អាជ្ញាធរ​ខេត្តព្រះវិហារ​ហាម​ពលរដ្ឋ​មិន​ឱ្យ​ចូល​ក្នុង​ដីជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន

ពលរដ្ឋដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​​ចិន «ហេង​ហ៊្វូ គ្រុប ស៊ូ​ហ្គឺរ អីន​ដាស្ទ្រី (Hengfu Group Sugar Industry)» ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានអាជ្ញាធររារាំងមិនឱ្យទៅដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្តព្រះវិហារ បានហាមប្រជាពលរដ្ឋមិនឱ្យចូលក្នុងដីជម្លោះជាមួយក្រុមហ៊ុនចិន «ហេងហ៊្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry)» ខណៈពលរដ្ឋថា ក្រុមហ៊ុនមួយនេះបានរំលោភយកដីធ្លីរបស់ពួកគេ ក្រោយទទួលបានសម្បទានពីរដ្ឋាភិបាល។

ការហាមប្រាម​របស់អាជ្ញាធរខេត្តព្រះវិហារនេះ ធ្វើឡើង​ក្រោយពីប្រជាសហគមន៍ប្រហែល២០០នាក់បាននាំ​គ្នាទៅដាក់ញ្ញត្តិសាលាខេត្ត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីរកអន្តរាគមន៍ពីអភិបាលខេត្តជួយ​ដោះស្រា​យ​បញ្ហាដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនចិន «ហេងហ៊្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី»។

កាលពីថ្ងៃទី១៧​ ខែមីនា​នេះ រដ្ឋបាល​ខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹងមួយ​ឱ្យដឹងថា ក្រុមហ៊ុនចិន ហេងហ៊្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី តំណាងឱ្យក្រុមហ៊ុនចំនួន៥ រួមមាន​ ក្រុមហ៊ុនរូយហ្វេង, ឡានហ្វេង, ហេង​រូយ, ហេង​យូ និងហេងណុង​ ទទួល​​បាន​​​ដី​​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង៤ម៉ឺនហិកតា​ពីរដ្ឋាភិបាលកម្ពុជា​ កាលពីឆ្នាំ២០១១ ដើម្បី​វិនិយោគដាំដំណាំអំពៅ ស្ថិតនៅភូមិសាស្ត្រស្រុក​ឆែប ស្រុក​ត្បែងមានជ័យ និងស្រុកជ័យសែន។

រដ្ឋបាលខេត្តព្រះវិហារ បន្តថា ក្រុមហ៊ុនឧបសម្ព័ន្ធមួយ​នេះបាន​ដំណើរកា​រ​សកម្មភាពវិនិយោគរហូតដល់ឆ្នាំ២០១៩ ប៉ុន្តែបានផ្អាកសកម្មភាពវិនិយោគបណ្ដោះអាសន្នវិញ​ ដោយសារ​វិបត្តិកូវីដ-១៩ ហើយមានប្រជាពលរដ្ឋមួយចំនួ​ន​បានចូលទៅទន្ទ្រានយកយ៉ាងអនាធិបតេយ្យ​លើដីធ្លីដែលក្រុមហ៊ុនធ្លាប់វិនិយោគ។

លិខិត​ដដែល​នេះបានឱ្យប្រជាពលរដ្ឋដែលកំពុងទន្ទ្រាននិងកាន់កាប់លើដីក្រុមហ៊ុននោះ​ ត្រូវចាក​ចេញវិញ និង​បញ្ឈប់​សកម្មភាព​រុក​រាន​ទៀត ហើយ​បានព្រមានចាត់វិធានការច្បាប់ផងដែរ ក្នុងករណីមិនព្រមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ពាក់ព័ន្ធករណីនេះបាន​ទេ នៅថ្ងៃព្រហស្បតិ៍នេះ។

លោក សឿន ថា​ ដែលអះអាងថាជាប្រធានសហគមន៍ប្រើសក្អក បានបង្ហាញខកចិត្ត​ចំពោះសេ​ច​ក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារនេះ។ លោកថា ដីទំហំ៣៨៣ហិកតា របស់ជនជាតិដើមភាគតិចកួយ ចំនួន៧៧គ្រួសារ នៅឃុំម្លូរព្រៃ២ ស្រុកឆែប​ ត្រូវបានក្រុម​ហ៊ុនចិន​មួយ​នេះ ឈូសឆាយរំលោភ​យក​អស់កាលពី​ឆ្នាំ២០១២ ដោយមិនបានដោះស្រាយសំណងជូនពលរដ្ឋឡើយ។

ជនជាតិដើមភាគតិចកួយរូបនេះ អះអាងថា ក្រោយ​ក្រុមហ៊ុនរំលោភយកដីធ្លីអស់ បានធ្វើឱ្យ​​ពួកគាត់មានបញ្ហាជីវភាព​គ្រួសារ និងជំពាក់បំណុលធនាគារ ដោយសារតែការបាត់បង់មុខរបរ និងដីធ្លីសម្រាប់​ធ្វើកសិកម្ម​ចិញ្ចឹម​ជីវិត។

លោកបន្ថែមថា៖ «កាលពីមុន យើងធ្លាប់មានដីស្រែសម្រាប់ធ្វើស្រែធ្វើចម្ការ មានកន្លែងសម្រាប់ដកអនុផលព្រៃឈើ​សម្រាប់ប្រើប្រាស់ ប៉ុន្តែបច្ចុប្បន្ន វាអស់ហើយ ក្រុមហ៊ុនរំលោភយកអស់ហើយ។ ដីស្រែចម្ការយើងក៏វាបាត់បង់ ព្រៃឈើដែលយើងធ្លាប់អាស្រ័យផលក៏បាត់បង់ដែរ»

ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោក ថាប់ សុខឃីន អះអាង​ថា គម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន​រូយហ្វេង និង​ឡាន​ហ្វេង បាន​ធ្វើឱ្យប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋចំនួន​៣ភូមិ នៃឃុំប្រមេរ ខណៈលោកមិនចាំចំនួនគ្រួសារពលរដ្ឋនិងទំហំដី។

លោកបន្ត​​ថា៖ «ពីមុន យើងមានកន្លែងអាស្រ័យផលច្រើន ដូចកន្លែងធ្វើការវិលជុំ កន្លែងបន្លែផ្លែឈើ ផ្សិត​ជាដើម​ហ្នឹង ប៉ុន្តែពីក្រុមហ៊ុនគាត់ចូលមក បានធ្វើឱ្យពួកយើងបាត់បង់មុខរបរ អ្នកខ្លះត្រូវបានក្រុមហ៊ុនឈូសឆាយដីធ្លីរបស់ពួកគាត់​អស់ គ្មានកន្លែងសម្រាប់ធ្វើចម្ការ។ អ្នកខ្លះបានម្រេចចិត្តចំណាកស្រុកទៅធ្វើការងារតាមខេត្ត និងអ្នកខ្លះចំណាកស្រុករកការងារធ្វើនៅប្រទេសថៃ»

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ករណីអាជ្ញាធរខេត្តព្រះវិហារចេញសេចក្ដីជូនដំណឹងហាមពលរដ្ឋចូលដីកំពុង​មានវិវាទ និង​ការព្រមានពលរដ្ឋ គឺជាការ​គេច​វេះ​មិនទទួលខុសត្រូវរបស់អាជ្ញាធរ​ក្នុងការដោះស្រាយផលប៉ះពាល់ដីធ្លីជូនពលរដ្ឋ។ លោកថា វិធានការ​នេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាការរំលោភទៅលើសិទ្ធិអាស្រ័យផល ឬ​សិទ្ធិ​​ទទួលដីធ្លីរបស់ពលរដ្ឋ។

ប្រធានសមាគម​រូបនេះជំរុញទៅអាជ្ញាធរខេត្តព្រះវិហារ ​ដោះស្រាយបញ្ហានេះតាម​នីតិវិធី​ ដោយ​ដកហូតដីធ្លីដែលក្រុមហ៊ុនបានរំលោភយក ផ្ដល់ជូនពលរដ្ឋបានបង្កបង្កើនផលវិញ។

លោកបន្ថែមថា៖ «ហើយមួយវិញទៀត ត្រូវពន្លឿន​ការដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋ ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់ហ្នឹងទទួលបានដីធ្លីគ្រប់គ្រាន់មកវិញ ដើម្បីបង្កបង្កើនផល និងអាស្រ័យ​ផលលើដី​របស់ខ្លួន ក្នុងការលើកកម្ពស់ជីវភាព។ ប្រសិនបើគ្រាន់តែចេញលិខិតព្រមាន ឬក៏ហាមមិន​ឱ្យប្រជាពលរដ្ឋ​ចូលទៅនោះ វាហាក់បីដូចជាទុកចោល ឬក៏អត់ប្រើប្រាស់យន្តការ និងចំណាត់ការ​នៃការ​ដោះស្រាយបញ្ហាដីធ្លីនេះទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ