ពលរដ្ឋ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺកូវីដ-១៩​ ក្រោយ​រដ្ឋាភិបាល​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ចំពោះ​អ្នក​ដំណើរ​បរទេស​ចូល​កម្ពុជា

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)

ប្រជាជន​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​រីករាល​ដាល​នៃជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន ចំពោះ​អ្នក​ដំណើរ​បរទេស​ចូល​មក​ប្រទេស​កម្ពុជា។

ពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថាការលុបចោលនូវលក្ខខណ្ឌទាំងនេះ គឺមិនមែនជាជម្រើសល្អនោះទេ ពីព្រោះវាគឺជារឿងប្រថុយប្រថានខ្លាំងណាស់។

ពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញរូបនេះបន្តថា៖ «ទោះបីជាករណីឆ្លងវីរុសនេះ បច្ចុប្បន្នបានធ្លាក់ចុះក៏ដោយ តែយើងគួរតែការពារប្រសើរជាងព្យាបាល»

ពលរដ្ឋរូបនេះបានរំឭកថា ករណីឆ្លងវីរុសកូវីដ-១៩​ ដែលបានកើតឡើង ហើយចំលងពេញប្រទេសនោះ គឺភាគច្រើនជាករណីនាំចូលពីក្រៅប្រទេស។

ចំណែកពលរដ្ឋម្នាក់ទៀតនៅឯខេត្តបាត់ដំបង លោក សន សម្បត្តិ បានលើកឡើងថា វាជារឿងល្អ ក្នុងការស្ដារសេដ្ឋកិច្ច និងជាពិសេសវិស័យទេសចរណ៍​នៅកម្ពុជា។ ក៏ប៉ុន្តែលោកថា វាជារឿងប្រថុយប្រថានមួយដែរ។

លោក សម្បត្តិ បានលើកឡើងថា៖ «ព្រោះដូចដែលយើងដឹងស្រាប់ហើយថា ទោះបីជាយើងចាក់វ៉ាក់សាំងហើយ ភាគរយនៃការឆ្លងនៅតែមាន ដូចនេះវាជា​ចំណុច​មួយដែលយើងគួរពិចារណាដូចគ្នា»

លោកបន្តថា វាដូចជាការលុបបំបាត់ចោលការសង្កេតមួយដែរក្នុងគ្រាដែលយើងសង្កេតយើងនៅតែមានការឆ្លង ដែលបង្កដោយសារតែភ្ញៀវទេសចរចុះទម្រាំ​តែលុបចោលលក្ខខណ្ឌទាំងនេះទៀត។

លោក សម្បត្តិ បន្ថែមទៀតថា៖ «ខ្ញុំគិតថា បើសិនជាមានការធ្វេសប្រហែសអ្វីមួយវាក៏អាចនាំឲ្យមានរលកថ្មីមកប្រទេសកម្ពុជាយើងដូចគ្នា អ៊ីចឹងយើង​គួរតែ​ប្រយ័ត្នទាំងអស់គ្នា»

យ៉ាងណាមិញ ពលរដ្ឋម្នាក់ទៀតនៅខេត្តសៀមរាបឈ្មោះ ធី បានលើកឡើងថា ចំពោះការបើកឲ្យមានដំណើរការទេសចរណ៍ឡើងវិញ ដោយមិនធ្វើ​ចត្តាឡីស័ក​និងការលុបចោល​លក្ខខណ្ឌទប់ស្កាត់ទាំងអស់នេះ វានឹងធ្វើឱ្យមានហានិភ័យខ្ពស់ ផ្ទុយទៅវិញ ប្រសិនបើយើងនាំគ្នាព្យាយាម​គោរពនិងអនុវត្ត​វិធានការសុខាភិបាលឬការពារខ្លួនដោយរក្សាគម្លាត វានឹងកាត់បន្ថយចំនួនអ្នកឆ្លងនៅកម្ពុជាបាន។

ដោយឡែកព្រះសង្ឃមួយអង្គគង់នៅទីក្រុងភ្នំពេញ បានមានសង្ឃដីកាដោយសុំមិនបញ្ចេញព្រះនាមថា រដ្ឋាភិបាលប្រហែលជាអាចគ្រប់គ្រងករណីឆ្លងកូវីដបាន ហើយម្យ៉ាងទៀត លក្ខខណ្ឌបែបហ្នឹង នៅតាមប្រទេសធំៗមួយចំនួន គេធ្វើបែបនេះយូរមកហើយ។

ព្រះអង្គមានសង្ឃដីកាថា៖ «តែនៅតែមានការព្រួយបារម្ភ ខ្លាចតែមានវីរុសប្រភេទថ្មីមកតាមអ្នកដំណើរអន្តរជាតិ ដោយអាត្មាបានគិតថា ករណីឆ្លងអាចនឹងថយ​ចុះ​បើសិនជាគ្មានវត្តមាននៃវីរុសប្រភេទថ្មីទេនោះ»

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយ ដោយយោងតាមចំណារឯកភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោលលក្ខខណ្ឌតម្រូវមួយចំនួនសម្រាប់ជនបរទេសចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងនោះ រួមមាន ទី១.លុបចោលនូវលក្ខខណ្ឌតម្រូវឲ្យអ្នក​ដំណើរបរទេស​ត្រូវបង្ហាញលទ្ធផលតេស PCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុនមកដល់កម្ពុជា ទី២.លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅ​ពេលមក​ដល់​កម្ពុជា និងទី៣. គឺអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ​ទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ប៉ុន្តែទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក្តី ក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ហើយចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមទីតាំងដែលកំណត់ដោយ​ក្រសួង​សុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

គិតត្រឹមថ្ងៃទី២៩ ខែមីនា កម្ពុជាមាន​អ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៥ ៥៥២ ស្លាប់ ៣ ០៥៤នាក់ និងព្យាបាលជាសះស្បើយចំនួន ១៣១ ៥២៧នាក់។ ក្នុងចំណោមអ្នកឆ្លងសរុប មានករណីនាំចូលពីក្រៅប្រទេសចំនួន ២១ ២០៨នាក់៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។