អាមេរិក​ផ្ដល់​មូលនិធិ​២៥​លាន​ដុល្លារ​គាំទ្រ​អំណាន​និង​ការសិក្សា​របស់​សិស្ស​បឋម​នៅ​កម្ពុជា

លោក ផាទ្រីក មឺហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រកាសការអនុវត្តជាផ្លូវការ «គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA)» រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដោយមានការចូលរួមពីដៃគូអភិវឌ្ឍនានាមួយចំនួនទៀត។ (USAID)

រដ្ឋាភិបាល​អាមេរិកផ្ដល់​មូលនិធិគាំទ្រ​នូវទឹកប្រាក់ចំនួន២៥លានដុល្លារ សម្រាប់​បង្កើន​បទ​ពិសោធន៍អំណាននិងការ​សិក្សា​របស់​សិស្ស​នៅកម្រិត​បឋម​សិក្សា​នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារជំនួយ​​​អាមេរិក​ USAID នៅថ្ងៃពុធនេះ បាន​លើក​ឡើង​​ថា គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា​(IPEA) នឹង​ជួយ​បង្កើន​ដល់​សមិទ្ធ​ផល​មុនៗ​​​របស់​ USAID គាំទ្រ​លើ​អំណាន​កម្រិ​ត​ថ្នាក់​ដំបូង​ ដែល​គេស្គាល់​ថា​ជា «គម្រោង​គាំទ្រ​អំណាន​​ភាសាខ្មែរ​កម្រិត​ថ្នាក់​ដំបូង»។ គម្រោង​នេះនឹង​ធ្វើការ​រួម​គ្នា​ជាមួយ​ដៃ​គូពាក់​ព័ន្ធ​ក្នុង​វិស័យអ​ប់រំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​បំណិន​អក្ខរកម្ម​មូល​ដ្ឋាន​របស់​កុមារ​ តាម​រយៈ​កម្មវិធី​ «កុមាររៀន កុមារចេះ» នៃក្រសួងអប់រំ យុវជន និងកីឡា។

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅកម្ពុជា លោក​ W. Patrick Murphy ត្រូវបានស្រង់​​ប្រសាសន៍​ក្នុងពិធី​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ​​នូវកម្មវិធី​អប់រំថ្មីនេះ មកផ្សព្វផ្សាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​​ថា៖ «កុមារ​នៅថ្ងៃនេះ គឺជាអ្នកដឹកនាំនៅថ្ងៃអនាគត ហើយ​យើង​មាន​មោទកភាព​ក្នុង​ការ​គាំទ្រ​ដល់​កុមារ​កម្ពុជា​តាម​រយៈ​ឧបករណ៍​សិក្សា ដែល​នឹង​ជួយកុមារ​ឱ្យពូកែ​ឆ្នើម​ក្នុង​ពិភព​លោក ​ដែល​កាន់​តែ​សម្បូរ​បែបនិងមា​នប្រទាក់​ក្រឡាគ្នា​យ៉ាង​ស្មុគស្មាញនេះ»។

លោកបន្ថែមថា៖ «យើងមានទំនុកចិត្តថា កិច្ចសហការរបស់យើងលើ​កម្មវិធី “កុមារ​រៀន​កុមារ​ចេះ” នឹង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ​ដល់​សិស្សានុ​សិស្ស ក៏ដូច​ជា​ដល់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល​ផង​ដែរ»។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា លោក ហង់ ជួន​​ណារ៉ុន ​សង្ឃឹម​​ថា ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត គម្រោង​នេះ​នឹង​បន្ត​ការ​ជំរុញនិង​លើកកម្ពស់ការសិក្សានៅកម្រិត​ថ្នាក់​ដំបូងឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជាវិជ្ជមាន និង​បន្តការសម្របសម្រួលនៅក្នុងវិស័យ​ទាំង​មូលឱ្យរឹត​តែ​មាន​ប្រសិទ្ធ​ភាព តាមរយៈការពង្រឹងការអនុវត្តកម្មវិធី “កុមារ​រៀន​កុមារ​ចេះ” នៅទូទាំងប្រទេស ជាមួយ​នឹង​ការអនុវត្តកម្មវិធីគាំទ្រថ្នាក់អប់រំបរិយាបន្ននេះផងដែរ។

ដោយមានការគាំទ្រពីភ្នាក់ងារជំនួយអាមេរិក USAID កម្មវិធីអំណាន​បាន​ជួយ​ដល់​សិស្ស​ប្រមាណ២០០ ០០០នាក់ ប្រមាណ​​ជា ៣២% នៃសិស្សសាលាបឋមសិក្សារដ្ឋទូទាំងប្រទេសកម្ពុជា​។​​ លើស​ពីនេះ​ទៀត ដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជា​បានធ្វើការរួមគ្នាឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូវីដ-១៩ តាមរយៈការចែកសម្ភារសិក្សាតាមផ្ទះដល់សិស្សានុសិស្ស និង​មាតា​បិតា​សិស្ស​ថ្នាក់​ទី១ និង​ទី២ នៅទូទាំងប្រទេស ក្នុងអំឡុងពេលបិទសាលារៀនកាលពីឆ្នាំកន្លងទៅផងដែរ។

បើតាម USAID រហូតមកដល់បច្ចុប្បន្ននេះ គ្រូបង្រៀនប្រមាណ៦ ៥០០នាក់ ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​លើ​ការ​ប្រើប្រាស់​សម្ភារ​អំណាន​ថ្នាក់​ទី១ និងទី២ រួមជាមួយ​នឹង​មត្តេយ្យ​កម្រិត​ខ្ពស់ ដែល​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃ​គូរវាង​ក្រសួងអប់រំ យុវជន និង​​​​កីឡា ទី​ភ្នាក់​ងារ​ជំនួយ​អាមេរិក (USAID) និង​ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)។ គ្រូបង្រៀន​ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល បាន​អនុវត្តកម្មវិធី​អក្ខរកម្មភាសាខ្មែរ និង​វិធីសាស្រ្ត​បង្រៀន​ថ្មី ក្រោម​កិច្ច​គាំទ្រ​ពី​គ្រូ​បង្វឹក​អំណាន​ដែល​មាន​ជំនាញ​ក្នុង​ខេត្ត​ចំនួន៨។

គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) នឹងបង្កើន​លើភាព​ជោគ​ជ័យថ្មីៗ​នេះ​តាម​រយៈ​ការ​ពង្រីក​ការ​អនុវត្ត​​​​ទៅខេត្តថ្មីបន្ថែមទៀត ដោយសហការជាមួយក្រសួងអប់រំ យុវជន និង​កីឡា និង​ដៃគូ​នានា ដើម្បីឈានទៅកាន់ការអនុវត្តទូទាំងប្រទេស។ ទន្ទឹម​នឹង​ការ​សហការ​ដោយ​ផ្ទាល់​ជាមួយ​អង្គការដៃគូពាក់ព័ន្ធក្នុងការគាំទ្រដល់សាលា​អប់រំ​ពិសេស គម្រោង​អប់រំ​បរិយាបន្ន​ថ្នាក់​បឋម​សិក្សា (IPEA) នឹងគាំទ្រដល់គ្រូបង្រៀនដែលកំពុងបង្រៀនកុមារគថ្លង់ ឬ​មាន​កម្សោយកា​រ​ស្ដាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ