ជនជាតិដើមភាគតិច​នៅ​មណ្ឌលគិរី ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​ឈូសឆាយ​ដី​អាស្រ័យផល​របស់​ពួកគេ

ពលរដ្ឋជនជាតិដើមភាគតិច នៅក្រុងសែនមនោរម្យ បានធ្វើការរារាំងសកម្មភាពឈូសឆាយរបស់ក្រមហ៊ុនមួយ ដោយបានចោទថាបានឈូសឆាយលើដីសហគមន៍ជនជាតិដើមភាគតិច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចនៅក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌល​គិរី ចោទ​ក្រុម​ហ៊ុន​ឯកជន​មួយ​ថាបាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដីព្រៃអាស្រ័យផលរបស់ពួកគេ។

អ្នកសម្រប​សម្រួលជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ខេត្ត​មណ្ឌល​គិ​រី អ្នកស្រី ផ្លឹក ភីរុំ ប្រាប់ ​វីអូឌី នៅ​ថ្ងៃពុធ​នេះថា កាលពីថ្ងៃម្សិលមិញ ពលរ​ដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​ប្រហែល៥​០នាក់ បាននាំគ្នាតវ៉ាប្រឆាំងក្រុម​ហ៊ុនឯក​ជន​មួយ​ដែល​មិន​ស្គាល់​ឈ្មោះ ខណៈ​ក្រុម​ហ៊ុន​នេះ​ដាក់​គ្រឿង​ឈូស​ឆាយនិង​កាយ​ក្រវាត់​ព្រំដី​​រំលោភចូល​​ដី​ព្រៃសហគមន៍ជនជាតិដើមភាគតិច​ជាច្រើនហិកតា នៅភូមិឡៅកា សង្កាតសុខដុម ក្រុងសែនមនោរម្យ។

តំណាងជនជាតិ​ដើមភាគ​តិច​រូប​នេះ អះអាង​ថា ជនជាតិដើមភាគតិចពូនង បានគ្រប់គ្រងនិង​អាស្រ័យ​ផល​លើ​ដី​ព្រៃទំហំ​ជាង​៣០០ហិកតានេះតាំង​ពី​ដូន​តាមក​។ អ្នក​ស្រីថា​ ពេលដែលអ្នកភូមិចុះទប់ស្កាត់សកម្ម​ភាព​ឈូស​ឆាយ​របស់​ក្រុម​ហ៊ុន​នោះ ក៏​មានសមត្ថកិច្ចចាំការពារគ្រឿងចក្ររបស់ក្រុមហ៊ុន និងព្យាយាម​ហាមឃាត់ពលរដ្ឋមិនឱ្យរារាំងថែមទៀត។

យ៉ាងណា​ អ្នកស្រីថា ក្រោយពលរដ្ឋផ្ទុះការតវ៉ាខ្លាំង ខាង​ក្រុមហ៊ុនបានផ្អាកសកម្មភាពឈូសឆាយ ប៉ុន្តែ​មិនបាន​ដកគ្រឿងចក្រចេញឡើយ។

អ្នកស្រីបន្ថែមថា៖ «ក្រុមហ៊ុនហ្នឹងកន្លងទៅ ធ្លាប់យកដីសហគមន៍ការពារធន​ធានធម្មជាតិជាង៦០ហិកតារបស់​ជនជាតិដើមភាគតិចហ្នឹង​ មិនទាន់សងមកវិញទេ។ ហើយមួយទៀត ក្រុមហ៊ុនមិនទាន់សងដើមឈើជ័រ​ពួកខ្ញុំ​ទេ ដែលក្រុមហ៊ុនបានឈូសឆាយអស់រាប់ពាន់ដើមតាំងពីឆ្នាំ២០១២។ អីចឹង​ពួកខ្ញុំមិនឱ្យពួកគាត់បន្តធ្វើសកម្មភាពឈូសឆាយទេ មុននឹងវាស់ដីក្រុមហ៊ុនឱ្យបានច្បាស់លាស់ និងដោះស្រាយសំណង​ជាមុនសិន បើមិនអាច នឹងមានអំពើហិង្សា​កើតឡើងមិនខាន»

ជនជាតិដើមភាគតិចពូនងម្នាក់ទៀត​ អ្នកស្រី ញឹត លាត អាយុ​២៨ឆ្នាំ បាននិយាយថា ជនជាតិដើមភាគតិចពូនង​នៅសង្កាត់​សុខដុម​ភាគច្រើន រស់ពឹងលើការរកអនុផលព្រៃឈើ និងធនធានធម្មជាតិ ដូចជា ការរក​ជ័រ ឃ្មុំ បន្លែ ផ្លែឈើ និងធ្វើចម្ការវិលជុំ ជាដើម។

ជនជាតិដើមភាគតិចពូនងរូបនេះបារម្ភពីការ​បាត់បង់ព្រៃឈើ មុខរបរ និងកន្លែងគោរព​បូជារបស់​ជន​ជាតិដើម​ភាគ​តិច ជាពិសេសការប្រែប្រួលអាកាសធាតុ ប្រសិនបើសកម្មភាពឈូសឆាយព្រៃឈើរបស់ក្រុមហ៊ុននេះ​មិនត្រូវទប់ស្កាត់។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសព្វថ្ងៃរស់នៅពឹងលើព្រៃហ្នឹងហើយ​ សម្រាប់អាស្រ័យផល ដូចជា ​រកឃ្មុំចុងផ្ដៅ រក​ជ័រ​ជាដើម​ហ្នឹង។ បើសិនយើងទុកព្រៃហ្នឹងក៏វាមានតម្លៃដែរ សម្រាប់អាកាសធាតុ កុំឱ្យវាមានការប្រែប្រួល។ ពួកខ្ញុំបានការពារព្រៃនេះរាប់ឆ្នាំហើយ ស្រាប់តែឆ្នាំនេះ ពួកគាត់ [ក្រុមហ៊ុន] បន្តធ្វើសកម្មភាពឈូសឆាយទៀត អ៊ីចឹង​ពួកខ្ញុំអត់សុខចិត្តទេ ម្នាក់ៗត្រូវតែតស៊ូ ត្រូវតែលះបង់ ដើម្បីព្រៃនេះ។ បើគាត់នៅតែបន្តផ្ដល់ដើមឈើហ្នឹង ខ្ញុំក៏សុខចិត្ត​លះបង់ជីវិត ដើម្បីការពារដើមឈើហ្នឹងដែរ»

វីអូឌី មិនអាចសុំការឆ្លើយតបពី​លោក គ្រុយ រីណា ដែលអ្នកភូមិអះអាងថាជាតំណាងក្រុមហ៊ុនបានទេ នៅថ្ងៃពុធនេះ។

ចៅសង្កាត់សុខដុម លោក ពៅ សុផាត អះអាងថា ក្រុមហ៊ុនធ្វើការកាយក្រវាត់ព្រំដីរបស់ក្រុមហ៊ុន​ដែលទទួល​បានសិទ្ធិវិនិយោគពីរដ្ឋាភិបាលស្របតាមច្បាប់។ លោកថា ដី​ដែលក្រុមហ៊ុនកំពុងធ្វើសកម្មភាពឈូសឆាយនោះ ស្ថិតនៅស្រុកពេជ្រាដា មិនមែន​ស្ថិតក្នុងក្រុងសែនមនោរម្យឡើយ។

ចៅសង្កាត់រូបនេះ​បន្តថា ជុំវិញ​ជម្លោះ​ដីធ្លី​នេះ គឺ​ហួស​ពី​ដែន​សមត្ថកិច្ចរបស់លោកក្នុងការដោះស្រាយ ហើយ​អាជ្ញាធរសង្កាត់ មានសិទ្ធិត្រឹមតែណែនាំដល់ពលរដ្ឋកុំប្រើប្រាស់ហិង្សា និងធ្វើឱ្យប៉ះពាល់ដល់គ្រឿងចក្រ​របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ខ្ញុំមិនចាំទេឈ្មោះរបស់ក្រុមហ៊ុន ប៉ុន្តែសកម្មភាពគាត់ធ្វើនេះ គ្រាន់តែកាយព្រំតាមគោល​ការណ៍​ដីរបស់គាត់ចាស់។ រឿងនេះមិ​នដឹង​ដោះស្រាយ​យ៉ាង​ម៉េច​ទេ ព្រោះជាដីសម្បទានរបស់គេ អ៊ីចឹងវាពិបាកដែរ ពីព្រោះគេមានច្បាប់ទម្លាប់របស់គេត្រឹមត្រូវ»

អ្នកប្រឹក្សាយោបល់បណ្ដាញជនជាតិដើមភាគតិច​នៅខេត្តមណ្ឌលគិរី លោក គ្រឿង តុលា មាន​ប្រសាសន៍ថា ព្រៃឈើដែលក្រុមហ៊ុន​កំពុងធ្វើសកម្មភាពឈូសឆាយនោះ ជាតំ​ប​ន់ព្រៃ​ស្រោង និង​នៅឆ្ងាយរាប់គីឡូ​ម៉ែត្រ​ពី​ដី​ចម្ការរបស់ក្រុមហ៊ុន។

លោក គ្រឿង តុលា អះអាងថា ក្នុងខេត្តមណ្ឌលគិរី មានអាជ្ញាធរ និងក្រុមហ៊ុនគប់គិតគ្នារំលោភយកដីព្រៃរបស់រដ្ឋជាច្រើនករណី។ លោកថា ពួកគេបានបន្លំឈូលឆាយរំលោភយកដីរដ្ឋហួសពីដែនកំណត់រាប់សិបហិកតា ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក។

តំណាងជនជាតិដើមភាគតិចរូបនេះបានអំពាវនាវដល់រដ្ឋាភិបាលចុះស្រាវជ្រាវ និងចាត់វិធានការលើករណីនេះឱ្យតឹងរ៉ឹង ដើម្បីរក្សាធនធានធម្មជាតិ និងព្រៃឈើរបស់រដ្ឋ។

លោកបន្ថែមថា៖ «សកម្មភាពកាយនេះជាព្រៃស្រោង មិនជាប់ពាក់ព័ន្ធនឹងព្រំដីក្រុមហ៊ុនទេ វានៅឆ្ងាយពីព្រំក្រុមហ៊ុន​ប្រមាណជា១គីឡូម៉ែត្រឯណោះ។ សកម្មភាពនេះ វាធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ និងជាការបំផ្លិច​បំផ្លាញ​ដើម​ជ័រ​ទឹក​របស់​ពលរដ្ឋ​ជាច្រើន​ដើម និង​ជាកន្លែងដែនជម្រកសត្វព្រៃភ្នំព្រិចរបស់រដ្ឋផងដែរ។ នេះគេហៅថា កន្ទេលធំបន្លំដេកច្រើនជាង»

ក្នុងពិធីមួយក្នុងខេត្តមណ្ឌលគិរី កាលពីខែតុលា ឆ្នាំ២០២១ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលស្គាល់ថា ពិតជាមាន​ការប្រើអំណាចរំលោភយកដីរបស់​ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរដ្ឋនៅខេត្តភាគឦសានមួយនេះប្រាកដមែន។

រដ្ឋមន្ត្រីរូបនេះបានបង្ហាញការសោក​ស្ដាយចំពោះមន្ដ្រីមួយចំនួន ដែលលោកថា ​​បានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដីធ្លីប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយ​លោកចាត់ទុកករណីនេះថា ជាភាពលោភលន់របស់មន្ត្រីទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ