លោក ស ខេង ថា​កិច្ច​សហការ​រវាង​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​សង្គមស៊ីវិល​នៅ​មិន​ទាន់​ល្អប្រសើរ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា អាជ្ញាធរថ្នាក់ក្រោម និងសង្គមស៊ីវិល នៅពុំទាន់បានសហការគ្នាពេញលេញនៅឡើយ ដើម្បីរួមចំណែកផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។

ការអះអាងនេះធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)» ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ​ការចូលរួមរបស់សង្គមស៊ីវិល និងវិស័យឯកជន កន្លងមក មានវឌ្ឍនភាពជាច្រើន តាមរយៈការចូលរួមក្នុងកិច្ចដំណើរការរៀបចំតាក់តែងគោលនយោបាយ ការកសាងផែនការ ការអនុវត្តគម្រោងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាព ​ជាពិសេសការអនុវត្តការងារគណនេយ្យភាពសង្គម។

យ៉ាងណា លោកថា ការចូលរួមរបស់សង្គមស៊ីវិល និងវិស័យឯកជន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ នៅពុំទាន់ពេញលេញ និងមិនទាន់មាននិរន្តរភាពនៅឡើយ ដែលទាមទារឱ្យមានការលើកកម្ពស់ភាពជាដៃគូជាចាំបាច់បន្ថែមទៀត។

លោក ស ខេង ថា៖​ «ក៏ប៉ុន្តែការចូលរួម [រវាងអាជ្ញាធរមូលដ្ឋានជាមួយសង្គមស៊ីវិល] ទាំងនេះនៅពុំទាន់ពេញលេញ និងមាននិរន្តរភាពនៅឡើយ។ អាស្រ័យហេតុនេះ ចាំបាច់ត្រូវបន្តលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសង្គមស៊ីវិល និងវិស័យឯកជននានា ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់បរិយាបន្ន និងសមធម៌សង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍បន្ថែមថា មូលហេតុដែលអាជ្ញាធរថ្នាក់ក្រោម និងសង្គមស៊ីវិល នៅពុំទាន់បានសហការគ្នាពេញលេញ និងធ្វើការមិនទាន់ស៊ីសង្វាក់គ្នានៅឡើយ គឺបញ្ហាមិនមែនស្ថិតនៅត្រង់គោលការណ៍ទេ តែស្ថិតនៅត្រង់បុគ្គល។

លោកបន្តថា អង្គការសង្គមស៊ីវិលខ្លះមានជំនួយពីបរទេស ហើយចុះបណ្ដុះបណ្ដាលតាមមូលដ្ឋាន ដោយពុំបានសហការជាមួយអាជ្ញាធរមូលដ្ឋានជាមុន។

យ៉ាងណា លោកថា សង្គមស៊ីវិលខ្លះក៏មានកំហុសនៅពេលចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានមួយចំនួនក៏មានកំហុសដូចគ្នាដែរ។

បែបនេះក្ដី អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះអះអាងថា មន្ត្រីថ្នាក់លើតែងតែស្ដីបន្ទោសអាជ្ញាធរថ្នាក់ក្រោមផងដែរ បើអាជ្ញាធរនោះមិនអនុវត្តតាមការណែនាំរបស់ក្រសួង។

លោកថា៖ « [បើមន្ត្រីនោះប្រព្រឹត្តខុស នោះគឺជាទង្វើបុគ្គល] អាហ្នឹងគឺមន្ត្រីជាអ្នកខុស គោលការណ៍មានទៅខុសអី? មន្ត្រីបុគ្គលហ្នឹង វាខុស។ ដោយសារស្អី? មកពីគាត់ក៏មិនត្រង់គ្នាជាមួយអ្នកដទៃ [គឺ] NGO [និង] NGO ក៏មិនត្រង់គ្នា។ អ៊ីចឹងទៅពាក់មុខយក្សដាក់គ្នា ស្អប់គ្នាទៅវិញទៅមក»។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាការឆ្លុះបញ្ចាំងពីការពិតនៅតាមមូលដ្ឋាន។ លោកថា កិច្ចសហការរវាងអាជ្ញាធរថ្នាក់ក្រោមជាមួយនឹងសង្គមស៊ីវិល កិច្ចសហការនៅមានកម្រិតនៅឡើយ ជាពិសេសនៅតំបន់ដែលមានបញ្ហាដីធ្លី បញ្ហាធនធានធម្មជាតិ និងករណីរំលោភសិទ្ធិមនុស្ស ជាដើម។ លោកថា ​អាជ្ញាធរភាគច្រើនមិនសូវសហការជាមួយសង្គមស៊ីវិលប៉ុន្មានទេ បើទោះសង្គមស៊ីវិលនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងក៏ដោយ។

លោកថា កន្លងមក ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយពីកិច្ចសហការជាមួយសង្គមស៊ីវិលថាអាចធ្វើសកម្មភាព​ដោយមិនបាច់ជូនដំណឹង ប៉ុន្តែអាជ្ញាធរមូលដ្ឋាននៅតែសួរនាំបែបនេះ បែបនោះ ដែលផ្ទុយពីខ្លឹមសារនិងប្រសាសន៍របស់ថ្នាក់ដឹកនាំ។ ​

បើតាមមន្ត្រីសង្គមស៊ីវិលខាងលើ សង្គមស៊ីវិលពិបាកនឹងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន គឺកើតឡើងដោយសារតែបរិយាកាសនយោបាយ ខណៈអាជ្ញាធរមាននិន្នាការសុទ្ធតែជាមន្ត្រីក្នុងគណបក្សកាន់អំណាច។ ដូច្នេះ ពួកគេរឹតបន្តឹងសកម្មភាពទាំងក្រុមបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនទៀតផង។

លោក នី សុខា ថាជាទូទៅ សង្គមស៊ីវិលដែល​ពិបាកសហការជាមួយអាជ្ញាធរ គឺភាគច្រើនធ្វើការងារពាក់ព័ន្ធនឹងសកម្មភាពសិទ្ធិមនុស្ស ពង្រឹងប្រជាធិបតេយ្យ ធនធានធម្មជាតិ និងតស៊ូមតិ ជាដើម។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុកថា៖ «តាំងពីមានការរំលាយគណបក្សប្រឆាំង មានការចាប់ខ្លួន មានការគំរាមកំហែងទៅលើសកម្មជនគណបក្សប្រឆាំងអីជាហូរហែហ្នឹងមក ឃើញថាបញ្ហារឹតត្បិតសេរីភាពខាងសង្គមស៊ីវិលក៏ចាប់ផ្ដើមមានបញ្ហាដែរ។ ប៉ុន្តែបើសិនជាបរិយាកាសនយោបាយ ឧបមាថា អ្នកនយោបាយគាត់ត្រូវរ៉ូវគ្នា គាត់ឯកភាពគ្នា គាត់ល្អូកល្អឺនជាមួយគ្នាទៅ ជាបទពិសោធន៍ ខ្ញុំសង្កេតឃើញថាការងាររបស់សង្គមស៊ីវិលនៅតាមមូលដ្ឋានក៏វាធូរស្រាលទៅតាមហ្នឹងដែរ»។

មន្ត្រីសង្គមស៊ីវិលដដែលលើកឡើងថា ឧបសគ្គមួយទៀតគឺអាចកើតឡើងដោយសារតែអាជ្ញាធរមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នៃវិវាទ ឬបទល្មើសទាំងនោះ ដូចជា រឿងដីធ្លី ​បញ្ហាធនធានធម្មជាតិ ជាដើម។ ​

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុករូបនេះថា ជាដំណោះស្រាយ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ គួរមានវិធានការឱ្យម៉ឺងម៉ាត់ចំពោះមន្ត្រីថ្នាក់ក្រោមដែលមិនបានគោរពច្បាប់ មិនអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង។ លោកថា បើមិនដូច្នេះទេ មន្ត្រីទាំងនោះនឹងនៅតែបន្តប្រព្រឹត្តខុសច្បាប់ មិនខ្លាចរអា និងបន្តធ្វើសកម្មភាពរំខានដល់សង្គមស៊ីវិលបន្តទៀត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ