ក្រសួងថា ការយល់ថាវីរុសកូវីដ-១៩ អូមីក្រុង ដូច​ជំងឺ​ផ្តាសាយ​ធម្មតា​មិន​ត្រឹម​ត្រូវ​ទេ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ (ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​ក្រើន​រំលឹក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​យល់​ច្រឡំ​ថា ជំងឺកូវីដ-១៩ អូមីក្រុង ដូច​គ្នា​នឹង​ជំងឺ​ផ្តាសាយ​ធម្មតា​ដែរ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។

រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងនៅក្នុងពិធីបើកយុទ្ធនាការជាតិអប់រំសុខភាព ក្រោមប្រធានបទ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនជាងមុនអាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នកនិងគ្រួសារ» ដែលប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មានបងប្អូនប្រជាជនមួយចំនួនភ្លេចខ្លួន ក្នុងការគាំពារពីជំងឺឆ្លងមួយនេះ គឺជារឿងគួរឲ្យព្រួយបារម្ភ។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «យើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនហាក់ដូចជាភ្លេចខ្លួន ដោយយល់ឃើញថា ជំងឺកូវីដ-១៩ ជាពិសេសបច្ចុប្បន្នប្រភេទអូមីក្រុងវាអត់ធ្ងន់ធ្ងរហើយវាដូចផ្តាសាយធម្មតា គាត់ឈឺតិចតួចៗទៅ បាត់ហើយ វាអត់មានអីគាត់ជាព្រួយបារម្ភទេ»

លោកស្រី ឱ វណ្ណឌីន បន្តទៀតថា៖ «នេះគឺជាចំណុចមួយដែលធ្វើឲ្យយើងព្រួយបារម្ភ»

យ៉ាងណាមិញ តាមបទសម្ភាសន៍ជាមួយនឹងពលរដ្ឋម្នាក់ដែលរស់នៅទីក្រុងភ្នំពេញដោយសុំមិនបង្ហាញឈ្មោះ យល់ឃើញថា ស្ថានភាពកូវីដ-១៩ អូមីក្រុង នេះមិនសូវជាធ្ងន់ធ្ងរធៀបទៅនឹងវីរុស Delta ទេ។

ពលរដ្ឋរូបនេះថ្លែងថា៖ «ខ្ញុំមិនសូវជាព្រួយបារម្ភក្នុងការឆ្លងវីរុសនេះធៀបទៅនឹង Delta ទេព្រោះយើងស្ថិតនៅរស់ក្នុងបរិបទនេះប្រហែលជាបីឆ្នាំហើយ ដែលអាចឲ្យយើងរៀនសម្របនិងចេះការពារខ្លួនច្រើនជាងមុន»

រីឯពលរដ្ឋម្នាក់ទៀតឈ្មោះ រីណា ក៏បានលើកឡើងថា៖ «សម្រាប់ខ្ញុំ វាគឺជារឿងធម្មតាពីព្រោះយើងអាចព្យាបាលវាបាន បើសិនជាខ្ញុំចង់ចេញទៅក្រៅ ជាមួយនឹងមិត្តភក្តិខ្ញុំនឹងទៅពីព្រោះខ្ញុំពាក់ម៉ាស់និងឧស្សាហ៍លាងដៃ ហើយពួកយើងក៏មិនសូវទៅកន្លែងណាដែលអ៊ូអរដែរ»

កញ្ញា រីណា បានបន្តទៀតថា៖ «ដូចខ្ញុំនិយាយខាងលើអ៊ីចឹង ខ្ញុំមិនខ្លាចក្នុងការឆ្លងវីរុសនេះទេ ពីព្រោះវាអាចព្យាបាលបានស្រួល ហើយខ្ញុំក៏បានចាក់វ៉ាក់សាំងលើកទីបីហើយដែរ អញ្ចឹងខ្ញុំមិនព្រួយបារម្ភនោះទេ»

គិតត្រឹមព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៥ ២៨៥នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣១ ២១៦នាក់ និងអ្នកស្លាប់​កើនដល់​ចំនួន​៣ ០៥៤នាក់។​ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់ ១៣ ៤៩៩នាក់៕​

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។