បទយកការណ៍៖​ សកម្មជន​បរិស្ថាន​ដែល​ធ្លាប់​ជាប់​ឃុំ​ សរសេរ​សៀវភៅ​លាតត្រដាង​ពី​ជីវិត​អាប់​អួ​ក្នុង​ពន្ធនាគារ

លោក សាន់ ម៉ាឡា អតីតសកម្មជនចលនាមាតាធម្មជាតិ កំពុងអង្គុយកាន់សៀវភៅ « នៅពីក្រោយវាំងននខ្មៅ នៅការិយាល័យបណ្តាញយុវជនកម្ពុជា(CYN) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (សុត បាន/VOD)

អតីតសកម្មជនចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា បានបោះពុម្ពផ្សាយសៀវភៅមួយដែលមានចំណងជើងថា «នៅពីក្រោយវាំងននខ្មៅ»ដែលរៀបរាប់ពីអារម្មណ៍ភ័យខ្លាច និងភាពអាប់អួរ នៅក្នុងពន្ធនាគារ ដើម្បីលាតត្រដាងឱ្យសាធារណជនបានដឹង និងជំរុញឱ្យស្ថាប័នគ្រប់គ្រងពន្ធនាគារកែសម្រួល។​

សៀវភៅ«នៅពីក្រោយវាំងននខ្មៅ» ដែលលោកបានសម្រិតសម្រាំងតែងនិពន្ធឡើងនេះមាន១០៦ទំព័រ និង១៨ ជំពូក ក្នុងជំពូកនីមួយៗ បានបង្ហាញអំពីទិដ្ឋភាព និងរឿងជាក់ស្តែង នៅពន្ធនាគារក្នុងខេត្តកោះកុង។

លោក សាន់ ម៉ាឡា សរសេរក្នុងសៀវភៅថា យប់ដំបូងដែលខ្លួនឈានជើងចូលក្នុងបន្ទប់ឃុំឃាំងនៃពន្ធនាគារ ដោយអារម្មណ៍ព្រួយផង បារម្ភផង ភ័យផង អរផង បន្ទាប់ពីឃើញកែវភ្នែកអ្នកជាប់ឃុំរាប់រយគូបាន សម្លឹងមើលមកកាន់រូបលោកដោយមិនព្រេចភ្នែក ហើយបានស្រែកខ្លាំងៗថា «មាន់ថ្មីមកទៀតហើយ»

លោកសរសេរថា «មនុស្សទាំងអស់«អ្នកជាប់ឃុំ»នោះមានក្បាលត្រងោល មុខកាចៗ បានចេញមកឈរព័ទ្ធជារង្វង់ ហើយបញ្ជាឱ្យខ្ញុំអង្គុយនៅជ្រុងម្ខាងនៃជញ្ជាំង ដោយម្នាក់ៗសម្លឹងមកខ្ញុំមិនព្រមដាក់ភ្នែកទេ»។

លោក សាន់ ម៉ាឡា បច្ចុប្បន្នជាមន្ត្រីគម្រោងតស៊ូមតិនៃ​សមាគមបណ្ដាញយុវជនកម្ពុជាបានរៀបរាប់ប្រាប់វីអូឌីថា សៀវភៅនេះ លោកបានបញ្ចូលអ្វីដែលលោកបានមើលឃើញ ប្រៀបធៀបជាមួយស្ថានភាពលោកនិងមិត្តភ័ក្តិដែលត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌។​

លោក សាន់ ម៉ាឡា«មានជំពូកមួយដែលខ្ញុំចាំជានិច្ចនោះ គឺនៅត្រង់ជំពួកទី២និងជំពូកទី៤ និយាយពីជីវភាពអ្នកជាប់ឃុំ និងត្រីក្នុងស្រះ។ ត្រីក្នុងស្រះនេះខ្ញុំចង់សំដៅថាអំឡុងពេលដែលខ្ញុំជាប់ឃុំក្នុងពន្ធនាគារគឺមានស្រះទឹកមួយដែលអាចឱ្យខ្ញុំទៅអង្គុយលំហែកាយ។ ខ្ញុំឃើញក្នុងស្រះហ្នឹងមានត្រីកំពុងហែលលេងយ៉ាងសប្បាយ ហើយខ្ញុំក៏ប្រៀបធៀបខ្លួនឯង ប្រៀបធៀបប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសង្គមយើងសព្វថ្ងៃនេះថាដូចជាត្រីនៅក្នុងស្រះនឹងចឹងគឺពុំមានសេរីភាពទេ និងមិនអាចបន្លាស់ទី»

សកម្មជនរូបនេះ ត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ពីបទ គំរាមគំហែងនិងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ នៃក្រមព្រហ្មទណ្ឌមាត្រា ៤២៤ អំឡុងពេលរូបលោកនិងក្រុមការងារបានធ្វើយុទ្ធនាការមួយ ដោយទាមទារឱ្យបញ្ឈប់ការបូមខ្សាច់នៅខេត្តកោះកុង។ លោកនិងក្រុមការងារ ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។​

ជីវិតនៃការរស់នៅក្នុងពន្ធនាគារអស់រយៈពេល១០ខែ​​ និង១៤ថ្ងៃ អតីតសកម្មជនចលនាមាតាធម្មជាតិរូបនេះ និយាយថា ជួបការលំបាកច្រើន ទាំងកន្លែងស្នាក់នៅ របបអាហារ ខណៈក្នុងបន្ទប់ដែលស្នាក់នៅនោះ មានទំហំ ៥ម៉ែត្រ គុណ៥ម៉ែត្រ ដាក់អ្នកជាប់ឃុំដល់ទៅ ២០នាក់។

លោកឱ្យដឹងទៀតថា ក្នុងបន្ទប់តូចចង្អៀតណែន  ដោយគ្មានកង្ហារ បន្ទប់ទឹកតែមួយគ្មានអនាម័យនេះ បានធ្វើ​ឱ្យមានក្លិនស្អុយ លាយឡំក្លិនឆ្អាប  ដោយបរិយាកាសបែបនេះ បានធ្វើឱ្យប៉ះពាល់សុខភាពអ្នកជាប់ឃុំ។

លោកបន្តថា៖«អាកាសធាតុនិងសីតុណ្ហភាពក្នុងបន្ទប់ក្តៅពិបាកក្នុងការរស់នៅ បូកផ្សំជាមួយនឹងបន្ទប់ទឹកដែលអត់មានជញ្ជាំង។ ចឹងពេលខ្លះវាបង្កជាក្លិនស្អុយដល់អ្នករស់នៅជាមួយគ្នា ហើយមួយទៀតទាក់ទងនិងរបបអាហារ បាយគឺអត់សូវមានជីវជាតិល្អ​ ម្ហូបមានក្លិនឆ្អាប ខ្វះបន្លែ មិនមានសាច់ គ្មានជីវជាតិគ្រប់គ្រាន់ ខ្វះអំបិល ទាំងនេះអាចធ្វើឱ្យជនជាប់ឃុំដែលគ្មានគ្រួសារមកសួរសុខទុក្ខ ឬមិនមានលុយដើម្បីទិញអីហូប អាចប្រឈមជាមួយនិងការខ្វះជីវជាតិអាហារក្នុងខ្លួន»។

លោក សាន់ ម៉ាឡា ដែលបច្ចុប្បន្នអាយុ ២៩ឆ្នាំ បាននិយាយទៀតថា  ក្នុងនាមជាយុវជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ រូបលោកចង់ឱ្យក្រសួងមហាផ្ទៃ រួមទាំងមន្រ្តីពន្ធនាគារពិនិត្យនិងកែសម្រួលឡើងវិញ ដោយមិនត្រូវដាក់អ្នកជាប់ឃុំចង្អៀតណែនពេកឡើយ ហើយពង្រឹងផ្នែកអនាម័យក​ន្លែងរស់នៅ និង កែប្រែរបបអាហារ។​ លោកបន្តថា បើមិនមានការកែប្រែទេ កន្លែងជាប់ឃុំមិនអាចក្លាយជាកន្លែងកែប្រែមនុស្សនោះឡើយ។​

លោកបន្តថា«ខ្ញុំគិតថាបើសិនមិនមានការកែប្រែទេ វាអាចប៉ះពាល់ទៅដល់សុខភាពរបស់អ្នកជាប់ឃុំ ធ្វើឱ្យគាត់មានសុខភាពទ្រុឌទ្រោម រាងកាយស្គមស្គាំង ហើយវាមិនអាចជួយឱ្យមនុស្ស កែប្រែផ្នត់គំនិត ឬក៏អាចកសាងខ្លួនទៅជាមនុស្សល្អវិញនោះទេ។ អានេះខ្ញុំគ្រាន់តែសំដៅទៅលើអ្នកជាប់ឃុំទូទៅ»។

លោក សាន់ ម៉ាឡា ឱ្យដឹងទៀតថា សៀវភៅដែលលោកសរសេរតាំងពីឆ្នាំ២០១៦ ហើយទើបចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២២នេះ ក្រៅពីបង្ហាញពីស្ថានភាពជីវិតអ្នកជាប់ឃុំទូទៅ លោកក៏ចង់បង្ហាញពីជីវិតអ្នកការពារបរិស្ថានដើម្បីប្រយោជន៍រួមបែរជាត្រូវចោទប្រកាន់និងចាប់ឃុំខ្លួនឱ្យរងទុក្ខវេទនាទៅវិញ។​

លោកបន្តថា៖ «ខ្ញុំសរសេរសៀវភៅ«នៅពីក្រោយវាំងននខ្មៅ» នេះឡើងដើម្បីចង់ចែករំលែកទៅដល់មហាជន ជាពិសេសអ្នកដែលគាត់ស្រឡាញ់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបរិស្ថាន ឱ្យគាត់បានដឹងថា តើក្នុងនាមយើងជាអ្នកទោសមនសិការដែលបានឆ្លងកាត់ជីវិតជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ អំឡុងពេលដែលយើងនាំគ្នាបាតុកម្មអហិង្សាទាមទារឱ្យឈប់ការបូមខ្សាច់នៅក្នុងខេត្តកោះកុងនឹងវាមានរស់ជាតិបែបម៉េច!»

នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ​សិទ្ធិមនុស្ស​​លីកាដូ(Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការស្នើសុំឱ្យមានការកែសម្រួលអំពីភាពចង្អៀតណែន និងរបបអាហារក្នុងពន្ធនាគារកើតមានជាបន្តបន្ទាប់ដែលស្ថាប័ន្ធពាក់ព័ន្ធត្រូវពន្លឿនដោះស្រាយ។​

លោកថា៖​«ខ្ញុំយល់ឃើញថាអ្វីដែលអតីតអ្នកជាប់ឃុំ បានរៀបរាប់សរសេរក្នុងសៀវភៅរបស់លោក«សាន់ ម៉ាឡា» អំពីភាពចង្អៀតណែន ភាពខ្វះអនាម័យ និងរបបអាហារគឺជារឿងពិត ដែលលោកបានជួបប្រទះផ្ទាល់ក្នុងពន្ធនាគារ ហើយរដ្ឋគួរតែយកចិត្តទុកដាក់ពិនិត្យនិងជួយកែសម្រួល ដើម្បីជៀសវាងការលើកឡើងជារឿយៗរបស់អតីតអ្នកជាប់ឃុំ»

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញក្ដីបារម្ភអំពីការគ្រប់គ្រងសន្តិសុខនៅក្នុងពន្ធនាគារ ដោយសារ​អ្នកទោស​គ្រឿងញៀនមានការកើនឡើង ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារ​មួយចំនួន​​មានសភាពចាស់ទ្រុឌ​ទ្រោម​។

លោកបន្តថា ភាពចង្អៀតណែន​ក្នុងពន្ធនាគារនេះ បណ្ដាលមកពីភាពយឺតយ៉ាវរបស់តុលាការ ក្នុង​នោះ អ្នក​ដែល​មាន​សាល​ក្រមនិងសា​លដីកាពីតុលាការ​ជាង១០ ១០០នាក់ប៉ុណ្ណោះ ក្នុងចំណោម​អ្នកជាប់ឃុំជាង៣៧ ០០០​នាក់។

បើតាម​អគ្គលេខានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានបង្ហាញរបាយការណ៍​ក្នុង​​សន្និបាតបូកសរុបការ​ងារ​​ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ថា បញ្ហាប្រឈម​ដែល​ខាង​ពន្ធនាគារជួបប្រទះ គឺ​​​​កង្វះហេដ្ឋា​រចនា​សម្ព័ន្ធ មណ្ឌលអប់រំកែប្រែមិនទាន់​អនុវត្ត​មុខងារ​​ក្នុង​ការគ្រប់គ្រងជនជាប់ឃុំស្ថិតនៅនីតិវិធីតុលាការ ភាពចង្អៀតណែន ខណៈមន្ត្រីអប់រំផ្លូវចិត្ត​តាម​ពន្ធនាគារនៅខ្វះខាតនៅឡើយ។

បញ្ហាប្រឈមមួយចំនួនទៀត ​លោកថា នៅតាមប៉ុស្តិ៍សុខភាពពន្ធនាគារខ្វះខាតមន្ត្រីពេទ្យ ​ខ្វះឧបករណ៍ និង​បរិក្ខារពេទ្យ រួមទាំងឱសថ ខណៈ​អគារពន្ធនាគារមួយ​ចំនួ​នទៀត​មានសភាពចាស់​​ទ្រុឌទ្រោម។​

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ប្រាប់វីអូឌីថា ឧបសគ្គក្នុងការផ្គត់ផ្គង់អាហារនៅក្នុងពន្ធនាគារគឺដោយសារតែបញ្ហាទំនិញឡើងថ្លៃ។​ ទោះជាយ៉ាងណា លោកថា កាលពីខែសីហា ឆ្នាំ២០២១ ស្ថាប័ននេះបានណែនាំឱ្យមានក្រុមការងារពង្រឹងគុណភាពអាហារក្នុងពន្ធនាគារហើយដែរ។

លោក នុត សវនា៖«ក្រុមការងារមានភារកិច្ច ពិនិត្យ ផ្គត់ផ្គង់ទាំងបរិមាណនិងគុណភាព រៀបចំអាហារទៅតាមសាសនា ថែមទាំងជូនពិសេសទ្វេរដងលើជនជាប់ឃុំ​ក្នុងអំឡុងពេលបុណ្យជាតិនានាផងដែរ»។​

បើទោះជានៅក្នុងសៀវភៅ លោក សាន់ ម៉ាឡា បានរៀបរាប់ពីភាពអយុត្តិធម៌ និង ការលំបាកជាច្រើននៅក្នុងពន្ធនាគារមែន ប៉ុន្តែមិនមែនចង់ឱ្យសកម្មជនពិសេសយុវជនដឹងហើយ ភ័យខ្លាចនោះទេ គឺលោកចង់ឱ្យពួកគេដឹងហើយ កាន់តែធ្វើការងារខ្លាំងជាងមុនដើម្បីដោះស្រាយបញ្ហាទាំងនេះ។

លោក សាន់ ម៉ាឡា បន្តថា គាត់ធ្វើជាគំរូ គឺប្រឹងប្រែងរៀបចំសៀវភៅនេះ ដើម្បីជំរុញឱ្យការកែប្រែចំណុចខ្វះចន្លោះដែលលោកបានជួប ហើយលោកនៅតែបន្តការងារតស៊ូមតិដើម្បីការពារបរិស្ថានដដែល។​

លោកបន្តថា៖ «ក្នុងសៀវភៅខ្ញុំនេះចង់បង្ហាញពីឆន្ទៈដ៏មុតស្រួចរបស់យើង បើទោះបីជាជួបនៅការប្រឈមខ្លាំង មានការគំរាមគំហែងរហូតដល់ជាប់ពន្ធនាគារយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនបោះបង់ ហើយក្រោយពីយើងមានសេរីភាព។ យើងនៅតែបន្តបេសកកម្មការងាររបស់យើងដើម្បីការពារធនធានធម្មជាតិរបស់យើងទៅមុខទៀត ទាំងនេះក៏ជាគំរូដល់អ្នកជំនាន់ក្រោយផងដែរ»។

សកម្មជនរូបនេះថា មូលហេតុដែលលោកចង់ឱ្យយុវជនមានសេចក្តីក្លាហាននោះ ដោយថា យុវជនជាកម្លាំងស្នូល ក្នុងការបំពេញការងារដោយឈរលើផលប្រយោជន៍ជាតិជាធំ  និងរួមចំណែកកសាងប្រជាធិបតេយ្យពិតប្រាកដមួយនៅកម្ពុជា។

លោកថា«ជាបទពិសោធន៍របស់ខ្ញុំក្នុងពន្ធនាគារ ដែលខ្ញុំបានសរសេរសៀវភៅ«នៅពីក្រោយវាំងននខ្មៅ» សម្រាប់ជាការចែករំលែកនេះនិងធ្វើឱ្យក្រុមសកម្មជន យុវជនគាត់អាចបំបាត់នូវការភ័យខ្លាច ហើយគាត់អាចពង្រឹងនូវការចូលរួមរបស់គាត់នៅក្នុងកិច្ចការងារសង្គម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ