ក្រសួង​លុប​អាជ្ញាបណ្ណ​អង្គភាព​សារព័ត៌មាន​ចំនួន៣ ដោយសារ​បំពាន​ក្រមសីលធម៌​និង​វិជ្ជាជីវៈ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងព័ត៌មាន ​សម្រេចមិនបន្ត​អាជ្ញាបណ្ណ​អាជី​វកម្ម​​ឱ្យ​​អង្គ​ភាព​សារ​ព័ត៌​មាន​ចំនួ​ន​៣ ដោយសារតែអង្គភាពទាំងនោះបានបំពានលើក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និងកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួង។

អង្គភាពសារព័ត៌មានដែលក្រសួងសម្រេចលុបចោល​នោះ​ រួម​មាន អង្គភាព​សារ​ព័ត៌មាន Bayongtimes  (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.com) និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) ។

ក្នុងលិខិតរបស់ក្រសួងព័ត៌មានបានឱ្យដឹងកាលពីថ្ងៃទី១៥ ខែមីនានេះ​ថា ដើម​ចម​ដែល​នាំឱ្យ​ក្រសួង​​សម្រេច​មិន​បន្ត​អាជ្ញាប​ណ្ណ​ឱ្យ​អង្គភាពសារព័ត៌មានចំនួន៣នោះ ដោយសារ​តែគណៈកម្មា​ធិការ​នីតិកម្មនៃក្រសួងព័ត៌មាន​ បានរកឃើញថា​ អង្គភាពទាំង៣នោះធ្វើការផ្សព្វផ្សាយព័ត៌មានបំពានលើ​ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួង​។

ករណីនេះ ក្រសួងព័ត៌មានប្រាប់ទៅប្រធានមន្ទីរព័ត៌មានទាំង២៥រាជធានី-ខេត្ត មិនអនុញ្ញាត​ឱ្យ​បន្ត​​អាជ្ញា​បណ្ណដ​ល់​អង្គភាពសារព័ត៌មានទាំង៣នោះទៀតឡើយ ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពី​អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានទេ​ នៅ​រសៀល​​ថ្ងៃ​ពុធ​នេះ ខណៈអ្នកនាំពាក្យ​មួយ​រូបទៀត លោក​ ផុស សុវណ្ណ បដិសេធអធិប្បាយ​។

ចាងហ្វាងសារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) លោក ទូច យុទ្ធា មាន​ប្រសាសន៍​​ថា ការ​​ដែល​​​ក្រសួង​​​មិន​បន្តអាជ្ញាបណ្ណ​ឱ្យ​​អង្គភាព​សារ​ព័ត៌មាន​​របស់​លោក ដោយសា​រ​តែ​​​កាលពី​ដើម​ខែ​កុម្ភៈ លោក​បាន​ផ្សព្វ​ផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធនឹង​​មន្ត្រីរាជការសំណូមពរទៅលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើប​អង្កេត​ក្រុមហ៊ុន២នៅ​ក្រសួងការងារ ដែលបាន​​កិបកេង​លុយ​រដ្ឋ​រាប់​លាន​ដុល្លារក្នុងមួយឆ្នាំៗ ពីគម្រោងដេញថ្លៃសម្ភារសម្រាប់​យកទៅផ្គត់ផ្គង់នៅក្រសួងការងារ នាពេលកន្លងមកនេះ។

លោកយល់ថា ការសម្រេចរបស់ក្រសួង​​​ជាការបិទសិទ្ធិសេរីភាពនិងជាការបំភិតបំភ័យទៅលើអ្នកសារព័ត៌មាន ខណៈ​ការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពលោកនាពេលកន្លងមក ធ្វើទៅតាម​វិជ្ជា​ជីវៈ និង​មានក្រមសីលធម៌។

លោកមានប្រសាសន៍​ថា៖ «ខ្ញុំជាអ្នកការពារថវិកាជាតិ មិនមែនទៅបំផ្លាញ អ៊ីចឹង​ក្រសួងព័ត៌មានគួរតែ​លើកទឹកចិត្តខ្ញុំ មិនមែនទៅបំភិតបំភ័យ ឬក៏យកកិច្ចការងារដកអាជ្ញាបណ្ណ យកមកបន្លាច ឬក៏បំភិត​បំភ័យ​ខ្ញុំនោះទេ»។

ចាង​ហ្វាង​អង្គ​ភាព​សារព័ត៌​មាន Bayongtimes (www.bayongtimes.com) លោក តិល សាមុត និយាយ​ថា កន្លងមក ស្ថាប័នគាត់តែងតែផ្សព្វផ្សាយព័ត៌មានដែលជារឿងរស៊ើបរបស់មន្ត្រីរដ្ឋាភិបាល​មួយ​ចំនួន​​ដែល​​អសកម្ម​ការ​ងារ និង​ពាក់ព័ន្ធ​អំពើពុក​រលួយ​ជាដើម ទើបនាំឱ្យមន្ត្រីទាំងនោះទាក់​ទង​ទៅ​មន្ត្រី​ក្រសួង​ព័ត៌​មាន​មិន​ឱ្យ​បន្ត​អាជ្ញាបណ្ណដល់អង្គភាពរបស់លោកបែបនេះ។

លោកមានប្រសាសន៍ថា៖ «ព័ត៌មានខ្ញុំផ្សាយសុទ្ធតែមានវិជ្ជាជីវៈទាំងអស់ ហើយរឿងនេះមិនមែនខុសនឹងវិជ្ជាជីវៈសារព័ត៌មានទេ រឿងនេះគឺជារឿងក្រុមមន្ត្រី ដែលគេតែងនិយាយតគ្នាថា ក្រុមមន្ត្រីដែលគេតែងតែនិយាយតគ្នាថា ក្រុមមន្ត្រីគ្រាប់ល្ពៅ មន្ត្រីខិលខូច មន្ត្រីអសកម្មការងារ គាត់ធ្វើខុស យើងចុះផ្សាយ។ អ្នកដែលខ្ញុំផ្សាយរឿងគាត់ហ្នឹង គាត់រត់ទៅក្រុមកាងឱ្យមកបុករុក ធ្វើទុក្ខបុកម្នេញដល់ពួកខ្ញុំដែលជាអ្នកសារព័ត៌មាន»។

នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJa) លោក ណុប វី សង្កេតឃើញថា អង្គភាពសារព័ត៌មានទាំង៣ដែលក្រសួងសម្រេចមិនបន្តអាជ្ញាបណ្ណឱ្យទៀតនោះ ដោយសារតែពួកគេធ្វើការផ្សព្វផ្សាយព័ត៌មានភាគច្រើននិយាយពីចំណុចរសើបរបស់រដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ។

លោក​ចាត់ទុកករណីនេះថា​ជាការរឹតត្បិតសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ រួមទាំង​ជាសារ​គំរា​មកំ​ហែង​ដល់​ស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈ លែងហ៊ានផ្សព្វផ្សាយព័ត៌មានរសើបរបស់រដ្ឋាភិបាលបន្តទៀត។

លោកមានប្រសាសន៍ថា៖ «ការបដិសេធ វាអាចជាការគំរាមកំហែងទៅដល់អ្នកសារព័ត៌មាន ឬក៏ស្ថាប័នសារព័ត៌មានផ្សេងទៀតថា បើសិនជាគាត់រាយការណ៍ព័ត៌មានប៉ះពាល់ [រដ្ឋាភិបាល ឬមន្ត្រី] ធ្ងន់ធ្ងរ គឺពួកគាត់អាចប្រឈមជាមួយក្រសួង ក្នុងការមិនបន្តអាជ្ញាបណ្ណដូចគ្នានេះអ៊ីចឹងដែរ»។

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្ដល់ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌​មាន​​នៅ​កម្ពុជា ​ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​​១៨០ប្រទេស​​នៅ​​លើ​ពិភព​​លោក។ សេរីភាព​សារព័ត៌មានដែលអង្គការនេះ ​វាយ​តម្លៃ បង្ហាញ​​ថា កម្ពុជា​​បាន​ធ្លាក់​​ចុះ​​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក។

អង្គការដដែលនោះបន្តថា បើ​ធៀប​នឹង​បណ្ដាប្រទេស​ក្នុង​តំបន់​ កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាទាប​ជាង​ថៃ ម៉ាឡេស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វីលីពីន លើកលែងតែ​សិង្ហបុរី វៀតណាម ប៊្រុយ​ណេ និង​ឡាវប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ