រដ្ឋាភិបាល​​​លុប​​​​ចោល​​​​លក្ខ​​ខណ្ឌ​​​​តម្រូវ​ឱ្យ​អ្នក​ដំណើរ​ពី​បរទេស​បង្ហាញ​​លទ្ធផល​តេស្ត​កូវីដ-១៩​​​ពេល​​​មក​​ដល់​​កម្ពុជា

ពលរដ្ឋខ្មែរដែលត្រលប់មកពីប្រទេសម៉ាឡេស៊ី មកដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាល​ ប្រកាស​​លុប​​ចោល​​លក្ខ​ខណ្ឌ​តម្រូវ​ឱ្យអ្នក​ដំណើរ​មក​​ពី​បរទេស បង្ហាញលទ្ធផលតេស្ត PCR អវិជ្ជ​មាន និង​លុប​ចោល​ការ​ធ្វើតេស្តរហ័ស​ពេលមកដល់ទឹកដី​កម្ពុជា។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២២ បាន​ឱ្យ​ដឹង​ថា ក្រោយ​​​ទទួល​ការឯកភាពពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ក្រសួងសុខាភិបាលបន្តថា៖ «[១] លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។ [] លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា»។

ប្រភពដដែលថា ទោះបីជាមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២នេះ​ក៏ដោយ ក៏ក្រសួង​នៅតែលើកទឹកចិត្តដល់អ្នកដំណើរ​ទាំង​អស់ គប្បីធ្វើតេស្តរហ័សដោយ​ខ្លួន​ឯង។ ជាមួយគ្នានេះ អ្នកដំណើរទាំងអស់ ត្រូវបង្ហាញវិញ្ញាបនបត្រ​បញ្ជាក់ការចាក់​វ៉ាក់​សាំង​កូវីដ-១៩ នៅពេលមកដល់កម្ពុជា។

ក្រសួងបន្តទៀតថា ​ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តា​ឡីស័ករយៈពេល១៤ថ្ងៃ​នៅតាមទីតាំងដែលកំណត់ដោយ​ក្រសួងសុខាភិបាល ឬអាជ្ញាធរ​មាន​សមត្ថ​កិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ