លោក ហ៊ុន សែន ថា កុំ​ឲ្យ​ភ័ន្ដ​ច្រឡំ​សារ​ចាស់​ដែល​ថា​ ចូល​ឆ្នាំ​ខ្មែរ​នេះ​នឹង​បើក​ប្រាក់​ខែ​ឌុប​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យ​លោកសង្ឃ នៅព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ច្រាន​ចោល​សារ​ជាសំណេរដែល​លោកសរសេរ​ប្រកាស​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​ថា ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​បើក​ប្រាក់​ខែឌុប។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ថា សារជា​សំណេរដែលគេចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ គឺជាសារចាស់របស់លោក។ លោកថា សំណេរនោះ មានតាំងពី​ប៉ុន្មានឆ្នាំមុន​មកម្ល៉េះ ពោលគឺតាំងពីមុនផ្ទុះជំងឺកូវីដ-១៩មកម៉្លេះ។ លោកនាយករដ្ឋមន្ត្រីក៏បានប្តេជ្ញាចិត្តដែរថា ឆ្នាំនេះត្រូវតែ​ប្រារព្ធពិធីបុណ្យចូលឆ្នាំឲ្យបាន។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ស្រាប់តែថ្ងៃមុននាំគ្នាផ្អើលម៉ាប្រទេសថា លោកហ៊ុន សែន នឹងបើកអាប្រាក់បៀវត្ស ខែ៣ហើយថែមខែ៤ទៀត តើមានឃើញទេ … ថា ឆ្នាំហ្នឹងនឹងបានបើក​ប្រាក់ខែឌុប បង្កើនប្រាក់ខែ ខែ៣ ហើយមានអាខែ៤ អត់ទេ។ អាហ្នឹងបង្ហោះតាំងពីហ្ន ដូចឆ្នាំ២០២០ ឆ្នាំ២០១៩»

លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា៖ «ដូច្នេះសុំកុំភ័ន្តច្រឡំ អាហ្នឹងមិនមែនទេ តែមិនដឹងម៉េចទេ អាហ្វេសប៊ុកហ្នឹង យូរៗចេញមកមួយ»

មន្រ្ដីរាជការម្នាក់ដែលបម្រើការនៅស្ថាប័នរដ្ឋមួយ បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា លោកស្រីមិនមានបញ្ហាចំពោះសារចាស់របស់លោកនាយករដ្ឋមន្ត្រី​នោះ​ទេ ព្រោះប្រាក់បៀវវត្សរបស់មន្ដ្រីរាជការនៅតែបើកពីរដងក្នុងមួយខែ គ្រាន់តែខែខ្លះបើកដើមខែ និងមានខែខ្លះបើកចុងខែតែប៉ុណ្ណោះ។

អ្នកស្រីបានថ្លែងថា៖ «សម្រាប់ខ្ញុំសារមួយហ្នឹង វាមិនមានអីប៉ះពាល់ទេ ដោយសារតែប្រាក់ខែមួយខែយើងទទួលបានពីរដង អីចឹងព័ត៌មានហ្នឹង ទោះពិតឬមិនពិត ប្រាក់ខែនៅតែចូលក្នុងកុង [គណនី] មួយខែពីរដងដដែលទេ គ្រាន់តែដើមខែឬចុងខែ»

អ្នកស្រី បន្ថែមថា៖ «សម្រាប់ខ្ញុំបើ បើកឌុបមក គឺចាយអស់លឿន ប៉ុន្ដែបើយើងមិនបើកដើមខែទេ ប៉ុន្ដែដល់ថ្ងៃហ្នឹង គឺចូលកុងដដែលទេ អីចឹងសម្រាប់យើង​ក្នុងនាមអ្នកធ្វើការរដ្ឋ ប្រាក់ខែចូលដដែល មួយខែពីរដងអត់ដែលបាត់ទេ»

គ្រូបង្រៀនម្នាក់ដែលបង្រៀននៅវិទ្យាល័យមួយនៃរាជធានីភ្នំពេញបានលើកឡើងថា ទោះបី​បើក​ប្រាក់ខែ [បៀវត្ស] ពីរខែចូលគ្នាក៏ដោយ ក៏មិនមានការសប្បាយ​ចិត្តអ្វីដែរ ព្រោះគ្រាន់តែបើកប្រាក់ពីរខែក្នុងពេលតែប៉ុណ្ណោះ មិនមែនបានប្រាក់ខែឌុបនោះទេ។

លោកគ្រូ បានលើកឡើងថា៖ «សារហ្នឹងមិនពិតទេ សារហ្នឹងគ្រាន់តែគេចែករំលែក បើតាមការពិតដូចជាគ្មានទេ ព្រោះគ្មាននរណាប្រាប់ថា បែបនេះអីចឹង ប្រសិនបើបានប្រាក់ឌុបពីរខែមែន សប្បាយដែល ប៉ុន្ដែដូចមិនសប្បាយដែរ បើបើកអីចឹង ព្រោះពេលដែលសប្បាយអត់អីចាយពេលក្រោយ ដោយគ្រាន់តែបើក​ប្រាក់​ខែ៣ ខែ៤ ហ្នឹង មិនមែនបាន bonus ដូចអ្នកធ្វើការឯកជននោះទេ»

ចំណែកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី បានថ្លែងថា លោកស្រីមិនបានលឺសារសំឡេងរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។

លោកស្រីថ្លែងថា «តាមពិតការឲ្យប្រាក់ខែឌុបហ្នឹង ក៏ខ្ញុំមិនបានលឺដែរ ព្រោះអី វាមិនមែនឲ្យប្រាក់ខែគ្រូឌុបទេ គ្រាន់តែថាបោក បើកដើមខែ ចុងខែអីចឹងទៅ មិនមែនមានន័យថា​ ឌុបបានប្រាក់ខែឌុបទេ ឧទាហរណ៍ថា ខែ៣ យើងតែងតែបើកនៅសប្ដាហ៍ទី២ទៅសប្ដាហ៍ទី៤ ហើយមួយតង់ទៀតត្រូវបើកនៅចុងខែ ដូច្នេះការបើកប្រាក់ខែឌុប គឺគ្មានលឺទេ»

ទោះបីជាយ៉ាងណាក្ដី ការបើកប្រាក់ខែឌុបក៏ដោយ ក៏អ្នកគ្រូមិនសប្បាយចិត្តដែរ ព្រោះគ្រូបង្រៀនដូចជាលោកស្រី ត្រូវចំណាយលើការប្រើប្រាស់ និងការចំណាយផ្សេងៗ មិនដែលសល់ឡើយ ដោយប្រាក់បៀវត្សគ្រូបង្រៀននៅមិនទាន់ឆ្លើយតបចំពោះការទូទាត់ផ្សេងៗក្នុងពេលបច្ចុប្បន្នឡើយ។ ដូច្នេះពេលចុងខែត្រូវរកប្រាក់ចំណូលបន្ថែមដើម្បីទប់ការចំណាយរបស់គ្រួសារ។

កាលពីថ្ងៃ១៦ ខែមីនា មានការលោតជាសារសំណេររបស់លោកនាយករដ្ឋមន្ត្រីឡើងវិញ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា ការបើក​ប្រាក់ខែនៅក្នុងខែមេសា មុនចូលឆ្នាំថ្មីប្រពៃណីជាតិនេះ នឹងបើកឌុប ដោយចុងខែ៣ (មីនា)​ បើកប្រាក់ខែម្តង ហើយនៅខែ៤ (មេសា) មុនចូលឆ្នាំ​បើកម្តងទៀត។ សារជាសំណេរនោះ ក៏បានសរសេរដែរថា ការបើកប្រាក់បៀវត្សឌុបនេះ នឹងបើករួមជាមួយនឹងប្រាក់មុខងារបន្ថែម ហើយបន្ទាប់មកទៀត នឹងបើកប្រាក់ខែនៅអាទិត្យទី៣នៃខែឧសភា ដើម្បីចៀសវាងបញ្ហាចំណាយរបស់មន្ត្រីរាជការ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីបានចេញមកបដិសេធ៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។