តុលាការ​ខេត្តកោះកុង​នឹង​បន្ត​សួរ​ពលរដ្ឋ​តាម​បណ្ដឹ​ង​ចោទ​ប្រកាន់​របស់​ឧកញ៉ា ហេង ហ៊ុយ

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានសាលាដំបូងខេត្តកោះកុងចេញដីកាកោះហៅចូលសវនាការកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សា​លា​ដំ​បូង​ខេត្ត​កោះកុង​ នឹង​បន្តសួ​រដេញដោលតំណាង​អ្នក​មា​នជម្លោះ​ដីធ្លីចំនួន១០រូប តាមបណ្ដឹងចោទប្រ​កា​ន់របស់ប្រធានក្រុមហ៊ុន ឧកញ៉ា ហេង ហ៊ុយ នៅខែក្រោយ ជុំ​វិញ​បទ​ចោទ «​បរិ​ហារកេរ្តិ៍ និងញុះញង់​ឱ្យប្រ​ព្រឹ​ត្តអំពើ​បង្ក​ឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម»

តាមដីកាកោះចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ តម្រូវឱ្យមេធាវីការពារក្ដី និងតំណាងពលរដ្ឋទាំងនោះ ចូលបំភ្លឺនៅថ្ងៃទី២៤ ខែមេសា ដើម្បីទាញយកចម្លើយ តាមបណ្ដឹងចោទប្រកាន់របស់ក្រុមហ៊ុនឧកញ៉ា ហេង​ ហ៊ុយ។

អ្នកស្រី ដេត ហួរ ដែលអះអាងថាជាតំណាងពលរដ្ឋ១៩៧គ្រួសារ និងមានឈ្មោះក្នុងដីកាកោះនោះដែរ បានឱ្យដឹងនៅថ្ងៃពុធនេះថា ការប្ដឹងចោទប្រកាន់ពួកគាត់នេះជារឿងអយុត្តិធម៌ និងថាជាការគំរាមហែងដើម្បីកុំឱ្យពួកគាត់ហ៊ានចេញតវ៉ា។

ស្ត្រីរូបនេះបញ្ជាក់ថា បើទោះជាយ៉ាងនេះក្ដី ពួកគាត់មិនបោះ​បង់ការតវ៉ាទាមទារដីធ្លីពីក្រុមហ៊ុន ហេង ហ៊ុយ នេះឡើយ ហើយថាពួកគាត់នឹងចូលទៅបំភ្លឺតាមដីកាកោះ ដោ​យសម្អាងថា ពួកគាត់មិនបានធ្វើអ្វីខុ​ស​ដូចការចោទប្រកាន់។

អ្នកស្រីថា៖ «ពួកយើងមិនភ័យក្លាចទេ ពួកយើងនៅតែបន្តតវ៉ាទៀត ព្រោះពួកគាត់បាត់បង់ដីធ្លីដោ​យ​សា​​រ​លោក ហេង ហ៊ុយ រំលោភមែន។ ហើយវាអយុត្តិធម៌ណាស់ គេយកដីយើងហើយ គេប្ដឹងយើងទៅតុ​លា​​​​កា​រទៀត។ សួរថា វាយុត្តិធម៌ទេសម្រាប់ខ្ញុំជាពលរដ្ឋក្រីក្រ?»

បើតាមដីកាដដែល តំណាងពលរដ្ឋដែលត្រូវចូលទៅឆ្លើយបំភ្លឺ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន, លោក ពូ ហួន, លោក សុខ ជ័យ, លោក ហេង ជ័​យ​, អ្នកស្រី អើប វី និងលោក ឆាន ឈឿន

ពួកគេទាំងនោះកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Dev​elop​m​en​t Co., Ltd) ស្ថិតក្នុងស្រុកស្រែអំបិល នឹងចូលសវនាការលើកទី២ នៅពាក់កណ្ដាលខែក្រោ​យ​នេះ​ ទៅតាមបណ្ដឹងរបស់​ម្ចាស់ក្រុម​ហ៊ុន។

កាល​​ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តុលាការខេត្តនេះបានបើកសវនាការលើសំណុំរឿងនេះម្ដងហើ​យ​ ប៉ុន្តែតុលាការមិនទាន់សម្រេចយ៉ាងណាទេ។

បើតាមពលរដ្ឋ ជម្លោះនេះបានកើតឡើងតាំងពីពាក់កណ្ដាលឆ្នាំ២០១៩មកជាបន្តបន្ទាប់ ពួកគេ១៩៧គ្រួសារបានឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ជួយដោះស្រា​យវិវាទដីធ្លីរបស់ពួកគាត់ ដោយអះអាងថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោ​ភ​យកតាំងពីឆ្នាំ២០០៧។

ប៉ុន្តែថា ការតវ៉ានេះត្រូវបានក្រសួងរៀបចំដែនដី បដិសេធដោះស្រាយ។ បន្ថែមពីនេះ ពួកគេមួយចំនួនត្រូវ​រងការចោទថាបានញុះញង់ឱ្យពលរដ្ឋ១៩​៧គ្រួសារនោះទៅវិញ។

មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំ​ព​ង់​ស្ពឺ​ លោ​ក ញ៉ិល ភាព ដែលឃ្លាំមើលករណីជម្លោះដីធ្លីរបស់ពលរដ្ឋ បានលើកឡើងថា បច្ចុប្បន្ននេះ អ្នកមា​​នលុយមានអំណាច និងអាជ្ញាធរ តែងតែប្រើប្រព័ន្ធតុលាការ ដើម្បីប្រឆាំងពលរដ្ឋមានជម្លោះដីធ្លី ដោ​យពេញនិយមប្រើប្រាស់បទចោទ «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមា​ន​ភា​ព​​វឹ​កវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

មន្ត្រី​​សង្គមស៊ីវិលរូបនេះចាត់ទុកការប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងពលរដ្ឋនេះថា ជាការបំបិទសិទ្ធសេ​រីភាពនៃការបញ្ចេញមតិ ការជួបប្រជុំរបស់ពលរដ្ឋ ដែលធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ