម្មដោយសន្តិវិធី។ មួយវិញទៀតលោកថា ការររារាំងបែបនេះ ជាការលាក់បាំងព័ត៌មាន និងសកម្មភាពអ្វីដែលបានកើតឡើងលើក្រុមកូដករ ខណៈក្រុមកូដករនៅតែនាំគ្នាតស៊ូទាមទារយុត្តិធម៌នោះ។

លោកថា«វាជាការរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលដែលនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យហ្នឹងហើយ។ យើងធ្វើសកម្មភាពទាំងអស់នេះ សុទ្ធតែសមស្របទៅហ្នឹងអាណត្តិការងាររបស់យើង  ស្របតាមលក្ខនិ្តកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ ។ អ៊ីចឹងអាជ្ញាធរគួរតែពិនិត្យទៅលើអំពើរបស់ខ្លួនឡើងវិញ ហើយបញ្ឈប់ការរារាំងទាំងអស់ហ្នឹង។ ត្រូវតែបើកសិទ្ធិសេរីភាពឱ្យខាងអង្គការសង្គមស៊ីវិលយើងក៏ដូចជាអ្នកសារព័ត៌មានឱ្យបានទៅយកព័ត៌មាននិងឃ្លាំមើល ទៅលើសកម្មភាពទាំងអស់នេះ»។

​របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM កាលពីម្សិលមិញ ស្តីពី «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ២០២១» បានរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំមុន កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ​ បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន៩៣នាក់ ដោយ៥នាក់ជាស្ដ្រី។  ​ក្នុងនោះ អ្នកសារព័ត៌មានចំនួន ៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ។

ជាមួយគ្នានេះ តួនាទីកាន់តែសំខាន់របស់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានពីសហគមន៍នោះ  ប៉ុន្តែពួកគេក៏ជួប​បញ្ហាប្រឈម​ស្រដៀងគ្នានឹងអ្នកសារព័ត៌មានអាជីពដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ