អ្នកជំនាញថា ព័ត៌មាន​ក្លែងក្លាយ​គ្រោះថ្នាក់​ជាង​កូវីដ-១៩

គណនីហ្វេសប៊ុកក្លែងក្លាយដែលបង្ហោះសារបែបរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាល។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន ​លើកឡើង​ថា ព័ត៌មាន​ក្លែងក្លាយ​អាច​នាំ​ឱ្យមាន​គ្រោះ​ថ្នាក់​ច្រើន​ជាង​ជំងឺ​កូវីដ-១៩ទៅ​ទៀត ខណៈរដ្ឋាភិបាល​ក៏​ទទួល​ស្គាល់​អំពី​គ្រោះថ្នាក់​នេះ​ដែរ។

នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) លោក ណុប វី បានអះអាងថា តាំងពីផ្ទុះជំងឺកូវីដ-១៩ឆ្លងចូលដល់កម្ពុជានៅដើមឆ្នាំ២០២០ មកទល់បច្ចុប្បន្ននេះ មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនលើបណ្ដាញសង្គមបានចុះផ្សាយព័ត៌មានអំពីជំងឺនេះ​ជាបន្តបន្ទាប់។ ក្នុងនោះក៏មានព័ត៌មានមួយភាគជាព័ត៌មានក្លែងក្លាយឬប្រតិដ្ឋឡើង បង្កប់ចេតនាមិនល្អ កេងចំណេញផលប្រយោជន៍ផងដែរ។

លោកបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយទាំងនេះអាចនឹងនាំឱ្យមនុស្សស្លាប់ច្រើនជាងជំងឺកូវីដ-១៩ទៅទៀត ប្រសិនបើរដ្ឋាភិបាល​និង​ភាគីពាក់ព័ន្ធមិនរួមគ្នាទប់ស្កាត់នោះទេ។

លោកថា៖ «យើងដឹងហើយថា ព័ត៌មានជាអាវុធសាហាវជាងការប្រើប្រាស់គ្រាប់កាំភ្លើងទៅទៀត។ យើងប្រើគ្រាប់កាំភ្លើងមួយគ្រាប់ យើងអាចធ្វើឱ្យមនុស្សម្នាក់ស្លាប់ ក៏ប៉ុន្តែការប្រើប្រាស់ព័ត៌មានតែមួយអត្ថបទ មិនមែនធ្វើឱ្យមនុស្សម្នាក់ស្លាប់នោះទេ គឺអាចធ្វើឱ្យសកលលោក​ក្រឡាប់ចាក់បាន»។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន កាលពីថ្ងៃទី២៣ ខែមីនា បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាំឱ្យកើតជំងឺមហារីក។

ការចេញមុខបដិសេធនូវដំណឹងចចាមអារ៉ាមបែបនេះ បានធ្វើឡើងក្រោយមានការចែករំលែកជាបន្តបន្ទាប់ក្នុងបណ្ដាញទំនាក់ទំនងសង្គម ថាការចាក់វ៉ាក់សាំងច្រើនដូសអាចនាំឱ្យកើតជំងឺមហារីក។

ជាទូទៅ ពលរដ្ឋខ្មែរដែលទទួលបានការយល់ដឹងអំពីព័ត៌មាន បានយល់ស្របគ្នាថា ព័ត៌មាន​ក្លែងក្លាយពិតជាធ្វើឱ្យសង្គមមានភាពប្រែប្រួល វឹកវរ ឬធ្វើឱ្យមនុស្សស្លាប់បានដែរ។

ទាក់ទងបញ្ហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានទទួលស្គាល់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពិតជាបានផ្ដល់ផលអវិជ្ជមានជាច្រើនទៅដល់សង្គម ជាពិសេសនៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងទប់ទល់នឹងជំងឺកូវីដ-១៩។ ក្នុងករណីនេះ លោកបន្ថែមថា ជនដែលបង្កើតព័ត៌មានក្លែងក្លាយ គឺមានចេតនាមួយពិតប្រាកដ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយធ្វើយ៉ាងណាទាក់ទាញអ្នកចូលមើលព័ត៌មាននោះឱ្យបានច្រើន។

លោកថា៖ «បាទ! ពាក់ព័ន្ធនឹងការលើកឡើងនេះ គឺជាការពិតហើយ ដោយព័ត៌មានក្លែងក្លាយ​ វា​គ្រោះថ្នាក់មែនទែន! អ៊ីចឹងហើយការដែលផ្សព្វផ្សាយព័ត៌មានមិនពិតនេះ គឺមានឥទ្ធិពលមែនទែនទៅលើពលរដ្ឋនិងវិស័យសាធារណៈ»។

ការលង់ជឿលើព័ត៌មានក្លែងក្លាយនេះ ត្រូវបានអ្នកតាមដានសង្គម ក៏ដូចជាអ្នកជំនាញបញ្ជាក់​ថា កត្តាមួយផ្នែកនាំឱ្យកម្ពុជាមានព័ត៌មានក្លែងក្លាយច្រើន ទំនងមកពីពលរដ្ឋកម្ពុជា ឬអ្នកប្រើប្រាស់បណ្ដាញសង្គម មានភាពខ្វះខាតចំណេះដឹង ឬអនក្ខរកម្មឌីជីថល ឬហៅជាភាសាអង់គ្លេសថា Digital literacy ជាដើម។

ទន្ទឹមនឹងនេះដែរ ពលរដ្ឋសង្កេតឃើញថា ចំណាត់ការរបស់ក្រសួងឬស្ថាប័នរដ្ឋាភិបាលកន្លងមកនេះពុំទាន់មានប្រសិទ្ធភាពនៅឡើយទេ ដោយគេឃើញព័ត៌មានក្លែងក្លាយបាននិងកំពុងកើតឡើងជាបន្តបន្ទាប់។

ដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយដែលបាននិងកំពុងផ្សព្វផ្សាយនៅលើបណ្ដាញសង្គម អ្នកជំនាញផ្នែកសារព័ត៌មាន លោក ណុប វី បានលើកឡើងថា រដ្ឋាភិបាលត្រូវបញ្ចូល​កម្មវិធីសិក្សាអប់រំទៅដល់សិស្សានុសិស្សតាំងពីកម្រិតវិទ្យាល័យមក ដើម្បីឱ្យពួកគេបានយល់អំពីអនក្ខរកម្មឌីជីថល ចៀសវាងក្លាយជាភ្នាក់ងារចែកចាយព័ត៌មានមិនពិត ជាដើម។

ឆ្លើយតបនឹងបង្ហាញនេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺជាការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ មិនមែនតែរដ្ឋាភិបាលនោះឡើយ ដែលតម្រូវឱ្យមានការអនុវត្តជាប្រចាំ ជាពិសេសគឺការចូលរួមរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងចែកចាយព័ត៌មានតែម្ដង។

បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ត្រូវប្រុងប្រយ័ត្នមុនពេលដាក់ចិត្តជឿ ឬចែកចាយព័ត៌មានដែលខ្លួនបានដឹងទៅអ្នកដទៃ ដោយត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ជាមុនសិន។

ក្នុងឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយមានចំនួនជិត២ពាក់ករណី (១ ៩៣៨) ដែល​បាន​បង្ហោះចែកចាយនៅលើបណ្ដាញសង្គមកម្ពុជា៕

អត្ថបទដោយលោក ឃី ពិសី

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។