នាយករដ្ឋមន្ត្រី​ថា​អ្នកដំណើរ​ពី​បរទេស​មិនបាច់​ធ្វើ​តេស្ត​កូវីដ-១៩ ព្រោះ​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ទទួល​ខុសត្រូវ​ហើយ

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ថ្លែងថា អ្នកដំណើរពីបរទេសមិនបាច់បង្ហាញលទ្ធផល PCR និងធ្វើតេស្តរហ័សទៀតទេ ពេលមកដល់កម្ពុជា ដោយថាបណ្ដាក្រុមហ៊ុន​អាកាសចរណ៍​ជាអ្នកទទួលខុសត្រូវលើរឿងនេះរួចទៅហើយ។

ការថ្លែងរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅ​ក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

លោក​ ហ៊ុន សែន លើកឡើងថា កាលពីថ្ងៃទី១៦ ខែមីនា ម្សិលមិញនេះ លោកបានសម្រេចលើបញ្ហាចំនួន៣ ដើម្បីដាក់ឱ្យប្រើប្រាស់ចាប់តាំងពីថ្ងៃទី១៧ ខែមីនានេះតទៅ។ លោកថា អ្នកដំណើរពីបរទេសមិនតម្រូវឱ្យធ្វើតេស្ត PCR រយៈពេល៧២ម៉ោងទៀតទេ។

លោកមានប្រសាសន៍ថា៖ «ឥលូវនេះ កម្ពុជាអត់មានតម្រូវការ [ធ្វើតេស្ត] ទេ យើងគិតថាបណ្ដាក្រុមហ៊ុន​យន្ត​ហោះមានការទទួលខុសត្រូវហើយទៅលើបញ្ហាការធ្វើដំណើរមកដល់ នេះការលើកលែងទី១។ ការលើកលែងទី២ មកដល់ព្រលានយន្តហោះរបស់យើងមិនបាច់ធ្វើតេស្តទៀតទេ ពីមុនយើងធ្វើ Rapid Test ពីមុនធ្វើ PCR ហើយត្រូវរង់ចាំលទ្ធផល។ ក្រោយមក យើងលុបចោលអាការធ្វើ PCR មកធ្វើ Rapid Test ១៥ ឬ ២០នាទី យើងអាចដឹងលទ្ធផល។ ប៉ុន្តែឥលូវនេះមិនបាច់ឆ្កឹះច្រមុះទេ មកដល់គឺកាត់កាតាប យក Passport ចេញដំណើរទៅតែម្ដង»។   

លោក ហ៊ុន សែន ថាចំណែកការលើកលែងទី៣ អ្នកដំណើរមិនចាំបាច់យកទិដ្ឋាការ (Visa) តាមប្រទេសណាទេ គឺអាចយកទិដ្ឋាការពេលមកដល់កម្ពុជាតែម្ដង។  

រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល​ នៅថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាស​​លុប​​ចោល​​លក្ខ​ខណ្ឌ​តម្រូវ​ឱ្យអ្នក​ដំណើរ​មក​​ពី​បរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជ​មាន និង​លុប​ចោល​ការ​ធ្វើតេស្តរហ័ស​ពេលមកដល់ទឹកដី​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មានបាន​ឱ្យ​ដឹង​ថា ក្រោយ​​​ទទួល​ការឯកភាពពីលោក​ ហ៊ុន សែន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ក្រសួងសុខាភិបាលបន្តថា៖ «[១] លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។ [២] លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា»។

ប្រភពដដែលថា ទោះបីជាមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២នេះ​ក៏ដោយ ក៏ក្រសួង​នៅតែលើកទឹកចិត្តដល់អ្នកដំណើរ​ទាំង​អស់ គប្បីធ្វើតេស្តរហ័សដោយ​ខ្លួន​ឯង។ ជាមួយគ្នានេះ អ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្រ​បញ្ជាក់ការចាក់​វ៉ាក់​សាំង​កូវីដ-១៩ នៅពេលមកដល់កម្ពុជា។

ក្រសួងបន្តទៀតថា ​ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តា​ឡីស័ករយៈពេល១៤ថ្ងៃ​នៅតាមទីតាំងដែលកំណត់ដោយ​ក្រសួងសុខាភិបាល ឬអាជ្ញាធរ​មាន​សមត្ថ​កិច្ច។

យ៉ាងណា បន្ទាប់ពីប្រកាសលុបចោលការបង្ហាញលទ្ធផល PCR និងធ្វើតេស្តរហ័សលើអ្នកដំណើរពីបរទេសមកកម្ពុជា ក្រសួងសុខាភិបាលនៅថ្ងៃដដែលនេះ បានចេញសេចក្ដីជូនព័ត៌មានស្ដីពីយុទ្ធនាការអប់រំជាតិ ក្រោមប្រធានបទ «កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុន អាចបណ្ដាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ»

ក្នុងនោះ ក្រសួងសុខាភិបាលបានបង្ហាញនូវការព្រួយបារម្ភពីស្ថានភាពនៃការឆ្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង ខណៈនៅកម្ពុជាករណីវិជ្ជមានវីរុសកូវីដ-១៩ និងករណីស្លាប់ដែលរកឃើញប្រចាំថ្ងៃស្ថិតនៅតួលេខខ្ពស់នៅឡើយ។

ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា គួរឱ្យមានការព្រួយបារម្ភ ដោយយើងនៅតែមានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ស្ថិតនៅខ្ទង់រយជារៀងរាល់ថ្ងៃ និងមានករណីស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ផងដែរ […]។

ក្រសួងសុខាភិបាលថា តាមការសង្កេតរបស់ខ្លួន ពលរដ្ឋមួយចំនួនមិនបានបន្តយកចិត្តទុកដាក់អនុវត្ត ឬក៏អនុវត្តមិនបានត្រឹមត្រូវ មិនបានហ្មត់ចត់និងម៉ឺងម៉ាត់ នូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេសការជួបជុំគ្នានៅតាមពិធីផ្សេងៗមានការខ្វះខាត ឬមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលជាហានិភ័យខ្ពស់នៃការចម្លង។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ទទួលស្គាល់ថា ការធ្វើតេសត្ត PCR និងតេស្តរហ័សគឺជាឧបសគ្គសម្រាប់អ្នកទេសចរ​ដែលមកកម្ពុជា ពោលគឺពួកគេអាចនឹងធុញទ្រាន់​។

យ៉ាងណា លោកថា បើសិនមិនមានការធ្វើតេស្តនិងពិនិត្យមុនអនុញ្ញាតឱ្យដើរហើរទេ លោកបារម្ភពីហានិភ័យនៃការឆ្លងវីរុសបំប្លែងថ្មីដូចជា BA2 ដែលទើបបំប្លែងខ្លួនពី«អូមីក្រុង»ចូលក្នុងសហគមន៍ ហើយ​វីរុសនេះអាចបង្កហានិភ័យដល់អ្នកដែលចាក់វ៉ាក់សាំងរួច។

លោកថា៖ «ទន្ទឹមនឹងការផ្ដល់ការលើកកម្ពស់វិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច ដែលយើងកើតមាន ប៉ុន្តែក្នុងនោះក៏យើងត្រូវព្រួយបារម្ភអំពី BA2 ហ្នឹងដែរ ថាតើវានឹងមានហានិភ័យខ្លាំងទេសម្រាប់កម្ពុជា ដែលកម្ពុជាគួរតែមានការយកចិត្តទុកដាក់ចំពោះបញ្ហាហ្នឹង»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍ថា ការលើកឡើងរវាងប្រមុខរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហាក់នៅមិនទាន់ស៊ីសង្វាក់គ្នានៅឡើយ។

លោកបន្ថែមថា តាមពិត PCR និងតេស្តរហ័ស ជួយបានច្រើនណាស់ ដែលកម្ពុជាមិនទាន់អាចរំលង​បាននៅឡើយ ព្រោះវាផ្ដល់ទំនុកចិត្តថា អ្នកដំណើរដែលចូលមកកម្ពុជាមានភាពស្អាតស្អំ មិនបាននាំវីរុសមកចម្លងក្នុងសហគមន៍។

លោក អ៊ូច វុទ្ធី ថា៖ «យើងមើលខាងវៀតណាម អត់ទាន់បើកទូលាយផង។ វៀតណាម គេបិទច្រកព្រំដែន គេអត់ទាន់បើកទូលាយផង។ គេនៅបិទ គេនៅការពារប្រជាជនគេ អត់ឱ្យ [Virus] ហូរចូល។ ហើយមួយទៀត អ្នកណាដែលចូលថ្មី គេតាមដានហ្មង គេសុំធ្វើ Rapid Test គេធ្វើ PCR គេតាមមើលដល់អូតែល ដល់ផ្ទះសំណាក់ទៀត តាមខ្ញុំដឹង។ អានេះជារឿងប្រទេសគេ ជាប់ជិតខាងប្រទេសយើង។ ហើយដល់ប្រមុខរដ្ឋាភិបាលគាត់បើកទូលាយអ៊ីចឹង វាមានភ័ព្វវាសនាមួយល្អហើយ ប៉ុន្តែគួរណាតែយើងប្រុងប្រយ័ត្នទាំងអស់គ្នា។ ហើយអ្នកជំនាញៗលើកប្រជុំមក ដើម្បីវាយ៉ាងម៉េចៗទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ