សកម្មជន CNRP ខកចិត្ត​ចំពោះ​ការ​យក​ភស្តុតាង​ដាក់បន្ទុក​ដោយថា​គ្មានមូលដ្ឋាន

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សកម្មជន​និងសាច់ញាតិគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ បានសម្ដែងការខកចិត្តនៅពេលសវនាការសួរដេញដោល និងបង្ហាញភស្តុតាងដាក់បន្ទុកលើពួកគេ នៅថ្ងៃនេះ ដោយថា តុលាការមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើពួកគេនោះទេ។

កញ្ញា សេង ធារី ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចេញពីបន្ទប់សវនាការ នាព្រឹកថ្ងៃចន្ទនេះថា នៅក្នុងបន្ទប់សវនាការ មន្ត្រីនគរបាលយុត្តិធម៌ និងតំណាងអយ្យការ បានដកស្រង់អត្ថបទនិងរូបថតនៅលើទំព័រហ្វេសប៊ុករបស់គាត់សរុបចំនួន៩ឯកសារ ដើម្បីយកមកចោទប្រកាន់លើកញ្ញា និងសកម្មជន៣នាក់ទៀត រួមមាន លោក ហេង ច័ន្ទសិទ្ធី, ទុំ ប៊ុនថន និងលោក កាក់ កុម្ភារ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ជុំវិញដំណើរការវិលត្រលប់របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា។

ករណីនេះ កញ្ញា​ សេង ធារី ចាត់ទុកតុលាការយកភស្តុតាងបង្ហាញដាក់បន្ទុកលើរូបគាត់ថា ជារឿងអស់សំណើច។

កញ្ញាមានប្រសាសន៍ថា៖ «មកពីរឿងហ្នឹងជារឿងបាយឡុកបាយឡ ធ្វើឱ្យពួកយើងអស់សំណើច គាត់អត់អាចឆ្លើយ គាត់ជំរុញទៅគ្នាគាត់ ហើយនៅពេលឱ្យទៅចង្អុលទៅច្បាប់ណាមួយ គាត់ថា គាត់ជាសមត្ថកិច្ចមើលការខុសត្រូវផ្នែកច្បាប់ ប៉ុន្តែអត់មានមាត្រាច្បាប់ណាដែលគាត់ចង្អុលបង្ហាញទៅបាន។ វាជាការលេងសើចជាមួយជីវិតរបស់ប្រជាពលរដ្ឋ»។

អ្នកស្រី ព្រុំ ចាន់ថា ដែលអះអាងថាជាភរិយារបស់សកម្មជនបក្សប្រឆាំង លោក កាក់ កុម្ភារ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងបន្ទប់សវនាការសួរដេញដោលពេញមួយព្រឹកនេះ អ្នកស្រីសង្កេតឃើញថា តុលាការហាក់មិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើសកម្មជនគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានគេរំលាយនោះទេ។

ផ្ទុយទៅវិញ អ្នកស្រីបញ្ជាក់ថា តុលាការចោទប្រកាន់លើស្វាមីរបស់អ្នកស្រី និងសកម្មជនផ្សេងៗទៀត កន្លងមក ​ពាក់ព័ន្ធនឹងបទចោទ «ញុះញង់ និងរួមគំនិតក្បត់» គឺជាការចោទប្រកាន់ផ្នែកនយោបាយតែប៉ុណ្ណោះ។

អ្នកស្រីមានប្រសាសន៍ថា៖ «បើសិនជាសម្ដេច ហ៊ុន​ សែន គាត់បញ្ជាថា ឱ្យតុលាការដោះលែង គាត់នឹងដោះលែង ហើយបើសម្ដេចថា មិនអាចដោះលែង ស្ថានភាពនយោបាយនៅតានតឹង គឺអត់ទេ។ អានេះជារឿងនយោបាយ មិនមែនជារឿងសាលដីកាតុលាការទេ រឿងនយោបាយត្រូវដោះស្រាយតាមប្រព័ន្ធនយោបាយ មិនមែនយកពួកគាត់មកដាក់គុកទាំងអស់ កំហុសសុទ្ធ ហើយឱ្យតុលាការមកដោះស្រាយ មិនមែនទេ»។

លោក ជូង ជូងី មេធាវីការពារក្ដីកញ្ញា សេង ធារី មានប្រសាសន៍ថា ភស្តុតាងរបស់អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ដែលយកមកបង្ហាញនៅតុលាការដើម្បីដាក់បន្ទុកកូនក្ដីរបស់លោកនោះ មិនទាន់មានទម្ងន់គ្រប់ជ្រុងជ្រោយសម្រាប់ចោទប្រកាន់លើកូនក្ដីរបស់លោក​ឡើយ។

លោក ជូងី បញ្ជាក់ថា នៅក្នុងដំណើររឿងនេះ លោកនឹងព្យាយាមការពារកូនក្ដីតាមនីតិវិធីច្បាប់ ដើម្បីការពារប្រយោជន៍កូនក្ដីឱ្យរួចផុតពីការចោទប្រកាន់ផងដែរ។

លោកមានប្រសាសន៍ថា៖ «ការដាក់បន្ទុកជាបន្ទុករបស់មន្ត្រីនគរបាលយុត្តិធម៌ និងតំណាងអយ្យការ ហើយខ្ញុំកំពុងតែដេញដោល ដើម្បីដោះបន្ទុក។ ចំណែកមន្ត្រីនគរបាលយុត្តិធម៌ និងព្រះរាជអាជ្ញា កំពុងតែដេញដោលសម្រាប់ដាក់បន្ទុក»។

លោកបន្ថែមថា៖ «ខ្ញុំប្រើបច្ចេកទេសឱ្យអស់ពីចំណេះដឹងសមត្ថភាពខ្ញុំដែលមាន ដើម្បីការពារកូនក្ដីខ្ញុំទៅតាមផ្លូវច្បាប់»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍យ៉ាងខ្លីថា សំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិ​ ដែលតុលាការបើកសវនាការ​​បន្តនៅថ្ងៃចន្ទនេះ ស្ថិតនៅដំណាក់ការជំនុំជម្រះនៅឡើយ ដោយលោក​សុំមិន​បកស្រាយទេ។

លោកឆ្លើយយ៉ាងខ្លីថា៖ «សំណុំរឿងនេះនៅដំណាក់កាលជំនុំជម្រះ គឺជំនុំជម្រះ គឺជាការបង្ហាញនូវភស្តុតាងរបស់ភាគី ហើយការសម្រេចយ៉ាណា ក្រុមប្រឹក្សាជំនុំជម្រះជាអ្នកសម្រេច។ អ៊ីចឹងនៅក្នុងដំណាក់កាលនេះ យើងមិនអាចឆ្លើយយ៉ាងណានោះទេ»។

ក្រោយសវនាការសួរដេញដោលពេញមួយព្រឹក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ ​​បានសម្រេចផ្អាក ហើយប្រកាសបន្តសវនាការនៅព្រឹកថ្ងៃទី២៨ ខែមីនា ខាងមុខបន្តទៀត។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានចាត់ទុកការអូសបន្លាយពេលសួរដេញដោលលើសកម្មជនបក្សប្រឆាំងទាំងនោះថា ដោយសាររឿងនេះពាក់ព័ន្ធនឹងរឿងនយោបាយ។

លោកបញ្ជាក់ថា បើសំណុំរឿងនេះនៅតែបន្តអូសបន្លាយ នឹងធ្វើឱ្យរងការរិះគន់ជាបន្តបន្ទាប់ ខណៈការបោះឆ្នោតខិតជិតចូលមកដល់ ហើយដំណោះស្រាយនៅមិនទាន់បញ្ចប់នៅឡើយ។ 

លោកមានប្រសាសន៍ថា៖ «កាលណាសវនាការកាន់តែអូសបន្លាយយូរទៅ កាន់រិះគន់នៅតែបន្ត ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក៏ជិតមកដល់ ហើយការបោះឆ្នោតជាតិក៏ជិតមកដល់ សំណុំរឿងរបស់អតីតគណបក្សប្រឆាំងក៏មិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ វាអាចទទួលការរិះគន់បន្ថែមទៀតទៅលើដំណើរការនៃសវនាការទាំងអស់ហ្នឹង ដែលអូសបន្លាយពេលវេលាកាន់តែវែងឆ្ងាយនោះ»។

លោកយល់ថា ប្រសិនបើមានដំណោះស្រាយផ្នែកនយោបាយ ឬការចរចាផ្នែកនយោបាយកើតឡើង នោះសំណុំរឿងទាំង​នេះអាចនឹងងាយ​បញ្ចប់ផងដែរ។

ក្នុងសំណុំ​​រឿង «ញុះញង់ ​និង​រួម​គំនិត​ក្បត់»​ ដែលសាលាដំបូងរាជធានីភ្នំពេញបើកសវនាការនាថ្ងៃទី១ ខែមីនានេះ មានជនជាប់ចោទជាង៤០នាក់ ហើយក្នុងចំណោមជនជាប់ចោទទាំងនោះ គឺមាន៣នាក់កំពុងជាប់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ