អាជ្ញាធរ​ថា​កូដករ​ណាហ្គា​ប្រើ​អំពើហិង្សា​និង​ជេរប្រមាថ​លើ​សមត្ថកិច្ច

សមត្ថកិច្ចយាមអំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយការងារ ក្រោយពេលក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីពជាច្រើននាក់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អាជ្ញាធររាជធានី​ភ្នំពេញ ចោទ​ក្រុមកូដករណាហ្គាវើលដ៍ថា​បាន​ប្រើអំពើ​ហិង្សានិងជេ​រប្រមាទមកលើសមត្ថកិច្ច ខណៈវិវាទការងាររវាងកូដករនិងក្រុមហ៊ុនកា​ស៊ីណូណាហ្គា​​វើលដ៍មិន​ទាន់​រក​ដំណោះស្រាយ​បាន​នៅ​ឡើយ។

អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីល្ងាចថ្ងៃពុធម្សិលមិញ​ថា កន្លងមក អាជ្ញាធរ​បានណែនាំដល់​កូដករ​ណាហ្គាវើលដ៍ឱ្យ​បញ្ឈប់សកម្មភាពតវ៉ានៅទីសាធារណៈ និង​ប្រាប់ឱ្យ​ទៅទីលានប្រជាធិបតេយ្យ បើពួកគេ​ចង់សម្ដែងមតិ ប៉ុន្តែកូដករទាំងនោះ​នៅបន្តសន្សំចិត្តទៅ​ប្រមូល​ផ្ដុំធ្វើ​កូដកម្ម​ខុសច្បាប់​នៅតាមទីសាធារណៈដដែល។

សេចក្ដីប្រកាសព័ត៌មានដដែល បន្តថា​ ខ្លួនមានការខកចិត្ត ខណៈបានអប់រំជាច្រើនលើកច្រើនសាលើក្រុមអ្នកតវ៉ា ដើម្បីផ្ដល់ឱកាសឱ្យពួកគេពិចារណានិងភ្ញាក់រឭក ប៉ុន្តែពួកគេទាំងនោះកាន់តែបន្តធ្វើសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់ទៀត រហូត​ដល់​បង្កើតឈុតឆាកសម្ដែងក្រោមរូបភាពផ្សេងៗដើម្បីកេងចំណេញ។

ប្រភពដដែលបន្ត​ថា សមត្ថកិច្ចបានអញ្ជើញក្រុមកូដករ​ដែលតវ៉ានៅទីសាធារណៈឱ្យឡើងរថយន្តទៅសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ តែពួកគេបែរជាចោទប្រកាន់អាជ្ញាធរថា​ប្រើអំពើហិង្សាលើពួកគេទៅវិញ។ អាជ្ញាធរអះអាងថា ជាក់ស្ដែង ក្រុមកូដករទៅវិញទេដែលបានបន្តប្រមូលផ្ដុំ ប្រើពាក្យពេចន៍អសុរោះ អាកប្បកិរិយា និងកាយវិការមិនសមរម្យដាក់​អាជ្ញាធរ ដើម្បីបញ្ឆេះកំហឹង និងត្រៀមចាំផ្ដិតយក​រូប​​ភាព​ផ្សេងៗ​ទុក​ធ្វើការចោទប្រកាន់មកលើអាជ្ញាធរ។

អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញថា៖ «ថ្ងៃនេះ ក្រុមបាតុករខ្លួនឯងបានភ្លេចខ្លួនពីការខិតខំសម្ដែងជាជន​រង​គ្រោះ ទាក់ទាញ​ចំណាប់អារម្មណ៍ និងការអាណិតអាសូរ បែរជាធ្វើសកម្មភាពដោយបាន​ជេរប្រមាថតិះ​ដៀល ប្រើកាយវិការ​អសីលធម៌​ជាទីបំផុត​ ដែលមិន​ស័ក្តិសម​ជានារីខ្មែរ រហូតឈានដល់ប្រើអំពើហិង្សាបង្ករបួសស្នាមមកលើអាជ្ញាធរមានសមត្ថកិច្ច»។

សកម្មជនសហជីព និងជាកូដករណាហ្គាវើលដ៍ កញ្ញា ជឹម រដ្ឋា ច្រានចោលការចោទប្រកាន់នេះ ដោយថា សមត្ថកិច្ច​ចម្រុះទៅវិញទេដែលជាអ្នកប្រើហិង្សា ពាក្យ​​សម្ដីអសុរោះ និងបៀតបៀនកេរ្តិ៍​ខ្មាស​ក្រុម​កូដករ ហើយ​​ថែមទាំងចេញលិខិត​ចោទកូដករ​​​ជាអ្នកបញ្ឆេះកំហឹងនិងប្រើហិង្សាលើសមត្ថកិច្ចទៅវិញ។

កញ្ញាទាមទារឱ្យ​សមត្ថកិច្ចទាំងនោះដកខ្លួន បញ្ឈប់នូវការរារាំង និងឈប់ប្រើអំពើហិង្សាលើកូដករ​​តទៅទៀត ជាពិសេស​​កុំចេញមុខកាងជំនួសក្រុមហ៊ុន ខណៈក្រុមហ៊ុនល្បែងមួយនេះកំពុងរំលោភ​សិទ្ធិការ​ងារ​កម្មករ​ខ្មែរ ហើយ​មិន​មាន​ឆន្ទៈ​ចេញមុខដោះស្រាយ។

កញ្ញា ជឹម រដ្ឋា និយាយ​ថា៖ «ហេតុអីបានគាត់ត្រូវប្រើអំពើហិង្សា ទាត់ធាក់ វាយដំ និងបង្ខំឱ្យពួកខ្ញុំឡើងឡានទៅទីលានប្រជាធិបតេយ្យ ពីព្រោះពួកខ្ញុំដែលជាកូដករ ពួកខ្ញុំធ្វើកូដកម្មដោយស្របច្បាប់និងអហិង្សាជាមួយនឹងក្រុមហ៊ុនឯកជន ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ អ៊ីចឹងកន្លែងដែលពួកខ្ញុំត្រូវឈរធ្វើកូដកម្ម គឺនៅប្របរបងរបស់ក្រុមហ៊ុន អានេះបើតាមច្បាប់ចែងស្ដីពីច្បាប់ធ្វើកូដកម្ម»។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ថ្លែងថា ពុំមែនជារឿងចម្លែកនោះទេ ដែលអាជ្ញាធរ​ចោទ​ប្រកាន់​កូដករថា​បង្កអសន្តិសុខសង្គមនិងប្រើហិ​ង្សាលើសមត្ថកិច្ចនេះ ខណៈកន្លងមកក៏មានការចោទប្រកាន់ដូចគ្នានេះដែរ។

លោក​ថា៖ «កន្លងមកហ្នឹង គឺទម្រង់[សកម្មភាព]របស់ខាងអាជ្ញាធរនេះ គឺជាទម្រង់ហិង្សារួច​ហើយ ​ដូច​ជា ប្រើ​ប្រាស់​នូវ​ការ​ចាប់​បង្ខំ រុញច្រាន ហើយមានការបៀតបៀនទៅលើកម្មករនិយោជិត​ដែលជាស្ត្រីហ្នឹង អ៊ីចឹង​ជាក់​ស្ដែង​ណាស់​ អាហ្នឹង​វា​ពិបាក​នៅក្នុងការ​បដិសេធ​ណាស់»។

មន្ត្រីសង្គមស៊ីវិលរូបនេះទទូចឱ្យអាជ្ញាធរប្រើប្រាស់វិជ្ជាជីវៈជាស្ថាប័នអនុវត្ត​ច្បាប់និង​ថែរក្សាសណ្ដាប់ធ្នាប់ ជួយ​សម្រួលឱ្យកម្មករធ្វើកូដកម្ម​ដោយសន្តិវិធី ដើម្បីឱ្យពួកគេទទួលបានដំណោះស្រាយសមរម្យពីក្រុមហ៊ុន​ បន្ទាប់ពីវិវាទការងារបានអូសបន្លាយជាច្រើនខែមកហើយ។ លោកក៏​ចង់ឃើញស្ថាប័នពាក់ព័ន្ធបញ្ឈប់​នូវការធ្វើទុក្ខ​បុកម្នេញ សកម្មភាពអសីលធម៌ បញ្ឈប់​នូវទម្រង់នៃអំពើហិង្សា​លើ​ក្រុមកូដករ និងចេញមុខធ្វើយ៉ាងណាជំរុញឱ្យក្រុមហ៊ុននិងកូដករអាចឈានដល់ការបញ្ចប់វិវាទដោយតម្លាភាព។

កាលពីថ្ងៃម្សិលមិញនេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានចេញ​សេចក្ដីជូនដំណឹងពីវឌ្ឍនភាព​នៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយគូភាគីវិវាទ​ជួប​ប្រជុំ​រកដំណោះ​ស្រាយ​ជាលើកទី៥។

បើតាម​ក្រសួង​ការងារ តំណាងភាគីកម្មករបន្តទាមទារក្រុមហ៊ុនល្បែងមួយនេះពិភាក្សាលើចំណុចអនុញ្ញាត​ឱ្យបុគ្គលិកដែលចង់ចូលធ្វើការវិញ មកពិភាក្សាមុននឹងឈានទៅពិភាក្សាចំណុចវិវាទផ្សេងទៀត ហើយចំពោះកម្មករដែលព្រមឈប់ពីការងារ ទាមទារឱ្យមានការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់។ ចំណែកភាគីក្រុមហ៊ុនបន្តប្រកាន់ជំហរមិនទទួលយកកម្មករដែលត្រូវបានបញ្ឈប់ពីការងារឱ្យចូលវិញទេ ហើយក៏មិនពិចារណាដោះដូរកម្មករតាមសំណើរបស់ក្រុមអ្នកតវ៉ានេះដែរ។

ក្រសួងការងារថា ការប្រជុំលើកទី៥នេះ នៅមិនទាន់មានលទ្ធផល និងត្រូវរង់ចាំប្រជុំបន្ទាប់នៅថ្ងៃទី២៩ ខែមីនា។ យ៉ាងណា ក្រសួងអះអាងថា នឹងខំសម្របសម្រួលភាគីទាំងពីរឱ្យឯកភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ