ពលរដ្ឋ​ខណ្ឌឫស្សីកែវ​រក​អន្តរាគមន៍​ពី​រដ្ឋសភា​និង​បក្សប្រជាជន ជំរុញ​ឱ្យ​មាន​បណ្ណកម្មសិទ្ធិ​ដីធ្លី

ពលរដ្ឋខណ្ឌឫស្សីកែវ តំណាងឱ្យពលរដ្ឋជាង២០០គ្រួសារ ដែលអះអាងថាមានបញ្ហាដីធ្លី បានមកញត្តិនៅរដ្ឋសភាស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋជាច្រើនគ្រួសារនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្វែង​រកកិច្ចអន្តរាគមន៍ពី​រដ្ឋសភា និងគណប​ក្សប្រជាជនកម្ពុជា​ ឱ្យជួយជំរុញអាជ្ញាធរពាក់ព័ន្ធចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ។

ការស្វែងរកកិច្ចអន្តរាគមន៍នេះបានធ្វើឡើង​តាមរយៈការដាក់ញត្តិនៅស្ថាប័នទាំងពីរនេះ ពីសំណាក់​ពលរដ្ឋប្រហែល​២០នាក់ដែល​អះអាង​ថាជា​តំណាងពលរដ្ឋជាង២០០គ្រួសារ នៅភូមិ​ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅថ្ងៃព្រហស្បតិ៍​នេះ។

ពលរដ្ឋម្នាក់រស់នៅភូមិឡកំបោរ អ្នកស្រី ឡុង ប៉ុច ប្រាប់វីអូឌីថា អ្នក​ភូមិ​សម្រេច​នាំ​គ្នា​ទៅ​រក​កិច្ចអន្ត​រាគមន៍​ពី​រដ្ឋ​សភា និងគណបក្សប្រជាជនកម្ពុជា ឱ្យដោះស្រាយដីធ្លីនេះ ដោយសារ​អាជ្ញាធរ​មូល​ដ្ឋាន​ថា ពួក​គាត់រស់នៅលើដីរដ្ឋដោយខុសច្បាប់ ខណៈពួកគាត់បានចូលទៅរស់នៅនិងកាន់​កាប់លើដីនោះជាង៣០ឆ្នាំមក​ហើយ។

អ្នកស្រី ឡុង ប៉ុច ឱ្យដឹង​ថា កាល​ពី​ឆ្នាំ​២០០៧ អ្នក​ភូមិ​បាន​ដាក់​សំណើទៅ​សាលារាជ​ធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ឱ្យចេញបណ្ណកម្មសិទ្ធិជូនពួ​កគេ ប៉ុន្តែរហូត​មក​ដល់ពេល​នេះ​ពុំមាន​ដំណោះ​ស្រាយ​ឡើយ ខណៈក្រុមហ៊ុនផ្ទះល្វែងនិងបុរីនៅជុំវិញនោះ អាជ្ញាធរចេញបណ្ណកម្មសិទ្ធិឱ្យបាន។

ពលរដ្ឋរូបនេះបន្តថា អាជ្ញាធរចាប់ផ្ដើមចោទអ្នកភូមិថារស់នៅលើដីរដ្ឋខុសច្បាប់កាលពីឆ្នាំ២០២០ ខណៈក្រុមហ៊ុនផ្ទះល្វែងនិងបុរីបានចូលទៅអភិវឌ្ឍនិងទិញដីពីប្រជាពលរដ្ឋកាលពីឆ្នាំ២០២០។

អ្នកស្រីបន្ថែមថា៖ «ក្រុមហ៊ុនបុរីដែលចូលមកអភិវឌ្ឍតំបន់ហ្នឹង គាត់បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ខ្ញុំ​ធ្វើ​បុរី​ដែរ ប៉ុន្តែអាជ្ញាធរលូកដៃចូល ហើយឱ្យក្រុមហ៊ុនបុរីទាំងអស់ហ្នឹង​ផ្អាក​ទិញ​ដី​ពីពួក​ខ្ញុំ​វិញ ហើយបានប្ដូរប្រធានបទទៅជាដោះដូរដី​ជូនឱ្យប្រជាពលរដ្ឋវិញ ដោយថា ប្រជាជនរស់នៅលើដីរដ្ឋខុសច្បាប់វិញ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ីវ លីណា ដែលមានដី​​ទទឹង​៥ម៉ែត្រ និង​បណ្ដោយ​២៥​ម៉ែត្រ និយាយ​ថា គ្រួសាររបស់គាត់​បាន​ចូល​ទៅ​រស់​នៅ​តំប​ន់​នោះ​តាំង​ពី​ឆ្នាំ​១៩៨៨ ដោយ​បានសង់​ផ្ទះនិង​លក់ដូរនៅទីនោះរហូតមកដល់បច្ចុប្បន្ន។

ពលរដ្ឋរូបនេះបន្តថា ពេលជិតបោះឆ្នោះនាពេលកន្លង ខាង​មន្ត្រីគណបក្សប្រជាជនកម្ពុជាដែល​ចុះ​ឃោស​នា​នៅក្នុងមូលដ្ឋាននោះ តែងតែបាន​សន្យា​ជំរុញ​ឱ្យ​មាន​បណ្ណក​ម្ម​សិទ្ធិ​ដីធ្លីសម្រាប់​ពួក​គាត់។

អ្នកស្រីបន្ថែមថា៖ «គណបក្សប្រជាជនកម្ពុជា បានសន្យាជាមួយពួកខ្ញុំច្រើនអាណត្តិហើយ ថា​ពេល​ដែល​គាត់ជាប់ឆ្នោត គាត់នឹងចេញប្លង់កម្មសិទ្ធិជូនពួកខ្ញុំ ដូចជា​ ថ្នាក់សង្កាត់ ថ្នាក់ខណ្ឌ គាត់​ជាប់​ឆ្នោត​រហូត។ ដល់​ពេលគាត់បានជាប់ឆ្នោតហើយ គាត់បែរជាស្ងាត់ គាត់បែរជាចោទពួកខ្ញុំថារស់នៅខុសច្បាប់ទៅវិញ។ ខ្ញុំចង់ដឹងហេតុអីបានជាពួកគាត់សន្យាខ្យល់អ៊ីចឹង»

អ្នកស្រី ស៊ីវ លីណា បន្ថែមថា ក្រុមហ៊ុនផ្ទះល្វែងនិងបុរីមានសិទ្ធិលុប​បឹង​នៅជុំវិញ​នោះ និង​ត្រូវបាន​អាជ្ញាធរ​ចេញ​បណ្ណ​កម្មសិទ្ធិជូន​ថែម​ទៀត ខណៈពួកគាត់ជាង២០០គ្រួសារ រស់នៅតំបន់​នោះជាង​៣០ឆ្នាំ តែ​បែរ​ត្រូវ​បានចោទប្រកាន់ថារស់នៅខុសច្បាប់ទៅវិញ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ ពាក់ព័ន្ធករណីនេះ។

បើតាមអ្នកស្រី ស៊ីវ លីណា គឺមន្ត្រីរដ្ឋសភាមិនបានទទួលញត្តិពីពួកគាត់ទេ ក្រោយហេតុផលថា​​ញតិ្ត​នោះ​ធ្វើមិនត្រឹមត្រូវ ខណៈមន្ត្រីនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ទទួល​យក ប៉ុន្តែមិន​បាន​សន្យា​អ្វី​ឡើយ។

អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនឌឿន មានប្រសាសន៍យ៉ាងខ្លីថា ពលរដ្ឋទាំងនោះរស់នៅ​លើផ្លូវសាធារណៈ។ លោកថា អាជ្ញាធរបានសម្របសម្រួលដោះស្រាយ​ជាមួយពលរដ្ឋទាំងនោះជាច្រើនដងហើយ ប៉ុន្តែពួកគេមិនព្រមទទួលយកដំណោះស្រាយ។

លោកបន្ថែមថា៖ «ពួកគាត់រស់នៅលើផ្លូវអូរកំបុត ជាផ្លូវសាធារណៈ​ ឱ្យយើងចេញបណ្ណកម្មសិទ្ធិឱ្យយ៉ាងម៉េច? យើងព្យាយាមដោះស្រាយជាមួយគាត់ជាច្រើនដងហើយ តែពួកគាត់មិនព្រម»

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និង​សិទ្ធិមនុស្ស​ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា បើអាជ្ញាធរ​មានឆន្ទៈដោះស្រាយជូនពលរដ្ឋ​ គួរតែចេញបណ្ណ​កម្ម​​សិទ្ធិ​ជូន​ពលរដ្ឋ ព្រោះថា អាជ្ញាធរបានបណ្ដែតបណ្ដោយឱ្យពួកគេរស់នៅលើដីជម្លោះនោះជាង៣០ឆ្នាំទៅហើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយឱ្យបានសមរម្យ និងបណ្ដេញពលរដ្ឋចេញទាំងបង្ខំ នឹងធ្វើឱ្យ​​ប៉ះ​ពាល់​ដល់​សិទ្ធិរបស់​ប្រជាពលរដ្ឋ​ក្នុងការទទួល​លំនៅឋាន​សមរម្យ​ដែល​ធានាដោ​យច្បា​ប់​ជាតិនិងអន្តរជាតិ។

លោកបន្ថែមថា៖ «គឺវាមានការរំលោភទៅលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលរដ្ឋាភិបាលកម្ពុជា​បានផ្ដល់សច្ចាប័ន។ យើងមើលឃើញថា ជម្លោះដីធ្លីនៅកម្ពុជាបច្ចុប្បន្នបានរំលោភច្បាប់អន្តរជាតិដោយកម្រោល ដោយបំពាន រំលោភទាំងច្បាប់ក្នុងស្រុកទៀត ដូចជា រដ្ឋធម្មនុញ្ញជាដើម ដែលបានចែងពីសិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិដីធ្លី និងស្ថាប័នរដ្ឋ ត្រូវគិតពីសុវត្ថិ​ភាព​របស់​ពលរដ្ឋ ជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ