អាជ្ញាធរ​ចាប់​ខ្លួន​កូដករ​ណា​ហ្គា​ជាង​១០០​នាក់​បញ្ជូន​ទៅ​ខណ្ឌ​ជ្រោយ​ចង្វារ ខណៈ​ពួកគេ​បន្ត​ចេញ​ធ្វើ​កូដកម្ម​អហិង្សា

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់ពួកគេដាក់ក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អាជ្ញាធរ និងកងកម្លាំងសន្តិសុខស្ត្រី បានចាប់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ជាង១០០នាក់ ដាក់រថយន្តក្រុង បញ្ជូនទៅទុកចោលនៅក្បែរសួនសត្វសាហ្វារី ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈពួកគេបន្តធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ការងារ និងទម្លាក់ការចោទប្រកាន់លើតំណាងពួកគេចំនួន១៥នាក់។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា សមត្ថកិច្ចនិងកងកម្លាំងសន្តិសុខស្ត្រីរាប់សិបនាក់ បានចាប់ខ្លួនក្រុមកូដករណាហ្គាវើលដ៍ចំនួន១១២នាក់ដាក់ក្នុងរថយន្តក្រុង រួចបញ្ជូនទៅទុកចោលនៅក្បែរសួនសត្វសាហ្វារី ស្តិតនៅភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កញ្ញាចាត់ទុកការចាប់ខ្លួនក្រុមកូដករម្តងហើយម្តងទៀតថា ជាការរឹតត្បិតសេរីភាពក្នុងការជួបជុំដោយសន្តិវិធី ស្របតាមច្បាប់ការងារនិងច្បាប់រដ្ឋធម្មនុញ្ញ។

ទោះជាយ៉ាងណា កញ្ញាស្នើទៅស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ត្រូវឈរលើគោលការណ៍ឯករាជ្យ ក្នុងការដោះស្រាយបញ្ចប់វិវាទការងារ រវាងថៅកែក្រុមហ៊ុនជាមួយនឹងក្រុមកូដករឱ្យមានតម្លាភាព  ទើបពួកគេឈប់នាំប្រមូលផ្តុំតវ៉ាបន្តទៀត។

កញ្ញានិយាយថា៖ «សូមឱ្យក្រសួងពាក់ព័ន្ធទាំងអស់ អាជ្ញាធរ ក្រសួងការងារនៅចំណុចកណ្តាលជួយសម្របសម្រួលតាមច្បាប់ ឱ្យថៅកែគោរពតាមច្បាប់ប្រទេសយើងទៅគឺវាចប់សព្វគ្រប់ហើយ ប៉ុន្តែខាងក្រសួងការងារគាត់អត់ឈនៅចំណុចកណ្តាលហើយ គាត់បែរទៅជាលម្អៀងទៅខាងក្រុមហ៊ុន ព្យាយាមឱ្យថៅកែរំលោភបំពានច្បាប់ទៅវិញ»។

កញ្ញាបន្ថែមថា៖ «បើអត់មានដំណោះស្រាយទេ ពួកខ្ញុំនិងបន្តចេញតវ៉ាជារៀងរាល់ថ្ងៃរហូតមានដំណោះស្រាយ ព្រោះយើងមិនបានធ្វើអ្វីខុសច្បាប់ត្រូវខ្លាចនោះទេ ទោះមានការចាប់ពួកយើង ក៏ពួកយើងមិនខ្លាចដែរ»។

​កន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានជំរុញទៅភាគីពាក់ព័ន្ធម្តងជាពីរដង ឱ្យពន្លឿនការដោះស្រាយវិវាទក្រុមហ៊ុនល្បែងមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវិវាទនៅតែបន្តអូសបន្លាយ ហើយការចាប់ខ្លួនកូដករក៏នៅតែបន្តកើតមាន មុននឹងមានការដោះលែងឱ្យថ្នាក់ដឹកនាំនិងសកម្មជនសហជីព១១នាក់ បាននៅក្រៅឃុំជាបណ្តោះអាសន្នវិញកាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរកម្ពុជា ត្រូវចូលរួមពិភាក្សាដោះស្រាយតាមការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់ និងបញ្ឈប់ការរារាំង ធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្រោមហេតុផលទប់ស្កាត់​កូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ