ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ប្រើប្រាស់​ថ្នាំ​បង្ការ​វីរុស​កូវីដ-១៩ នៅ​មុន​ពេល​ឆ្លង

មន្ត្រីក្រសួង​សុខាភិបាល​ចុះ​ត្រួត​ពិនិត្យ​ឱសថស្ថាន​លក់​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (រូប៖ ក្រសួង​សុខាភិបាល)

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ជា​ពលករ​ចំណាក​ស្រុក ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេសថៃ បាន​ប្រើប្រាស់​ថ្នាំ ដើម្បី​លេប​បង្កា​ទុក​ជា​មុន នៅ​មុន​ពេល​ឆ្លង​ជំងឺកូវីដ-១៩ ខណៈ​អ្នក​ជំនាញ​បាន​ព្រមាន​ថា ការ​ធ្វើបែប​នេះ នឹង​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ក្រោយ។

ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃម្នាក់ លោក ផុក សុខឃឿន បានអះអាងថា លោកបានប្រើប្រាស់ថ្នាំម្យ៉ាងដែលលោកយល់ថា ជាប្រភេទថ្នាំបុរាណចិន (ឱសថបុរាណ)។ ហើយថ្នាំនេះ គឺលេបក្នុងគោលបំណងដើម្បីការពារទុកជាមុនដើម្បីកម្តៅពោះ ដោយពលកររូបនេះយល់ឃើញថា វីរ៉ុសកូវីដ-១៩ មិនអាចបន្ស៊ំខ្លួននៅក្នុងសីតុណ្ហភាពក្តៅនេះបានទេ។ ម្យ៉ាងវិញទៀត គឺដើម្បីការពារកុំឱ្យកើតមានជំងឺផ្តាសាយផងដែរ។

លោក ផុក សុខឃឿន ដែលមានស្រុកកំណើតនៅភូមិកំរែង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ហើយបច្ចុប្បន្នកំពុងធ្វើការនៅក្នុងប្រទេសថៃ។ លោកបានបញ្ជាក់យ៉ាងដូចច្នេះថា៖ «ថ្នាំលេប យើងលេបការពារទុកពេលមុនដេកដើម្បីកម្តៅពោះវាអ៊ីចឹង កម្តៅឱ្យក្តៅអ៊ីចឹង ព្រោះមេរោគហ្នឹងវាខ្លាចក្តៅអ៊ីចឹង ណាមួយកុំឱ្យផ្តាសាយ ផ្តាសអ៊ឹចឹងណាស់ វាមានជាតិល្វីង វាជាប្រភេទឱសថបុរាណចិន។ លេបមួយថ្ងៃ១គ្រាប់រៀងរាល់ថ្ងៃមុនពេលដេក លេបរយៈពេល១ខែអ៊ីចឹង»

ពលករដដែលបន្ថែមទៀតថា ដោយសារតែលោកមានការព្រួយបារម្ភ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសថៃច្រើនឡើង រហូតដល់ធ្វើឱ្យលោកសម្រេចចិត្តទិញថ្នាំលេបដើម្បីការពារទុកជាមុនពីការឆ្លងនៃវីរ៉ុសកូវីដ-១៩។

លោកមានប្រសាសន៍ថា៖ «ទិញលេបខ្លួនឯងការពារ ភ័យខ្លាចឆ្លងដំបូងៗ ចេះតែភ័យៗទៅចេះតែលេបការពារទៅ»

ជាមួយគ្នានេះដែរ អតីតពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដែរ គឺអ្នកស្រី បៀ សុណាគ្រី បានបង្ហាញបទពិសោធឆ្លាប់ប្រើប្រាស់ថ្នាំ ដើម្បីលេបបង្កាទុកជាមុន មុនពេលឆ្លងជំងឺកូវីដ-១៩នេះដែរ។ អ្នកស្រីយល់ឃើញថា ការការពារដោយលេបថ្នាំមុនពេលឆ្លងវីរ៉ុសកូវីដ-១៩ គឺមិនមានផលប៉ះពាល់អ្វីទេដល់សុខភាព ពីព្រោះថ្នាំដែលពួកគាត់កំពុងតែលេបនោះ ជាប្រភេទថ្នាំបុរាណចិន។

លោកស្រី បៀ សុណាគ្រី មានស្រុកកំណើតនៅភូមិកំរែង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបងដែរនោះយល់ថា៖ «ខ្ញុំលេបថ្នាំមានអី និយាយរួមយើងលេបការពារវាមិនអីទេ បើយើងសង្ស័យខ្លួនយើង យើងលេបការពារវាមិនអីទេ ថ្នាំហ្នឹងឮគេថាធ្វើពីដើមឈើស្អីមិនដឹងទេ»

អតីតពលករចំណាកស្រុករូបនេះបានបញ្ជាក់បន្តទៀតថា ការលេបថ្នាំនេះ គឺធ្វើឡើងបន្ទាប់មានការរីករាលខ្លាំងនៃជំងឺកូវីដ-១៩នៅប្រទេសថៃ។ ហើយថៅកែក្រុមហ៊ុនរបស់គាត់បានចែកថ្នាំប្រភេទឱសថបុរាណចិននេះដើម្បីឱ្យបុគ្គលិករោងចក្រលេបបង្កាការពារទុកជាមុន។

អ្នកស្រីបានបន្ថែមទៀតថា៖ «អាថ្នាំហ្នឹង ពួកក្រុមហ៊ុនគេចែកឱ្យពួកមេៗនៅរោងចក្រ គេចែកឱ្យ៦០គ្រាប់ ឱ្យយើងលេបម្តងពីរគ្រាប់ លេប១គ្រាប់ក៏បាន២គ្រាប់ក៏បាន គេថាឱ្យលេបការពារមុន ប៉ុន្តែមិនមែនការពារមិនឱ្យឆ្លងទេ»

ប្រធានសមគមគ្រូពេទ្យគុណធម៌ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានលើកឡើងថា ការសម្រុកទៅទិញថ្នាំ (ថ្នាំព្យាបាលជំងឺកូវីដ-១៩) តាមគ្នាដោយគ្មានការយល់ដឹងពីបច្ចេកទេសត្រឹមត្រូវទេ ហើយទៅទិញថ្នាំយកមកប្រើ ដោយគ្មានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។​ លោកថា ការធ្វើរបៀបនេះ គឺជារឿងខុសឆ្គង។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានយល់ឃើញថា៖ «សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ហើយកុំពពាក់ពពូនជឿតាមគ្នា ដោយគ្មានការយល់ដឹង គ្មានបច្ចេកទេសត្រឹមត្រូវ ទៅទិញថ្នាំមកប្រើវាប៉ះពាល់សុខភាព ហើយបងប្អូនទី១ មិនបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញៗដែលនៅក្បែរខ្លួន។ ទី២បងប្អូនអត់មានឈឺផង ហើយទៅទិញថ្នាំហ្នឹងលេប (Molnupiravir) ដើម្បីទប់ស្កាត់កូវីដ-១៩ វាអត់មានទេ ថ្នាំវាគ្រាន់ជាអាវុធមួយសម្លាប់មេរោគហ្នឹងឱ្យអស់ ហើយធ្វើឱ្យខ្លួនយើងធូរស្រាលវិញ»

ប្រធានសមាគមគ្រូពេទ្យគុណធម៌រូបនេះបានបង្ហាញការយល់ឃើញបន្តទៀតថា ការលេបថ្នាំការពារទាំងដែលយើងមិនទាន់មានជំងឺអ្វីផងនេះ វាជារឿងដែលមិនត្រឹមត្រូវ ហើយនៅថ្ងៃខាងមុខអាចប៉ះពាល់ដល់សុខភាពបង្កឱ្យរេស៊ីស្តង់នៃការប្រើប្រាស់ថ្នាំឡើងខ្ពស់ ជាហេតុធ្វើឱ្យពិបាកព្យាបាលនៅពេលជំងឺកើតមានឡើង។

លោកថា «ពេលឈឺប្រើថ្នាំកូវីដ-១៩ហ្នឹង ហើយពេលដែលមិនទាន់ឈឺ ហើយទៅលេបថ្នាំហ្នឹងការពារ វាអត់មានទេ ថ្ងៃក្រោយប៉ះពាល់សុខភាពបងប្អូនច្រើន វានឹងអាចរេស៊ីស្តង់ថ្នាំទៀត ពេលណាដែលបងប្អូនប្រើថ្នាំសាហាវពេក ប្រើថ្នាំខ្លាំងពេក ថ្ងៃក្រោយពេលឈឺប្រើថ្នាំល្មមៗអត់ជាទេ ថ្នាំល្មមៗមិនអាចវាយលុកឈ្នះពួកមេរោគ សាហាវខាងក្រៅបានទេ។ បងប្អូនមានហានិភ័យហ្នឹងមួយទៀត ហើយពេទ្យពេលណាគាត់ឱ្យថ្នាំលេបភ្លាម គេរកមូលហេតុ គេវាយសន្សឹមៗឱ្យយើង ឱ្យថ្នាំល្មមៗសិនកាលណា អាល្មមជាសិនបានន័យថា បងប្អូនឈ្នះមេរោគហ្នឹងហើយ ស្គាល់មេរោគហ្នឹង ថ្ងៃក្រោយប្រើថ្នាំល្មមឆាប់ព្យាបាលជា»

ការប្រើប្រាស់ថ្នាំបង្កាមុនពេលឆ្លងជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យនេះ ត្រូវបានអ្នកជំនាញរបស់ក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលអំពីការប្រើប្រាស់ថ្នាំ Molnupiravir ឱ្យបានត្រឹមត្រូវតាមនីតិវិធីស្តង់ដាសម្រាប់ការថែទាំព្យាបាល អ្នកជំងឺកូវីដ-១៩។ ហើយលោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់ឱសថ Molnupiravir គឺប្រើប្រាស់បានតែសម្រាប់អ្នកមានវិជ្ជមានកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនទិញសម្រាប់លេបការពារពីវីរ៉ុសកូវីដ-១៩នោះទេ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាលបានធ្វើការណែនាំ ក្រើនរំលឹកអំពីនីតិវិធីស្តង់ដាដែលយើងត្រូវប្រកាន់យក និងអនុវត្តន៍សម្រាប់ការថែទាំព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះសម្បែង។ ហើយនៅក្នុងការណែនាំនោះថ្វីដ្បិតតែមានការលើកឡើងអំពីការប្រើប្រាស់នូវឱសថ Molnupiravir ប៉ុន្តែការដែលប្រើប្រាស់នេះ គឺសម្រាប់អ្នកដែលរកឃើញវិជ្ជមានវីរ៉ុសកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់ទិញយកទៅលេបដើម្បីការពារមិនឱ្យឆ្លងកូវីដ-១៩នោះទេ»

រដ្ឋាលេខាធិការក្រសួងសុខាភិបាលរូបនេះបន្តថា៖ «អ៊ឹចឹងខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត ព្រោះបងប្អូនមួយចំនួនមានការភាន់ច្រឡំ ហើយម្យ៉ាងទៀតដោយសារការចរាចរនៃវីរ៉ុសកូវីដ-១៩ដែលបច្ចុប្បន្ននេះយើងរកឃើញជារៀងរាល់ថ្ងៃទៅ គាត់ប្រហែលជាមានការភ័យខ្លាចខ្លាំងពេកដែលយើងហៅថា Panic ចាស។ ការភ័យព្រួយបារម្ភវាជាការត្រឹមត្រឹមហើយ ក៏ប៉ុន្តែយើងក៏មិនត្រូវភ័យពេក ហើយក៏មិនត្រូវហ៊ានពេកដែរ! អ៊ីចឹងអ្វីដែលជាកត្តាសំខាន់ គឺការពារខ្លួនយើងទេ ហើយការដែលយើងនាំគ្នាសម្រុកទៅទិញឱសថ Molnupiravir ថ្វីដ្បិតតែយើងមិនទាន់ទាំងរកឃើញវិជ្ជមានវីរ៉ុសកូវីដ-១៩ផង ហើយយើងទិញឱសថនឹងយកមកប្រើប្រាស់វាអត់ត្រឹមត្រូវទេ វាខុសលក្ខណៈបច្ចេកទេសបាត់ទៅហើយ»

ការព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលត្រូវបានក្រសួងអនុញ្ញាតឱ្យប្រជាពលអាចសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង ដោយគ្រាន់តែឱ្យពួកគេអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ និងទទួលទានថ្នាំ Molnupiravir ដែលមានដាក់លក់នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទីកន្លែងឱសថស្ថាននានា ដែលមានចុះបញ្ជិការត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ៕

អត្ថបទដោយ៖ សេក ប៊ុនឈូ សារព័ត៌មានវ័យក្មេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ