អ្នក​ជា​ពី​ជំងឺ​កូវីដ-១៩​ប្រមាណ​ជិត​៣០​ភាគ​រយ​មាន​បញ្ហា​ផ្លូវ​ចិត្ត​និង​អស់​កម្លាំង

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ នៅតែ​មាន​បញ្ហា​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ឬ​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​ផ្សេងៗ​ទៀត ទៅលើ​សរីរាង្គកាយ​របស់​ពួកគេ បើ​ទោះបី​ជា​បាន​ព្យាបាលជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩​នេះ​ក្តី។

យុវជនម្នាក់រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ហ៊ិន សុធា បានបង្ហាញពីបទពិសោធធ្លាប់ឆ្លងជំងឺកូវីដ-១៩។ លោក ហ៊ិន សុធា បានថ្លែងថា ក្នុងកំឡុងពេលឆ្លងកូវីដ-១៩ ដំបូង លោក​មាន​អារម្មណ៍ថា បារម្ភអស់កម្លាំង រាងកាយហាក់ចុះខ្សោយជាងមុនបន្តិច ប៉ុន្តែមិនខ្សោយខ្លាំងពេក​នោះទេ។

លោក ហ៊ិន សុធា បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំក្រោយពេលកើតហ្នឹង អាការៈផ្លូវចិត្តដូចជាអត់មានទេ! ធម្មតា តែគ្រាន់តែថា កំឡុងពេលកើតដំបូងៗរាង​ភ័យអ៊ីចឹង។ ប៉ុន្តែក្រោយពេលកើតមកអត់មានអាការៈអីទេ ហើយចំពោះសុខភាពវិញដូចជាមិនធ្វើការហត់អីទេ ឬក៏ថាពីមុនពេលកើត និងក្រោយពេលកើត​ដូចគ្នា គ្រាន់តែរាងខ្សោយបន្តិច តែមិនដល់ថា្នក់ខ្សោយខ្លាំងទេ»

ផ្ទុយពីការអះអាងខាងលើ អ្នកភ្នំពេញម្នាក់ទៀត កញ្ញា សុខ រក្សា មានអាយុ២២ឆ្នាំ គឺជាអ្នកធ្លាប់ឆ្លងជំងឺកូវីដ-១៩ផងដែរ។ ប៉ុន្តែនាងបាននិយាយថា ស្ថានភាព​សុខភាពផ្ទាល់របស់នាងក្រោយពីជំងឺកូវីដ-១៩ មានសភាពប្រក្រតីធម្មតា មិនមានជាបញ្ហាលេចឡើងនូវផលរំខាន ក៏ដូចជាបញ្ហាធុញថប់ តានតឹង ស្រេ្តសន៍  ឬឆាប់អស់កម្លាំងអ្វីនោះដែរ។ យុវតីរូបនេះយល់ថា បញ្ហាស្រ្តេសន៍ ធុញថប់ តានតឹង គឺមិនមែនកើតឡើងចំពោះតែអ្នកឆ្លងជំងឺកូវីដនោះទេ វាអាស្រ័យលើអ្នកជំងឺ មនុស្សជាទូទៅឱ្យតែគិតច្រើន ប្រាកដជាមានបញ្ហានេះកើតឡើងមិនខាន។

កញ្ញា សុខ រក្សា ដែលមានទីលំនៅនៅភូមិ​ទ្រា សង្កាត់ស្ទឹងមានន័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញយល់ឃើញថា៖ «សម្រាប់ខ្ញុំធម្មតា អត់មានតានតឹងអីទេ ឬក៏អត់អីទេ កុំឱ្យតែយើងគិតច្រើនទៅ មនុស្ស ពីណាក៏ដោយ ទោះបីមិនកើតជំងឺហ្នឹង ឱ្យតែគិតច្រើនអីទៅ តែងតែមានការធុញថប់ ស្រ្តេសន៍ហើយ តែបើកុំគិតទៅមានអី តែខ្ញុំអត់ដែលគិតអីទេ ក៏អត់ដែលធុញថប់ ស្តេ្រសន៍ ហើយក៏មិនដែលអស់កម្លាំង ដូចជាហត់អីនោះទេ និយាយដូចតែធម្មតា ដូចអត់ដែលធ្លាប់កើតអ៊ីចឹង»

ដោយឡែកបើតាមនិស្សិតឆ្នាំទី៤រៀនជំនាញចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកញ្ញា រឿម ណារី បានលើកឡើងថា អ្នកឆ្លងជំងឺកូវីដ-១៩ ក្រោយពីជា​សះស្បើយអាចនឹងមានបញ្ហាបាក់ទឹកចិត្ត ឬបាក់ស្បាតដែរ។ ប៉ុន្តែកញ្ញាមិនហ៊ានអះអាងឱ្យប្រាកដ​១០០% ទេជុំវិញទៅនឹងបញ្ហាមួយនេះ។ ដោយ​សារ​តែ​កញ្ញាមិនបានចុះស្រាវជ្រាវសួរសំណួរដោយផ្ទាល់ចំពោះអ្នកធ្លាប់ឆ្លងវីរ៉ុសកូវីដ-១៩។ ហើយមួយវិញទៀតយុវតីរូបនេះក៏បានបន្ថែមថា បញ្ហាផ្លូវចិត្តហ្នឹងវា​អាស្រ័យលើបុគ្គលដែលបានឆ្លងជំងឺកូវីដ-១៩ខ្លាំង វាអាចបង្កលទ្ធភាពឱ្យកើតមានការបាក់ទឹកចិត្ត ឬបាក់ស្បាតច្រើនជាងអ្នក​ដែលឆ្លងជំងឺនេះក្នុង​កម្រិតស្រាល។

កញ្ញា រឿម ណារី បានបង្ហាញការយល់ឃើញថា៖ «ទាក់ទងទៅនឹងបញ្ហាហ្នឹង យើងអាចនិយាយថា វាអាចនឹងមាន ប៉ុន្តែលទ្ធភាពនៃការធ្លាក់ទឹកចិត្ត ការប៉ះពាល់លើបុគ្គលខ្លាំងឬតិច យើងអត់អាចដឹង ដោយ​សារអី ពួកយើងអត់បានធ្វើការស្រាវជ្រាវផ្ទាល់ទាក់ទងនឹងបញ្ហាហ្នឹង យើងអត់បានចុះទៅ Research ផ្ទាល់ សួរសំណួរអីផ្ទាល់។ អ៊ីចឹងវាអត់មានទិន្នន័យច្បាស់លាស់។​ ប៉ុន្តែអាចនឹងមាន ហើយអាហ្នឹង (អ្នកជាពីជំងឺកូវីដ-១៩) ក៏អាស្រ័យ​លើបុគ្គលដែរ ប្រសិនជាករណីបុគ្គលហ្នឹងគាត់ attach ខ្លាំងពេកទៅលើជំងឺហ្នឹង ពេលដែលគាត់កើតហើយ គាត់ attach ខ្លាំងមានន័យថា លទ្ធភាព​នៃការបាក់ទឹកចិត្តឬក៏ Traumatic ហ្នឹងវាអាចកើតមានច្រើនជាងអ្នកអត់attach ជាមួយអាជំងឺហ្នឹងខ្លាំង»

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហាញពីការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបរទេស​មួយចំនួនលើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា អ្នកជាសះស្បើយប្រហែល ២៣-២៦% មានបញ្ហាផ្លូវចិត្ត មានភាពនឿយហត់ និងមិនសូវមានកម្លាំងកំហែង ព្រមទាំងងាយនឹងឆ្លងជំងឺកូវីដ-១៩សារជាថ្មីម្តងទៀត។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួនលើអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩មួយចំនួន គេសង្កេតឃើងថា មានប្រហែល២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយ​ចិត្តជាដើម។ ទទ្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមាន​កម្លាំងកំហែង ក៏សង្កេតឃើញមានដែរ និងមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការ​ឆ្លងជំងឺកូវីដ-១៩ ឡើងវិញផងដែរ»

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការលេចឡើងនូវបញ្ហាសុខភាពមួយចំនួននេះ គឺអាស្រ័យលើសរីរាង្គកាយរបស់បុគ្គលម្នាក់ៗ ដែលមានការឆ្លើយតប​នឹង​ការវិវត្តមិនដូចគ្នាទេ។ ជាពិសេសស្ថានភាពអង់ទីគ័ររបស់បុគ្គលម្នាក់ៗក្នុងការឆ្លើយតបទៅនឹងជំងឺ និងស្ថានភាពនៃការ​ឆ្លងក្នុង​កម្រិត​ស្រាលឬធ្ងន់។ ភ្ជាប់ជាមួយគ្នានេះ អាចមានរោគសញ្ញាសេសសល់បន្តក្នុងរយៈពេល​ប្រហែល១​ឆ្នាំ ក្រោយពី​ជាសះស្បើយ​ពី​ជំងឺ​កូវីដ-១៩។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះបញ្ជាក់បន្ថែមទៀតថា៖ «ការសិក្សាក៏បានបង្ហាញថា អាចមានរោគសញ្ញាដែលនៅសេសសល់​បន្តក្នុងរយៈពេល​ប្រហែល១ឆ្នាំ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនបញ្ហានេះដែរ) ដែលគេសង្កេតឃើញមានដូចជា ឆាប់នឿយហត់ មានអារម្មណ៍ថា ដូចជាខ្សោយជាងមុនពេលឈឺ ដកដង្ហើមដូចជាមិនវែង ឬពិបាកដកដង្ហើម ឬមានអារម្មណ៍ថាដូចរៀងថប់ៗដង្ហើម បន្តនៅក្អកខ្លះៗ អាចឈឺសន្លាក់ដៃជើង អាចមានឈឺដើមទ្រូងខ្លះៗ មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់ ឈឺសាច់ដុំ ឬឈឺក្បាល បេះដូងដើរញាប់ជាងមុន និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម»

ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បង្ហាញការយល់ថា ក្រោយអ្នកជំងឺ​ជា​សះស្បើយពីជំងឺកូវីដ-១៩រួចហើយ លទ្ធភាពដែលអាចកើត​មាននូវបញ្ហាផ្លូវចិត្ត ស្រ្តេសន៍ ការគិតច្រើន គឺមិនអាចកើតមាននោះទេ។ ប៉ុន្តែករណីដែលអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ហើយ អាចកើតមានអាការៈដូចជា​បញ្ហាផ្លូវចិត្ត គិតច្រើន ឆាប់ហត់អីហ្នឹង គឺបណ្តាលមកពីអ្នកជំងឺដែលឆ្លងវីរ៉ុសកូវីដ-១៩ មានជាប់ជំងឺប្រចាំកាយពីមុនមក ជាហេតុធ្វើឱ្យអ្នកជំងឺងាយប្រឈម​ទៅបញ្ហាទាំងអស់នេះកើតឡើង។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានមានប្រសាសន៍ថា៖ «បើតាមការសិក្សាដូចខ្ញុំបានលើកឡើងអ៊ីចឹង វាអត់មានបញ្ហាទៅដល់ថ្នាក់ហ្នឹងទេ (បញ្ហាផ្លូវចិត្ត) ពីព្រោះគេហៅថា ចិត្តសាស្រ្តរបស់គ្រូពេទ្យចំពោះអ្នកជំងឺទី១។ ទី២យើងសួរនាំថា តើគាត់ពីមុនមកគាត់មានជំងឺប្រចាំកាយពីមុនមកអត់ ប្រសិនជាគាត់មាន​អាជំងឺប្រចាំកាយពីមុន យើងត្រូវឆែកមើលឱ្យគ្រប់ឱ្យគាត់ដូចជាពិនិត្យឈាម យកឈាមគាត់ទៅពិនិត្យមើលចូល Labo មើលតើគាត់មានជំងឺអីខ្លះប្រចាំកាយ អាហ្នឹងហើយដែលធ្វើឱ្យគាត់មានវិបត្តិស្រ្តេសន៍ផ្លូវចិត្ត ហើយប្រសិនជាគាត់អត់មានជំងឺប្រចាំកាយទេ ដូចជាគ្មានបញ្ហាទេ កូវីដដឹងតែជាហើយ វាជាហើយវាអត់​មានអី​បន្ត​យាយីមកដល់ខ្លួនយើងទៀតទេ ប្រសិនជាគាត់កើតហើយ ក្រោយមក គាត់សម្រាកមក ហើយជាខ្លួនវាវិញ អាហ្នឹងគាត់មានកម្លាំងល្អ គាត់មាន​អង់ទីគ័រ បណ្តុះអង់ទីគ័រធម្មជាតិ»

ប្រធានសមាគមគ្រូពេទ្យគុណធម៌ដដែលនេះ បានបញ្ជាក់បន្ថែមទៀតថា បញ្ហាគិតច្រើន ឬឆាប់ហត់ គឺបណ្តាលមកពីអារម្មណ៍របស់អ្នកជំងឺ និងបញ្ហាគ្រួសារ ហើយត្រូវរកគ្រូពេទ្យចិត្តសាស្រ្តដើម្បីផ្តល់យោបល់ដល់ពួកគាត់។ ជាពិសេសលោក អ៊ូច វុទ្ធី បានណែនាំថា ឱ្យអ្នកជំងឺបន្ទាប់ជាសះស្បើយពីជំងឺកូវីដ ត្រូវញ៉ាំ​ទឹក​ឱ្យ​បានច្រើន សម្រាកឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារឱ្យបានគ្រប់គ្រាន់ និងរបបអាហារណាដែលមានជាតិប្រូតេអ៊ីនគ្រប់គ្រាន់  ព្រមទាំងធ្វើការកុំ​ឱ្យលើសកម្លាំងជាដើម។

លោក អ៊ូច វុទ្ធី បានលើកឡើងថា៖ «គិតច្រើន ហើយហត់អីហ្នឹងមកពីអារម្មណ៍គាត់ទី១ ពី​ព្រោះ​ត្រូវ​មាន​គ្រូពេទ្យចិត្តសាស្រ្តផ្តល់យោបល់ដល់គាត់ ផ្តល់គំនិតដល់គាត់ ហើយដូចខ្ញុំនិយាយ​ខាងដើមអ៊ីចឹង ឱ្យគាត់សម្រាកឱ្យបានគ្រប់គ្រាន់ គេងសម្រាកហើយ កុំឱ្យធ្វើការហួសកម្លាំង ហើយញ៉ាំឱ្យបាន​គ្រប់គ្រាន់បីពេល រករបបអាហារដែលមានប្រូតេអ៊ីនមានអីគ្រប់គ្រាន់ទៅ! កន្លែងហ្នឹងហើយដែលធ្វើឱ្យគាត់ឈ្នះពីជំងឺ។ ហើយប្រសិនជាគាត់មានជីវភាព​ខ្សត់ខ្សោយ ហើយក្នុងវិបត្តិគ្រួសារគាត់មានបញ្ហារឿងសេដ្ឋកិច្ចហិរញ្ញវត្ថុទៀតហើយអាហ្នឹងដែលធ្វើឱ្យគាត់គិតច្រើន»

គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបទាំងអស់ ១៣៥ ១៥៨ នាក់ ក្នុងនោះស្លាប់ ៣ ០៥២នាក់ និងជាសះស្បើយចំនួន ១៣១ ១១០ នាក់៕

អត្ថបទដោយ សេក ប៊ុនឈូ អ្នកសារព័ត៌មានវ័យក្មេង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។