ក្រសួង​អះអាង​ថា ឱសថ Molnupiravir​ ប្រើ​សម្រាប់​ព្យាបាល​ មិនមែន​សម្រាប់​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​នោះ​ទេ​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ចេញ​មក​បញ្ជាក់​ជា​ថ្មី កាល​ពី​ថ្ងៃទី១០ ខែមីនា​ថា ឱសថ Molnupiravir គឺ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺកូវីដ-១៩ មិនមែន​សម្រាប់ការពារ​កុំឱ្យ​កើត​មាន​ជំងឺកូវីដ-១៩ នោះ​ទេ។

ការបកស្រាយពន្យល់របស់ក្រសួងសុខាភិបាលនេះបានធ្វើឡើងជាថ្មីម្ដងទៀត បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែយល់ច្រឡំតៗគ្នាថា ឱសថ Molnupiravir អាចជួយការពារកុំឱ្យឆ្លងវីរុសកូវីដ-១៩ បាន។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា៖ «ឱសថ Molnupiravir គឺជាឱសថប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមែនជាប្រភេទឱសថលេបការពារកុំឲ្យឈឺកូវីដ-១៩នោះទេ សូមបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់ទៅលើចំណុចនេះ»

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តណែនាំថា៖ «នៅពេលណាដែលបងប្អូនធ្វើតេស្ដរហ័ស ហើយឃើញថា វិជ្ជមាននៃវីរុសកូវីដ-១៩ អ៊ីចឹងនៅពេលនោះ ទើបបងប្អូនចាំផ្ដើមពិសារឱសថ Molnupiravir នេះ ដើម្បីជួយដល់ការព្យាបាលនៅក្នុងស្ថានភាពបងប្អូន ដើម្បីទប់ស្កាត់ និងសម្រាលកុំឱ្យមានការវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរ ហើយនិងឆាប់វិវឌ្ឍន៏ទៅរកភាពជាសះស្បើយផងដែរ»

យ៉ាងណាក្តី លោកស្រីនៅតែបញ្ជាក់ដដែលៗថា ប្រសិនបើយើងមិនទាន់ឆ្លងវីរុសកូវីដ-១៩ ទេ ហើយយើងប្រើប្រាស់ឱសថ Molnupiravir នេះ ក្នុងគោលដៅដើម្បីការពារកុំឱ្យកូវីដ-១៩ ឆ្លងចូលមកក្នុងសរីរាង្គរបស់យើង នេះគឺជាការអនុវត្តខុសឆ្គងហើយ។ ព្រោះការដែលមិនឆ្លងជំងឺកូវីដ-១៩ មិនមែនដោយសារបងប្អូនពិសារថ្នាំនេះឡើយ គឺដោយសារការអនុវត្តត្រឹមត្រូវនូវវិធានសុខាភិបាល បូកជាមួយវ៉ាក់សាំងដូសជំរុញផងដែរ។ ដូចនេះបើគ្រាន់តែប្រើប្រាស់ថ្នាំ ហើយធ្វេសប្រហែសមិនការពារខ្លួនឱ្យបានត្រឹមត្រូវ ពោលគឺនៅតែមានលទ្ធភាពឆ្លងដដែល។

ឱសថជាអាវុធមុខពីរ ប្រសិនបើប្រជាពលរដ្ឋប្រើប្រាស់ត្រូវតាមលក្ខណៈបច្ចេកទេសក្នុងទិសដៅព្យាបាលជំងឺកូវីដ-១៩ នោះ Molnupiravir នឹងផ្តល់អត្ថប្រយោជន៍ធំទៅដល់ប្រជាពលរដ្ឋណាដែលមានវិជ្ជមាននៃវីរុសកូវីដ-១៩ ក៏ប៉ុន្តែប្រសិនបើគ្មានករណីផ្ទុកកូវីដ-១៩ទេ គឺវានឹងនាំឱ្យអ្នកប្រើប្រាស់អាសាបង់លុយ ខាតពេលវេលា ព្រមទាំងមានផលប៉ះពាល់ទៅដល់សុខភាពថែមទៀតផង។

ពលរដ្ឋមួយរូបនៅរាជធានីភ្នំពេញ លោក លី សុភារៈ បានប្រាប់ វីអូឌី ថា លោកបានទិញថ្នាំប្រភេទ Molnupiravir ស្តុកទុកចំនួន ៤ កំប៉ុង ដោយសារលោកបានអង្កេតឃើញពីចលនារបស់មេរោគប្រភេទថ្មី អូមីក្រុង (Omicron) ដែលមានវត្តមានដំបូងនៅកម្ពុជា។

លោក ភារៈ បាននិយាយថា៖ «ពួកខ្ញុំបានទិញទុកតាំងពីពេលដែលមនុស្សភាគច្រើនមិនទាន់មានការចាប់អារម្មណ៍ពីបញ្ហានេះមកម្លេះ»

ទោះបីលោកបានទិញស្តុកទុកក៏ពិតមែន ប៉ុន្តែលោកប្រាប់ថា មិនដែលពិសារនោះទេ ព្រោះសារពាង្គកាយគ្មានផ្ទុកវីរុសកូវីដ-១៩ នៅឡើយ។ ម្យ៉ាងទៀតនៅក្នុងលិខិតវេជ្ជបញ្ជាហាមមិនអោយប្រើក្នុងទម្រង់បង្ការនោះទេ។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញ លោក ធុន ភ័ព្យវិភូ បាននិយាយថា ឱសថ Molnupiravir ពិតជាមានប្រសិទ្ធភាពណាស់ ក្នុងការព្យាបាលមេរោគប្រភេទថ្មី អូមីក្រុង (Omicron) នេះ។

លោក វិភូ បានបញ្ជាក់ថា៖ «ក្រុមគ្រូសារខ្ញុំកើតកូវីដសឹងតែទាំងអស់គ្នា ហើយពួកគាត់លេបថ្នាំ Molnupiravir មិនទាន់គ្រប់៥ថ្ងៃផង ក៏តេស្តចេញអវិជ្ជមានវិញហើយ»

យ៉ាងណាក្តី លោក វិភូ នៅតែលើកទឹកចិត្តអោយក្រុមគ្រួសាររបស់គាត់ពិសារថ្នាំអោយអស់គ្រប់៥ថ្ងែតាមវេជ្ជបញ្ជា ទោះបីជាលេបថ្នាំបាន ២-៣ ថ្ងៃតេស្តចេញអវិជ្ជមានហើយក៏ដោយ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងថា ប៉ុន្មានថ្ងៃមុនប្រជាពលរដ្ឋនាំគ្នាផ្អើលរកទិញថ្នាំកូវីដ-១៩ លេប ដើម្បីការពារការឆ្លងកូវីដ ប៉ុន្តែលោកបានបដិសេដចំពោះការយល់ឃើញបែបនេះ។

លោក អ៊ូច វុទ្ធី បានថ្លែងថា៖ «ថ្នាំហ្នឹងវាមិនដែលមានការពារទេ បើសិនជាមានជំងឺកូវីដទើបលេប​ទៅជា ចឹងពេលណាដែលឈឺទើបត្រូវលេបថ្នាំហ្នឹង ហើយគេមានដំណាក់កាលគេទៀត»

ប្រធានសមាគមគ្រូពេទ្យរូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវសិក្សាត្រិះរះឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើអ្វីមួយ ឬជឿអ្វីមួយត្រូវគិត ជាពិសេសត្រូវតាមដានព័ត៌មានឲ្យបានច្រើនកុំចេះតែជឿតាមគេបំភ័យ ព្រោះមានបុគ្គលមួយចំនួនបានឆ្លៀតឱកាសប្រើប្រព័ន្ធអនឡាញបំផុសអ្វីមិនមែនជាការពិត ដើម្បីតែផលចំណេញផ្ទាល់ខ្លួន ដោយមិនគិតពីហានិភ័យដល់បងប្អូនប្រជាពលរដ្ឋឡើយ។

យោងតាមសេចក្តីជូនដំណឹងថ្មីរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ម្សិលមិញនេះថា ចាប់ពីថ្ងៃទី១៤ ខែមីនាតទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស (MOLNATRIS ឬ Molnupiravir Capsules 200mg) ពី ១ ប្រអប់ ដល់ ១០ ប្រអប់ នៅឯក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងសាខាប្រៃសណីយ៍កម្ពុជាខេត្ត។ រីឯមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង អាចស្នើសុំទិញពី ១០ ប្រអប់ ដល់ ១០០ ប្រអប់ ដោយក្នុង១ប្រអប់ តម្លៃ៥០ដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ