លោក ពូទីន ថ្លែងថា​រុស្ស៊ី​ស្វាគមន៍​អ្នកស្ម័គ្រចិត្ត​មកពី​មជ្ឈិមបូព៌ា​ដើម្បី​ចូលរួម​ជាមួយខ្លួន​ប្រយុទ្ធ​នឹង​អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ធ្វីតទ័រ៖ President of Russia)

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃសុក្រនេះ បានបើកភ្លើងខៀវដើម្បីនាំយកយុទ្ធជនរាប់ពាន់នាក់មកពីមជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

លោក វ្លាឌីមៀរ ពូទីន ថ្លែងថា៖ «ប្រសិនបើអ្នកឃើញមានមនុស្សទាំងអស់នេះ ដែលមានគោលបំណងពិតប្រាកដ ហើយមិនមែនដើម្បីប្រាក់ មកជួយប្រជាជនដែលរស់នៅក្នុងតំន់ Donbass នោះ យើងត្រូវតែអនុញ្ញាតឱ្យពួកគេធ្វើនូវអ្វីដែលពួកគេចង់ធ្វើ និងជួយពួកគេឱ្យទៅដល់តំបន់ជម្លោះ»។

នៅក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក Sergei Shoigu បានឱ្យដឹងថា អ្នកស្ម័គ្រចិត្តចំនួន១៦ ០០០នាក់ នៅមជ្ឈិមបូព៌ា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមកប្រយុទ្ធជាមួយកងកម្លាំងដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន។

ជាមួយគ្នានេះ លោក Sergei Shoigu ក៏បានស្នើផងដែរថា មីស៊ីល Javelin និង Stinger ផលិតដោយលោកខាងលិច ដែលត្រូវបានចាប់យកដោយកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន គួរតែត្រូវបានប្រគល់ឱ្យទៅកងកម្លាំងក្នុងតំបន់ Donbass។

ជាការឆ្លើយតប លោក ពូទីន ថា៖ «ទាក់ទងនឹងការប្រគល់អាវុធ ជាពិសេសអាវុធដែលផលិតដោយលោកខាងលិច ដែលបានធ្លាក់ទៅក្នុងដៃរបស់កងទ័ពរុស្ស៊ី ខ្ញុំគាំទ្រសកម្មភាពនៃការប្រគល់អាវុធទាំងនេះទៅឱ្យអង្គភាពយោធានៃសាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk»។

លោកបានថ្លែងប្រាប់ទៅកាន់លោក Sergei Shoigu ថា៖ «សូមធ្វើសកម្មភាពនេះចុះ»

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើកការ​ឈ្លានពានលើ​អ៊ុយក្រែន ​កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឡើងភ្លាមៗ​បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានប្រកាសទទួលស្គាល់តំបន់​ផ្តាច់​ខ្លួន​ចំនួនពីរនៅភាគខាងកើតអ៊ុយក្រែនជា​រដ្ឋ​ឯករាជ្យ។

ទាក់ទិននឹងករណីនេះ រុស្ស៊ីបានលើកឡើងថា ខ្លួនកំពុងអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានប្រទេស​លោកខាងលិច​ចាត់ទុកថា ជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់។

យោងតាមការឱ្យដឹងពីលោក Sergei Shoigu យោធារុស្ស៊ីក៏គ្រោងនឹងពង្រឹងព្រំដែនផ្នែកខាងលិចរបស់ខ្លួន​ បន្ទាប់ពីលោកមើលឃើញពីការកើនឡើងនៃអង្គភាពយោធាលោកខាងលិចនៅតាមព្រំដែនរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ