ក្រសួង​ដាក់​លេខ​ទូរស័ព្ទ​ Hotline​ ៣​ខ្សែ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​បទល្មើស​នេសាទ​

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅតំបន់​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ស្រុក​ជលគីរី ស្រុក​កំពង់លែង​ និង​ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ កាល​ពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ ​(រូប៖ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង)​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ប្រកាស​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline) ចំនួន ៣​ខ្សែ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​រាយការណ៍​អំពី​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លេសាប ក្រោយ​ពី​មាន​បទបញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៥ ខែមីនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យសាធារណជន និងបណ្ដាញសារព័ត៌មាន រាយការណ៍អំពីបទល្មើសនេសានទៅកាន់លេខទូរស័ព្ទទាន់ហេតុការណ៍៣ខ្សែ (០១២ ៩៩៥ ៦៦៥/ ០១៧ ៧៣៥ ១៦៩/ ០១២ ៨៧១ ០៧១) ប្រសិនបើជាមានបទល្មើសជាក់ស្ដែង។

សេចក្តីប្រកាសដដែលបានបញ្ជាក់ដែរ​​ថា ក្រសួង​បាននិងកំពុង​ចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់​ ក្នុងការបង្ក្រាប​បទល្មើស​ជល​ផលជុំវិញបឹង​ទន្លេសាបឱ្យមាន​ប្រសិទ្ធភាពខ្ពស់ ពិសេស​បទល្មើស​អួនអូស​ទឹកសាប ​ឆក់​ត្រជាក់ និងបទល្មើសដទៃទៀត​ ដែល​ធ្វើ​ឱ្យប៉ះពាល់​ធ្ងន់ធ្ងរដល់​ធនធានជលផល។

ការប្រកាសលេខទូរស័ព្ទសម្រាប់ឱ្យសាធារណជន និងបណ្ដាញសារព័ត៌មានរាយការណ៍នេះ បានធ្វើឡើងបន្ទាប់ពី​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២២ បានស្ដីបន្ទោ​សមន្ត្រីពាក់ព័ន្ធ​ រួ​មទាំងរដ្ឋម​ន្ត្រីក្រសួង​កសិកម្ម​ ​លោក​ ​វេង ​សាខុ​ន​ ជុំវិញបទល្មើស​នេសាទនៅបឹងទន្លេសាប​ដោយប្រើប្រាស់ឧបករណ៍ទំនើបៗ។

ប​ន្ថែ​ម​ពីនេះ លោក​​ក៏បាន​​​​ចេញ​បញ្ជា​​ឱ្យកង​ក​​ម្លាំង​​ចម្រុះ​ចុះប​ង្ក្រាប​បទ​ល្មើសទាំ​ងនោះ ​តែមិន​បាន​ប្រ​កា​​​​​​សចំណា​ត់កា​រ​ផ្លូវ​ច្បាប់​ចំពោះ​​មន្ត្រី​​​​ដែ​​លទទួ​លខុសត្រូវនៅ​តាមបណ្ដា​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំង​នោះ​ទេ។

ក្រោយពីមានបញ្ជានេះ អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ខណៈម្សិលមិញលោក ហ៊ុន សែន លើកឡើង​បន្ថែម​ទៀតថា បទល្មើស​នៅ​បឹងទន្លេសាប​នៅតែ​កើតមាន ព្រោះតែ​មន្ត្រី​ធ្វើការ​តែពេល​លោក​រម្លឹក។

យុទ្ធនាការនេះបានកើតឡើង នៅប៉ុន្មានថ្ងៃក្រោយពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានចុះស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនេសាទនៅ​បឹងទន្លេសាប ដោយបាន​រកឃើញបទល្មើសនេសាទទ្រង់​ទ្រាយ​ធំនៅលើបឹងទន្លេសាទ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដោយជនល្មើសជាជនជាតិវៀតណាម​បានប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា ឆក់ត្រជាក់ (យ៉ាំងកាវ) ឆក់ក្ដៅ ឈិបយន្ត និងឆក់ទូកលឿន ដែលបានបំផ្លាញមច្ឆជាតិទាំងតូចទាំងធំ ទាំងត្រីមានស្រកា និងត្រីអត់ស្រកា ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ