មាន​តែ​ពលរដ្ឋ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​អាច​បន្សាប​ព័ត៌មាន​ក្លែង​ក្លាយ​បាន

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អ្នកជំនាញ​ផ្នែក​ព័ត៌មាន និង​រដ្ឋាភិបាល​យល់​ស្រប​គ្នា​ថា មាន​តែ​ពលរដ្ឋ​ខ្លួន​ឯង​ប៉ុណ្ណោះ ​ទើប​អាច​បន្សាប​ឥទ្ធិពល​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ នេះ​បាន។

ស្ថាបនិកសារព័ត៌មានថ្មីៗ លោក គី សុខលីម បានអះអាងថា ការរីកសាយភាយព័ត៌មានក្លែងក្លាយក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងតែផ្ទុះឡើង មួយផ្នែក​បណ្ដាល​មកពីកង្វះខាត​ចំណេះដឹងរបស់​ពលរដ្ឋទៅលើរបៀបក្នុងការស្វែងយល់អំពីព័ត៌មាន។ លោកសង្កត់ធ្ងន់ថា រាល់ខ្លឹមសារព័ត៌មានដែលបាន​ចែកចាយ​នៅលើបណ្ដាញទំនាក់ទំន​ងសង្គម មិនមែនសុទ្ធតែការពិតទាំងអស់នោះទេ។ ដូច្នេះទាមទារឲ្យពលរដ្ឋខ្លួនឯងមានការយកចិត្តទុកដាក់ខ្ពស់​មុនពេលដាក់ចិត្តជឿ​ព័ត៌មានទាំងនោះ។

លោកថា៖ «ខ្ញុំតែងតែបន្ទោសអ្នកអានហ្នឹងខ្លួនឯងតែម្ដង ថាតើយើងគួរទុកចិត្តព័ត៌មានហ្នឹងដែរអត់? តើយើងគួរជឿស្ថាប័នហ្នឹងអត់? តើស្ថាប័នហ្នឹងយើង​ស្គាល់អត់? បើអ្នកអាន​ហ្នឹងអត់ដែលស្គាល់ស្ថាប័នហ្នឹងផង បើយើងនៅបន្តជឿឥទ្ធិពលព័ត៌មានក្លែងក្លាយ គឺនៅតែបន្តញាំញីនៅក្នុងសង្គមរបស់យើង»

អ្នកកាសែតជើងចាស់រូបនេះបញ្ជាក់បន្ថែមថា បើពលរដ្ឋនៅតែបន្តឥរិយបថលង់ជឿលើព័ត៌មានក្លែងក្លាយ អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺទៅលើក្រុមពលរដ្ឋខ្លួនឯង នេះតែម្ដង។

ចាប់តាំងពីផ្ទុះជំងឺរាតត្បាតសកលមក គេសង្កេតឃើញថា ព័ត៌មានមិនពិត មានការរីករាលដាលលឿនជាងមេរោគឆ្លងទៅទៀត។ វាបានបង្កឱ្យមានការព្រួយ​បារម្ភភ័យ​ខ្លាចយ៉ាងខ្លាំងនៅក្នុងចិត្តរបស់មនុស្ស និងការមិនទុកចិត្តគ្នា នៅក្នុងសហគមន៍កើនឡើង។

ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការប្រឆាំងដំណឹងក្លែងក្លាយ នៅពាក់កណ្តាលឆ្នាំ២០២០មកម្លេះ បើតាមការប្រកាសរបស់​ក្រសួង គោលបំណង​ចម្បង​នៃការ​បង្កើត​គណៈកម្មការ​នេះ គឺ​ដើម្បីផ្តល់នូវព័ត៌មានពិតជូនប្រជាពលរដ្ឋ ផ្ទៀងផ្ទាត់​ប្រភព​ព័ត៌មាន និងជួនកាលចាត់វិធានការតាម​ច្បាប់ ដោយព័ត៌មាន​ក្លែងក្លាយភាគច្រើនផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook,​​ Tik Tok, YouTube និងតាមគេហទំព័រចំនួន​ទៀតជាដើម។ ក៏ប៉ុន្តែករណី​ព័ត៌មានក្លែងក្លាយនៅតែបន្តកើតមក ជាហូរហែរ ដោយក្នុងឆ្នាំ២០២១ រដ្ឋាភិបាលបានរកឃើញមានព័ត៌មានប្រឌិតជិត២ពាន់ករណី។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់បានបង្ហាញក្ដីព្រួយបារម្ភថា វិរុសកូ​វីដ-១៩ គឺជាជំងឺកាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយមានភាពកាច​សាហាវ​ជាងជំងឺកូវីដ-១៩ ទៅទៀត។

ទន្ទឹមនឹងបញ្ហានេះ កាលពីថ្ងៃ២៣ ខែមីនា ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាននៅតាមហ្វេសប៊ុកថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺបណ្ដាលឲ្យកើត​ជំងឺ​មហារីក។ ភ្លាមៗ​​ក្រោយ​ដឹង​ដំណឹង​នេះ ក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យលោកស្រី ឱ វណ្ណឌីន​ បានចេញមកប្រតិកម្ម ដោយច្រានចោលព័ត៌មាន​ទាំងនេះថា ជនដែលបង្កើតព័ត៌មាននេះឡើង គឺមានចេតនាអាក្រក់បំពុលសង្គម។

ចំណែកអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានទទួលស្គាល់ថា ពលរដ្ឋ គឺជាកត្តាសំខាន់ដែលរួមចំណែកក្នុងការទប់ស្កាត់ការរីកសាយភាយ​ព័ត៌មានក្លែងក្លាយក្នុង​កំឡុង​ពេល​សង្គម​កម្ពុជា​កំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកបន្តថា ពលរដ្ឋគ្រប់រូបជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវពង្រឹង​ចំណេះ​ដឹងផ្នែកឌីជីថលឲ្យខ្លាំង នោះទើបអាចរួមគ្នាបន្សាបឥទ្ធិពលព័ត៌មានប្រឌិតបាន។

លោកថា៖ «ចឹងហើយបើយើងយល់ដឹងស៊ីជម្រៅពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គម​នេះ វាក៏ជាផ្នែកនៅក្នុងការចូលរួមកាត់បន្ថយ ឬលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ ឬព័ត៌មានប្រ​ឌិតនៅក្នុងស្គមរបស់យើង»

លោកសង្កត់ធ្ងន់ថា ភាគច្រើនអ្នកប្រើប្រាស់បណ្ដាញសង្គម គឺជាយុវជន ដូច្នេះអ្នកដែលរងគ្រោះក៏អាចជាយុវជនដែរ ដូច្នេះពលរដ្ឋគ្រប់រូបជាពិសេសយុវជន​ត្រូវប្រើប្រាស់ដោយទំនួលខុសត្រូវខ្ពស់ ពិនិត្យពិចារណា មើលប្រភពព័ត៌មាន ស្ថាប័នព័ត៌មានឲ្យ​ច្បាស់​លាស់ ជៀសវាងក្លាយជាភ្នាក់ងារបំពុលសង្គម​ដោយពុំដឹងខ្លួន។

រឿងដែលមិនអាចប្រកែកបាន ការរីកចម្រើននៃប្រព័ន្ធទំនាក់ទំនងសង្គម បានរុញច្រានឲ្យមនុស្សមានភាពកាន់តែងាយស្រួលក្នុងការចែកចាយ​ព័ត៌មានគ្នា​ទៅវិញ​ទៅមក ហើយ​ក្នុងនោះ​ក៏មានទាំងព័ត៌មានពិត និងព័ត៌មានប្រឌិតផងដែរ។

អ្នកជំនាញផ្នែកប្រព័ន្ធឌីជីថលបានពិនិត្យឃើញថា ព័ត៌មានក្លែងក្លាយតែងមានចេតនាបំភ័នមតិសាធារណៈ កែប្រែគំនិតរបស់មនុស្សទូទៅទាក់ទងទៅនឹង​បញ្ហាជាក់លាក់ណាមួយដែលកំពុងតែកើតឡើងក្នុងសង្គមឲ្យមានការយល់ផ្ទុយពីការពិត។

ស្របគ្នានេះដែរ លោក ពុយ គា ដែលមានជំនាញលើវិស័យព័ត៌មានជិត ២០ឆ្នាំ សង្កេតឃើញថា ពលរដ្ឋខ្មែរជារួម តែងតាមដានព័ត៌មានច្រើនប្រភេទ ដោយខ្វះការពិចារណា ឆាប់ជឿ ដោយករណីខ្លះពុំបានពិនិត្យមើលកាលបរិច្ឆេទចុះផ្សាយព័ត៌មាន ដោយព័ត៌មាន​ទាំងនោះខ្លះជាព័ត៌មានចាស់ ហើយ​ប្រែជាត្រូវបានពលរដ្ឋយល់ថា ជាព័ត៌មានថ្មីទៅវិញ។ លោកបន្ថែមថា ព័ត៌មានក្លែងក្លាយច្រើនកើតចេញពីពាក្យចចាមអារ៉ាម ឬដំណឹងបែកធ្លាយ ដូច្នេះទាមទារឲ្យអ្នកអានផ្ទៀងផ្ទាត់ខ្លាំងទៅលើប្រភេទខ្លឹមសារនៃព័ត៌មានទាំងនោះ។

លោកថា៖ «ជួនកាលអត្ថបទខ្លះ គឺរាប់ឆ្នាំទៅហើយ ហើយយកបង្ហោះឡើងវិញ ហើយនេះជាកត្តាដែលយើងត្រូវពិនិត្យឡើងវិញ ជាពិសេស គឺការ Share ហើយការ Share នេះ គឺជាកត្តាដែលនាំឲ្យសាយភាយព័ត៌មានក្លែងក្លាយគ្រោះថ្នាក់ដល់សង្គមច្រើនណាស់»

ទោះបីយ៉ាងនេះក្ដី​លោក ពុយ គា លើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាល និងពលរដ្ឋត្រូវចូលរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ ជាពិសេសពង្រឹង​ការអនុវត្តច្បាប់ទៅលើអ្នកចែកចាយព័ត៌មានមិនពិតជាដើម។

ព័ត៌មានក្លែងក្លាយ ត្រូវបានគេមើលឃើញជាទូទៅថា មានលក្ខណៈជាប្រភេទ អត្ថបទ រូបភាព សម្លេង វីដេអូ ជាដើម ដែលមនុស្សទូទៅមើលមួយភ្លែត គឺមាន​លក្ខណៈ​គួរឲ្យជឿ តែជាក់ស្ដែងព័ត៌មានទាំងនោះនៅខ្វះប្រភពបញ្ជាក់ការពិត និងខ្វះភាពត្រឹមត្រូវទៅលើការផ្ទៀងផ្ទាត់ ភាគីពាក់ព័ន្ធសំខាន់ៗ ជាដើម។

ព័ត៌មានក្លែងក្លាយត្រូវបានអ្នកជំនាញកត់សម្គាល់ថា ស្ថិតក្រោមប្រយោជន៍សេដ្ឋកិច្ច និងនយោបាយ។

ប្រយោជន៍សេដ្ឋកិច្ច គឺតាមរយៈការ​ផ្សាយ​ពាណិជ្ជកម្ម និងតាមរយៈចំនួនអ្នកចូលទៅមើល វីដេអូ ឬអត្ថបទទាំងនោះ។

ចំណែកឯប្រយោជន៍នយោបាយវិញ គឺជនដែលបង្កើតព័ត៌មានក្លែងក្លាយឡើង ទំនងជាចង់ឲ្យក្រុមមនុស្សដែលជាគោលដៅរបស់គេមានភាពវឹកវ ជាពិសេស​បំផ្លាញ​ទំនុកចិត្តពលរដ្ឋទៅលើវិស័យសុខាភិបាល ឬវិស័យណាមួយដែលពួកគេចង់បានជាដើម។

កាលពីពេលកន្លងទៅ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពី សេរីភាព​បញ្ចេញ​មតិ  លោក David Kaye ធ្លាប់បានចេញ​ សេចក្ដីប្រកាសថា ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវរួមគ្នាដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព្រោះវាជាការគំរាមកំហែងធ្ងន់ធ្ងរ ដែលជាញឹកញយ វាត្រូវ​បានគេបង្កើតឡើង និងបានអនុវត្តដើម្បីញុះញង់ បង្ករហិង្សា ការរើសអើង និងបង្ករអរិភាពទៅលើសង្គមមួយឲ្យមានភាពវឹងកវជាដើម៕

អត្ថបទដោយ ឃី ពិសី

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។