សហភាពអឺរ៉ុប​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ក្នុង​វិស័យ​មួយចំនួន​ទៀត​លើ​រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ធ្វីតទ័រ៖ President of Russia)

សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានអនុម័តជាផ្លូវការនូវការដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀត​ទៅលើរុស្ស៊ី ទាក់ទង​នឹងការឈ្លានពានអ៊ុយក្រែន ដែលរួមមានការហាមឃាត់ការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណិត និងការនាំចូលផលិតផលដែកពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ការដាក់ទណ្ឌកម្មដែលចូលជាធរមាននៅថ្ងៃអង្គារនេះ ក៏បានបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំអាជីវកម្មជាច្រើនទៀតដែលគាំទ្ររដ្ឋរុស្ស៊ី ក្នុងនោះរួមទាំងម្ចាស់ក្លឹបបាល់ទាត់យក្ស Chelsea លោក Roman Abramovich ផងដែរ។

ទាក់ទិននឹងករណីនេះ គណៈកម្មការអឺរ៉ុបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការ​ដាក់ទណ្ឌ​កម្ម​នេះ​ រួម​មាន ​ការ​ហាម​ឃាត់​យ៉ាង​ទូលំ​ទូលាយ​លើការវិនិយោគថ្មី​នៅទូទាំងវិស័យថាមពលរបស់រុស្ស៊ី។

ប្រភពមួយពីសហភាពអឺរ៉ុប បានប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ឱ្យដឹងថា វិធានការនេះ​នឹ​ង​ប៉ះពាល់ដល់​ក្រុមហ៊ុនប្រេង​សំខាន់ៗ​របស់រុស្ស៊ី ដែលមានដូចជា Rosneft (ROSN.MM), Transneft (TRNF_p.MM) និង Gazprom Neft ប៉ុន្តែសមាជិកសហភាពអឺរ៉ុបនឹងនៅតែអាចទិញប្រេងនិងឧស្ម័នពីក្រុមហ៊ុនទាំងនេះបាន។

គណៈកម្មការអឺរ៉ុបបានបន្ថែមថា ការហាមប្រាមលើការនាំចូលដែកថែបរបស់រុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថានឹងប៉ះពាល់ដល់ផលិតផលដែលមានទំហំទឹកប្រាក់ប្រមាណ៣,៣ពាន់លានអឺរ៉ូ (ស្មើនឹងប្រមាណ៣,៦ពាន់លានដុល្លារ) ។

ជាមួយគ្នានេះ ក្រុមហ៊ុន​របស់សហភាពអឺរ៉ុបទាំងឡាយក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យនាំចេញទំនិញប្រណិតណាមួយទៅកាន់ប្រទេសរុស្ស៊ី ដែលមានតម្លៃលើសពី៣០០អឺរ៉ូ រួមទាំងគ្រឿងអលង្ការផងដែរ ខណៈ​ដែលការនាំចេញរថយន្តដែលមានតម្លៃលើសពី៥ម៉ឺនអឺរ៉ូ ក៏នឹងត្រូវហាមឃាត់។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​តាម​​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលបានធ្វើឱ្យបណ្តាប្រទេសមួយចំនួនផ្សេងទៀត ក្រៅពីសហភាពអឺរ៉ុប ក៏បានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ