របាយការណ៍​ថ្មី​មួយ​អំពាវនាវ​ឱ្យ​មាន​វិធានការ​គាំពារ​ផ្លូវទឹក​សំខាន់​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍

ប្រជានេសាទកំពុងបង់សំណាញ់នៅទន្លេមេគង្គ។ (រូបភាព៖គេហទំព័រគណៈកម្មការទន្លេមេគង្គ)

របាយការណ៍ថ្មីមួយរបស់​គណៈកម្មការទន្លេមេគង្គ បាន​អំពាវនាវឱ្យមាន «ការ​ទូតទឹក» ជា​បន្ទាន់ ដើម្បី​​គាំពារ​ទន្លេ​ធំ​ជាង​គេបំ​ផុត​របស់​អាស៊ី​អាគ្នេយ៍ ខណៈ​ទន្លេ​​មេគង្គ​ដែល​​ទ្រទ្រង់​អាយុ​ជីវិត​​ប្រជាជនរាប់លាននាក់​ បាន​​រង​​ផល​​ប៉ះពាល់ខ្លាំងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ។

នៅថ្ងៃទី១៥ ខែមីនា ម្សិលមិញ​​ គណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) រួមមាន ​ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានចេញផ្សាយនូវ “របាយការណ៍សមិទ្ធផល” របស់ខ្លួន សម្រាប់​ផែនការយុទ្ធសាស្ត្រ MRC ឆ្នាំ២០១៦-២០២០

សេចក្ដីប្រកាស​ព័ត៌មាន​របស់ MRC បានលើកឡើងថា ​របាយ​ការណ៍​នេះគូសបញ្ជាក់ពីព្រឹត្តិ​ការណ៍​ថ្មីៗ​ ក្នុងកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ដោយ​បានរំលេចបង្ហាញពីសមិទ្ធផលធំៗ វិធាន​​​ការ​​ដែលបានអនុវត្ត និងសូចនាករសំខាន់ៗ ដែលជួយលើកកម្ពស់ការយល់ដឹងក្នុងតំបន់ទាំង​​មូល ​ពី​របៀប​នៃ​ការ​អភិវឌ្ឍ ទឹកជំនន់ និងគ្រោះរាំងស្ងួតដែលកាន់តែធ្ងន់ធ្ងរ បាន​ជះឥទ្ធិពលលើអាងទន្លេមេគង្គក្រោម ទាំងវិជ្ជមាន និងអវិជ្ជមាន។

សកម្មភាពទាំងនេះបានជំរុញប្រទេសជាសមាជិក MRC អំពាវនាវឱ្យ​ចាត់វិធានការបែបសម្រប​សម្រួល និងមិនធ្លាប់មានពីមុនមក រួមទាំងប្រតិបត្តិការជាមួយនឹងប្រទេសនៅផែ្នកខាងលើទន្លេទាំងពីរ គឺប្រទេសចិន និងមីយ៉ាន់ម៉ា។

សេចក្ដីប្រកាសព័ត៌មានរបស់ MRC បានគូសបញ្ជាក់ថា៖ «សព្វថ្ងៃនេះ ដោយសារទន្លេមេគង្គដែលទ្រទ្រង់អាយុជីវិតប្រជាជន បានរងផលប៉ះពាល់ខ្លាំងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ ដូច្នេះ​របាយការណ៍ថ្មីមួយអំពាវ​នាវឱ្យ​មាន “ការទូតទឹក” ជាបន្ទាន់ ដើម្បី​គាំពារទន្លេធំជាងគេបំផុតរបស់អាស៊ី​​អាគ្នេយ៍ និងលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពសម្រាប់​ប្រជាជនរាប់លាននាក់នៅទូទាំងតំបន់នេះ»។

លោក ប្រាវិត វង្សសូវុន (Prawit Wongsuwon) ឧបនាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គថៃ មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​ថា បច្ចុប្បន្ន​ គ្រប់​ភាគី​ពាក់​ព័ន្ធ​​ត្រូវ​ធ្វើកា​រ​បន្ថែម​ទៀត ដើម្បីអនុវត្តយន្តការនិងគ្រប់គ្រងធនធានទឹកនានា។

លោក វង្សសូវុន បន្តថា៖ «នៅក្នុងអាងទន្លេមេគង្គក្រោម ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បង្ហាញនូវផលវិបាកយ៉ាងខ្លាំងសម្រាប់សុខុមាលភាពសង្គម និងសេដ្ឋកិច្ចរបស់យើង ដែលវាតំណាងឱ្យ​បញ្ហាប្រឈមកំពុងកើតឡើងមួយសម្រាប់អ្នកតាក់តែងគោលនយោបាយ។ ការទូតទឹក កាន់តែមានសារៈសំខាន់ខ្លាំងឡើងក្នុងតំបន់របស់យើង ជាពិសេសទាក់ទិននឹងកំណើននៃចំនួនគម្រោងទំនប់វារីអគ្គិស​នី និង​ហេដ្ឋារចនាសម្ព័ន្ធទឹកដទៃទៀត ព្រមទាំងសកម្មភាពអភិវឌ្ឍន៍នានា»។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC ដើម្បីសម្រេចឱ្យ​​បាននូវគោលដៅនេះ MRC បាន​កែ​សម្រួល​​ក្របខណ្ឌសូចនាកររបស់ខ្លួន​​សម្រាប់​វិស័យ​ទាំង​៥ ​ក្នុងការគ្រប់គ្រងអាងទន្លេ រួមមាន បរិស្ថាន សង្គម សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការ។​

លោកបណ្ឌិត អាន ពេជ្រហត្ថដា ដែលជានាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC នាពេលនោះ លើកឡើងថា៖  «យើងបានធានាភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលទឹកស្ដីពីកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ និងធ្វើឱ្យ​ប្រសើរឡើងនូវភាពជាដៃគូរបស់យើងជាមួយនឹងសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍។ កិច្ចសហប្រតិបត្តិការបែបនេះបានផ្ដល់ជាប្រយោជន៍រួចមកហើយ។ កាលពីឆ្នាំមុន MRC និងអាស៊ាន បានរៀបចំសម្ភោធ “កិច្ចសន្ទនាស្ដីពីសន្តិសុខទឹក” ដើម្បីជំរុញឱ្យ​​មានដំណោះស្រាយបែបនវានុវត្តន៍ ចំពោះបញ្ហាប្រឈមដែលកើតមានសម្រាប់​សន្តិសុខទឹក»។

បើតាម MRC ​ទន្លេមេគង្គ ស្ថិតក្នុងចំណោម​ទន្លេធំជាងគេ និងមានជីវចម្រុះ​សម្បូរ​បែប​បំផុត​លើ​ពិភព​លោក។ អាងទន្លេដែលមានក្រឡាផ្ទៃ ៧៩៤ ០០០គីឡូម៉ែត្រការ៉េ គិតចាប់ពី​ខ្ពស់​រាប​ទីបេ រហូតដល់​ដែន​ដីសណ្តទន្លេមេគង្គ។ ទន្លេនេះមានប្រទេសប្រហែល៥ ០០០គីឡូម៉ែត្រ និង​ហូរកាត់​ប្រទេស​ចំនួន​៦ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និង​ចិន។

អាងទន្លេមេគង្គក្រោម ដែលស្ថិតនៅប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម គឺជាលំនៅឋាន​របស់​​ប្រជាជន​ច្រើនជាង៦៥លាននាក់។ អាងទន្លេនេះផ្ដល់លទ្ធភាព​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ការ​​ដឹក​ជញ្ជូន សន្តិសុខស្បៀង និងការរកប្រាក់ចំណូល ហើយ​ក៏ជា​ដែន​នេសាទ​ទឹក​សាប​ធំ​ជាង​គេ​បំផុ​ត​នៅលើពិភពលោកផងដែរ ដែលផ្ដល់​ផលត្រី និងវារី​សត្វដទៃ​ទៀត ច្រើន​ជាង៤​លាន​​តោន​ក្នុងមួយឆ្នាំៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ