ពលរដ្ឋ​មួយចំនួន​នៅ​ស្រុកគងពិសី នៅ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​ជំងឺ​កូវីដ-១៩

ពលរដ្ឋមូលដ្ឋានមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅការិយាល័យស្រុកប្រតិបត្តិគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ពលរដ្ឋសារព័ត៌មាន)

ប្រជាពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយចំនួន នៅតែព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ខណៈជំងឺនេះបន្តបំប្លែងខ្លួនជាបន្តបន្ទាប់។

កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ (KY) កញ្ញា ហ៊ន ទាំងស៊ីញ អាយុ២៦ឆ្នាំ បានលើកឡើងថា កញ្ញាធ្លាប់ឮថា ជំងឺកូវីដ-១៩ ទោះបីជាចាក់វ៉ាក់សាំងការពារហើយក្ដី ក៏នៅតែឆ្លងដដែល។

កម្មការិនីនៅខេត្តកំពង់ស្ពឺរូបនេះ មិនយល់ថាតើវាបណ្ដាលមកពីវ៉ាក់សាំង ឬមួយមកពីប្រជាពលរដ្ឋមិនការពារខ្លួននោះឡើយ។ ចំណែកករណីខ្លះ ទោះបីជាពួកគេខំពាក់ម៉ាស់ការពារ លាងដៃនឹងសាប៊ូ បាញ់អាល់កុលជាប់រហូតក្ដី តែវីរុសកូរ៉ូណានៅតែកើតមានបន្ត។ កញ្ញាបានត្អូញត្អែរថា បើជំងឺកូវីដនៅតែបន្ត នឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ឋ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារថែមទៀតផង។

កញ្ញាបានបន្តថា៖ «រឿងមេរោគកូវីដ-១៩ ចេះតែកើតបន្តមិនចប់អ៊ីចឹង ធ្វើឱ្យវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារចេះតែកើតមានបន្ត ជាពិសេសកម្មកររោងចក្រមិនសូវមានការងារថែមម៉ោងធ្វើទេ»។

អ្នកស្រី សន ឡឹង អាយុ៥៧ឆ្នាំ មានមុខរបរជាចុងភៅរោងចក្រ ស្ថិតនៅភូមិចាស់ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏លើកឡើងដែរ អ្នកស្រីមិនយល់ឡើយពីបញ្ហាជំងឺកូវីដ-១៩នេះ។ អ្នកស្រីថា អ្នកស្រីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ លើកទី១ ដល់លើកទី៤ ហើយក៏គ្មានបញ្ហាអ្វីដែរចំពោះសុខភាព។ តែអ្នកស្រីនៅតែមិនអស់ចិត្ត ដោយ​សារ​អ្នកខ្លះនៅតែឆ្លងកូវីដ-១៩ ឬមួយគេចាក់ថ្នាំហើយមិនស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ទើបធ្វើឱ្យវ៉ាក់សាំងសាបមិនសូវមានប្រសិទ្ធភាព។

អ្នកស្រីបានបន្តថា៖ «ចំពោះខ្ញុំ បើលោកគ្រូពេទ្យប្រាប់ថាចាក់វ៉ាក់សាំងហើយ ត្រូវកុំឱ្យលើកធ្ងន់ ការពារលាងដៃនឹងសាប៊ូ អាល់កុល ពាក់ម៉ាស់ និងមិនឱ្យហូបគ្រឿងស្រវឹង ខ្ញុំនឹងធ្វើតាមដែលលោកគ្រូពេទ្យបានប្រាប់ ប៉ុន្តែចំពោះអ្នកផ្សេងវិញ ខ្ញុំអត់បានដឹងដែរទេ»។

ស្រុកគងពិសី មានចំនួន១៣ឃុំ ហើយឃុំទឹកល្អក់ មានភូមិចំនួន ២៥០ភូមិ ដែលមានគ្រួសារចំនួន ១៦៥០គ្រួសារ ស្មើនឹងប្រជាពរដ្ឋចំនួន ៧ ៥៧៧នាក់។

អ្នកស្រី សឿន សាវ៉ន អាយុ៣៧ឆ្នាំ មុខរបរជាអាជីវករបោកអ៊ុត នៅភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យល់ឃើញថា វីរុសកូរ៉ូណា​នៅតែកើតមានបន្តមិនចេះចប់មិនចេះហើយ ដោយមិនដឹងថាមកពីអ្វីនោះទេ បើទោះបីជាម្នាក់ៗបានការពារខ្លួនខ្លាចឆ្លងជំងឺនេះហើយក្ដី។

អ្នកស្រីបានបន្តថា៖ «ខ្ញុំក៏មានការងឿងឆ្ងល់ដែរ តើមេរោគចង្រៃមួយនេះ វាបំប្លែងខ្លួនបានយ៉ាងម៉េច ខ្ញុំនៅតែបារម្ភនិងការពារជានិច្ចចំពោះ​មេរោគកូវីដ-១៩។ ប៉ុន្តែអ្នកខ្ លះគេអត់បារម្ភ មិនភ័យខ្លាច! ធម្មតា គេរកអី គេធ្វើអី ជាធម្មតារបស់គេ ហើយក៏អត់មានបញ្ហាអ្វីដែរ»។

ទាក់ទងការលើកឡើងរបស់ពលរដ្ឋខាងលើនេះ លោក ប៊ុន ថុល ប្រធានមន្ទីរពេទ្យបង្អែកឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ វាកើតមានតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ លោកថា មិនដល់មួយឆ្នាំផង មេរោគនេះ វាបំប្លែងខ្លួនពីវីរុសដែលតា (Delta) ទៅជា អូមីក្រុង (Omicron) និងចេញពីអូមីក្រុង ទៅជា (A B 2) ជាដើម។

លោកបានបន្តថា៖ «កាវិវត្តរបស់វីរុសកូរ៉ូណានេះ កើតមុនដំបូងតូច យូរទៅវាធំឡើង វាប្លែកបន្តិចម្ដងៗ វាបំប្លែងខ្លួន! យើងមិនអាចសន្មតថាចប់ពេលណានោះទេ។ ដូច្នេះ មានតែ​យើង​ទាំងអស់​គ្នាការពារ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ»។

លោកវេជ្ជបណ្ឌិត អូន ម៉ោន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគងពិសី មិនអាចផ្ដល់បទសម្ភាសន៍បានទេ ដោយលោកមានការរវល់។

ចំណែកលោក យិន សំអន បុគ្គលិកពេទ្យជំងឺកូវីដ-១៩ ស្រុកគងពិសី បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ មិនអាចមើលស្រាលបានទេ។ លោកថា ពលរដ្ឋត្រូវការពារខ្លួនតាមការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

លោកបានបន្តថា៖ «ដោយមានការបារម្ភហើយខ្លាចពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយសារតែជំងឺកូវីដ-១៩ មិនដឹងពេលណាវារលាយរលត់​អស់នោះទេ ការរីករាលដាលនៃជំងឺកូរ៉ូណានេះមានតិចមានច្រើន វាបំប្លែងខ្លួន! ដូច្នេះយើងត្រូវតែចាក់ថ្នាំការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ហើយស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដោយលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ បាញ់អាល់កុល ពាក់ម៉ាស់ ជាដើម វាមានតែប៉ុណ្ណឹង អត់មានអីហួសពីហ្នឹងទៀតទេ»។

គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៥ ៣៤៤​នាក់ ក្នុង​នោះ​ អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣១ ៣១៣នាក់ និងអ្នកស្លាប់​កើនដល់​ចំនួន​៣ ០៥៤នាក់។​ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់១៣ ៥៧៧នាក់៕​

អត្ថបទដោយលោក ចាន់ ឌឿន ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។