រយៈពេល​៣​ខែ​សមត្ថកិច្ច​ចាប់​បាន​គ្រឿង​ញៀន​ជាង​៣​តោន​ និង​សារធាតុ​គីមី​ផ្សំ​ជាង​៣០០​តោន​

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមីនា បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ ៣នាក់ រឹបអូស​គ្រឿងញៀន​ជាង ១០០ គីឡូក្រាម​ នៅ​រាជធានីភ្នំពេញ។ (រូប៖ Anti-Drug Department)

អាជ្ញាធរ​កម្ពុជា​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឱ្យ​ដឹង​ថា ចាប់​ពី​ចុង​ឆ្នាំ២០២១ ដល់​ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ច​បាន​ចាប់​គ្រឿង​ញៀន​ប្រមាណ ៣ តោន និង​សារធាតុគីមី​ដែល​អាច​យក​មក​ផ្សំ​ជា​គ្រឿងញៀន​ប្រមាណ​ជាង​៣០០​តោន​ផ្សេង​ទៀត។

អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀនលោក ម៉ក់ ជីតូ  ប្រាប់ វីអូឌី នៅថ្ងៃសៅរ៍ នេះថា សមត្ថកិច្ចចាប់បានគ្រឿងញៀន និងរឹបអូស​បានសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀនបានជាបន្តបន្ទាប់ចាប់ពីចុងឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២នេះ ខណៈឧក្រិដ្ឋជនខ្លះកំពុងយកកម្ពុជា​ធ្វើជា​កន្លែងផលិតគ្រឿងញៀនផងដែរ។

លោកថា៖ «ចុងក្រោយហ្នឹង យើងរកឃើញមានឧបាយកល យកកម្ពុជាធ្វើជាកកន្លែងផលិតទៀត ប៉ុន្តែយើងបានបង្រ្កាបជាបន្តបន្ទាប់»

លោកបន្តថា ក្នុងប្រតិបត្តិការចុះបង្រា្កបសមត្ថកិច្ចចាប់បានគ្រឿងញៀនប្រមាណ ៣ តោន និងរឹបអូសសារធាតុគីមីផ្សំ និងផលិតជាគ្រឿងញៀនបាន​រាប់រយតោន។ ចំណែកជនល្មើសវិញ សមត្ថកិច្ចចាប់បានជាង ១០ នាក់ ដោយបានបញ្ជូនពួកគេទៅតុលាការ ដើម្បីបន្តនីតិវិធី។ ជនល្មើសទាំងនោះ មានជនជាតិចិនតៃវ៉ាន់ និងជនបរទេសផ្សេងទៀត។

លោកថា៖ «បើបូកចូលគ្នាចូល ៣ តោនហើយ អាហ្នឹងយើងមិនគិតសារធាតុគីមីផ្សំសម្រាប់ផលិតជាគ្រឿងញៀនចូល៣០០តោនទៀត។ យើងពិនិត្យទៅលើ​ស្ថានភាពករណីគ្រឿងញៀនធំៗយើងចាប់បាន គឺឆ្លងកាត់ទៅបណ្ដាប្រទេសផ្សេងទៀត។ អ្វីដែលជាក្ដីកង្វល់របស់យើង គឺអ្នកតូចតាច ជាពិសេសអ្នកប្រើប្រាស់​តាម​ជនបទ និងកន្លែងឆ្ងាយៗ ព្រោះយើងគិតមើលរយៈពេល ២ឆ្នាំនេះ ថ្វីត្បិតអ្នកញៀនគ្រឿងញៀនវាមិនកើន  ប៉ុន្តែវាក៏មិនថយចុះដែរ ក្នុងរង្វង់ ២ម៉ឺន​ដដែល​ហ្នឹង។ អាហ្នឹងដែលយើងគិត ពាក់ព័ន្ធនឹងសុខុមាភាពរបស់ប្រជាជនយើង ជាពិសេសស្រទាប់យុវជនយើងដែលយើងប្រុងប្រយ័ត្ន»

ការលើកឡើងរបស់លោក ម៉ក់ ជីតូ នេះ គឺបន្ទាប់ពីសមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនបានជាង ១០០ គីឡូក្រាម នៅរាជធានីភ្នំពេញ ខណៈថ្ងៃទី២១ ខែមីនានេះដែរ សមត្ថកិច្ចក៏ចាប់បានគ្រឿងញៀនឆ្លងដែន ជិត ៦០០ គីឡូក្រាម តាមផ្លូវសមុទ្រ ដែលពួកគេគ្រោងនឹងដឹកចេញទៅប្រទេសទី៣។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង  សាទរចំពោះការចាប់ជនល្មើស ប៉ុន្តែរឿងដែលសំខាន់នោះ ត្រូវទប់ស្កាត់មិនឱ្យមានការឆ្លងកាត់ ទើបអាចបញ្ជៀសបញ្ហាទាំងអស់នេះបានទេ។

លោកបន្តថា បើសិនជាអាជ្ញាធរមិនអាចទប់ស្កាត់បានទេ វានឹងបង្កផលប៉ះពាល់ដល់យុវជន ដោយពួកគេនឹងក្លាយជាជនរងគ្រោះ ដោយសារគ្រឿងញៀន និងបោះបង់ចោលការសិក្សាថែមទៀត។ បន្ថែមពីនេះ លោកថា កម្ពុជានឹងបាត់បង់ធនធានយុវជន ត្រូវចំណាយថវិកាកាន់តែច្រើនសម្រាប់ព្យាបាល​អ្នកប្រើប្រាស់គ្រឿងញៀន។

លោកថា៖ «រឿងមួយសំខាន់បំផុត គឺការនាំចូលរាប់សិបគីឡូទៅតាមជនបទ អាហ្នឹងជារឿងសំខាន់រកវិធានការទប់ស្កាត់។ មួយវិញទៀត ដើម្បីទប់ស្កាត់តាម​តំបន់​ដាច់ស្រយាលហ្នឹង ទី១ត្រូវពង្រឹងមន្ត្រីជំនាញនៅតាមមូលដ្ឋានជាពិសេស ប៉ូលីសប៉ុស្តិ៍អីហ្នឹង ឱ្យធ្វើការឱ្យបានច្បាស់លាស់ ពង្រឹងតាមចូលរួមរបស់​ប្រជាពលរដ្ឋ ដើម្បីតាមដាន ចូលរួមរាយការណ៍ឬសហការក្នុងការទប់ស្កាត់។ មួយទៀត ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយឱ្យបានសកម្មឱ្យយុវជនយល់ដឹងពីបញ្ហា​គ្រោះថ្នាក់នៃគ្រឿងញៀនហ្នឹង»

លោក យង់ គិមអេង   បន្តថា សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ត្រូវតាមដានការអនុវត្តចំពោះមន្ត្រីទាំងអស់នោះ និងត្រូវធានាថា គ្មានមន្ត្រីណាម្នាក់គប់គិតជាមួយ​អ្នក​ជួញដូរ ឬសម្រួលឱ្យមានការហូរចូលគ្រឿងញៀនចូលក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ទើបអាចទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនតាម​ជនបទ និងតំបន់ដាច់ស្រយាលមួយកម្រិតទៀត។ លោកបន្តថា បើសិនជាកម្ពុជាមិនអាចទប់ស្កាត់បានទេ កម្ពុជានឹងក្លាយជាជនរងគ្រោះដោយសារគ្រឿង​ញៀនមិនខាន។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភចំពោះអនាគតអ្នកស្នងតំណែងប្រទេសជាតិ ដោយសារកុមារអាយុក្រោម​១៨​ឆ្នាំ​មាន​ចំនួនច្រើនត្រូវចាប់ឃុំខ្លួនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈបច្ចុប្បន្នលោកថា គ្រឿងញៀនកំពុងបំផ្លាញមនុស្សទាំងនេះ មិនទាន់មានថ្នាំ​ព្យាបាល។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ បង្ហាញ​ថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ