ពលរដ្ឋ​មួយ​ចំនួន​នៅ​​ភ្នំពេញ​ហាក់​មិន​សូវ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​ឆ្លង​កូវីដ-១៩​បំប្លែងថ្មី អូមីក្រុង

ពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈពេល​ចុង​ក្រោយ ហាក់​ពុំសូវ​ព្រួយ​បារម្ភខ្លាំង​អំពី​ការ​ឆ្លង​ជំងឺកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» នោះទេ ដោយ​ពួកគេ​យល់​ឃើញ​ថា កូវីដ-១៩ប្រភេទ​ថ្មី ជា​ជំងឺ​ម្យ៉ាង​ដែល​ងាយ​ស្រួល​ព្យាបាល​និង​គ្មាន​ផលប៉ះពាល់​អ្វីខ្លាំង​ដល់​អាយុ​ជីវិត​នោះ​ទេ ខណៈមន្ត្រី​ក្រសួង​សុខាភិបាល​ថា ការ​យល់​បែប​នេះមិន​ត្រឹម​ត្រូវ​នោះ​ទេ។

បុគ្គលិកបម្រើការនៅក្នុងផ្សារទំនើបមួយកន្លែងស្ថិតនៅក្នុងទីក្រុងភ្នំពេញ លោក ហាក់ បូណ៌មី បានបង្ហាញការយល់ឃើញថា ជំងឺកូវីដ-១៩ បំប្លែងថ្មី​ «អូមីក្រុង» ជាជំងឺធម្មតាម្យ៉ាង ដែលមិនបង្កការធ្លាក់ខ្លួនឈឺធ្ងន់ ឬយូរ ដូចវីរុសបំប្លែងថ្មីមុនៗនោះទេ។ ដោយលទ្ធភាពនៃការជាសះស្បើយនៃជំងឺនេះ​មានល្បឿនលឿនជាងជំងឺកូវីដ-១៩ ប្រភេទធម្មតា។

លោក ហាក់ បូណ៌មី មានអាយុ ២៨ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានថ្លែងថា៖ « បើយើងគិតទៅជាជំងឺធម្មតាក៏បាន កូវីដ-១៩ បំប្លែងថ្មី​វាអត់​ដូច​អាចាស់​ទេ! អាថ្មីហ្នឹងវាព្យាយាម​​លក្ខណៈថា វាឈឺអាចប្រើរយៈពេលយូរ (ជំងឺកូវីដ-១៩ប្រភេទមុន) វាឈឺបីថ្ងៃឬមួយពីរថ្ងៃ បួនថ្ងៃអស់ហើយ។ វាឆាប់ជាទេ ឱ្យ​តែ​យើងប្រើថ្នាំលេប»

បុគ្គលិកបម្រើការនៅផ្សារទំនើបដដែលនេះបានបន្តទៀតថា សម្រាប់ជំងឺកូវីដ-១៩បំប្លែងថ្មី អូមីក្រុងនេះ លោកហាក់ដូចជាមិនសូវព្រួយបារម្ភខ្លាំងនោះទេ។ ដោយសារ បច្ចុប្បន្ននេះ ការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩បំប្លែងថ្មីនេះ គឺមានប្រសិទ្ធភាព និងលោកយល់ថា វីរុសបំប្លែងថ្មីអូមីក្រុងនេះ វាបំប្លែង​ខ្លួនដូចជំងឺផ្តាសាយផងដែរ។

លោក ហាក់ បូរមី បានបញ្ជាក់បន្ថែមថា៖ «គ្មានចាំបាច់ព្រួយបារម្ភខ្លាំងដូចលើកមុនទេ។ ដោយ​​សារឥឡូវថ្នាំឥឡូវមានប្រសិទ្ធភាព ដាក់ទៅវាត្រូវអ៊ីចឹងណា។ វាឈឺទៅ បំប្លែងខ្លួនដូចផ្តាសាយអ៊ីចឹង វាចម្លងលឿនជាងផ្តាសាយ អ៊ីចឹងបើយើងចាត់ទុកជាជំងឺផ្តាសាយម្យ៉ាងទៀតចុះអាហ្នឹង»

បើតាមយុវជនម្នាក់ទៀតក៏មានការលើកឡើងស្រដៀងគ្នានេះដែរ គឺលោក ម៉ាន គឹមសាន បាន​ប្រាប់​ថា ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មិនមែនជាជំងឺ​ដែល​គួរឱ្យព្រួយខ្លាំងដូចជាជំងឺកូវីដ-១៩ ប្រភេទ ដែលតា (Delta) នោះទេ។ លោកយល់ថា ជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ជាជំងឺដែលស្រួលព្យាបាល និង​ដោយ​សារ​តែការចាក់វ៉ាក់សាំងបានគ្រប់គ្រាន់ផងដែរ។

លោក ម៉ាន គឹមសាន មានអាយុ ២២ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើកឡើងថា៖ «និយាយទៅជំងឺហ្នឹង មិនត្រូវព្រួយបារម្ភខ្លាំងពេកនោះទេ ព្រោះអីជំងឺហ្នឹងវាមិនកាចសាហាវដូចជំងឺ Delta នោះទេ។ ពីព្រោះ ទី១.ដោយសារងាយស្រួលព្យាបាល ទី២.យើង​បាន​ការពារ​វាមុន ចាក់វ៉ាក់សាំងមកដល់ថ្ងៃនេះបាន ៣-៤ ដូសហើយ អ៊ីចឹង នៅពេលដែលយើងកើតវា វាងាយស្រួលព្យាបាលលឿនអ៊ីចឹង»

លើសពីនេះទៅទៀត បើតាមយុវតីម្នាក់ទៀត កញ្ញា រដ្ឋា ស្រីនុត ដែលជានិស្សិតកំពុងបន្តការសិក្សានៅភ្នំពេញបានបង្ហាញទស្សនៈយល់​ឃើញពាក់ព័ន្ធ​ទៅជំងឺកូវីដ-១៩បំប្លែងថ្មី អូមីក្រុងនេះថា ជាជំងឺមួយដែលគ្មានបញ្ហាអ្វីគួរឱ្យព្រួយបារម្ភខ្លាំង ឬ ក៏គ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងនោះទេ។ ព្រោះកញ្ញាយល់ថា កម្រិត​នៃ​ការ​ឆ្លងវីរ៉ុសបំប្លែងថ្មី អូមីក្រុង គឺមានស្ថានភាពស្រាលជាង ជំងឺកូវីដ-១៩ ប្រភេទ Delta, Alpha។ ហើយមួយវិញទៀត ថ្វីដ្បិតវីរុសបំប្លែងថ្មី អូមីក្រុង មាន​ការ​ឆ្លងលឿន ប៉ុន្តែការព្យាបាលងាយស្រួលព្យាបាល និងឆាប់ជាសះស្បើយទៀតផង។

កញ្ញា រដ្ឋា ស្រីនុត បានអះអាងថា៖ «តាមពិតទៅបើនិយាយទៅ វាគ្មានបញ្ហា គ្រោះថ្នាក់ខ្លាំងទេ។ វាជាវីរុសកម្រិតស្រាលពីវីរុស Delta, Alpha អ៊ីចឹងបើនិយាយទៅស្រាលជាងឆ្ងាយ ប៉ុន្តែវាងាយនឹងឆាប់ឆ្លងអ៊ីចឹង។ បើសម្រាប់ខ្ញុំ វាអត់មានផលវិបាកអីធ្ងន់ធ្ងរនោះទេ! តែបើតាមខ្ញុំដឹង វីរុសហ្នឹងវាឆាប់ឆ្លង ប៉ុន្តែក៏ព្យាបាលឆាប់ជាដែរ»

ផ្ទុយពីការលើកឡើងខាងលើ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាក្រសួងសុខាភិបាល បានណែនាំ អំពីលទ្ធភាពនៃការវាយលុករបស់វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងមកលើសរីរាង្គកាយមនុស្ស ដែលជារឿងមួយមិនអាចធ្វេសប្រហែសបាន។ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា​ និងមិនមែនជាជំងឺសាមញ្ញទេ។ ថ្វីដ្បិតតែវីរ៉ុសបម្លែងថ្មីនេះ មានលក្ខណៈស្រាលក៏ពិតមែន ប៉ុន្តែដោយសារតែ​ការចាក់វ៉ាក់ស៊ាំងចូលសហគមន៍បានច្រើនតែប៉ុណ្ណោះ។

លោកស្រី ឱ វណ្ណឌីន បានធ្វើការឆ្លើយតបកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា៖ «សូមកុំភ្លេចថា សរីរាង្គកាយយើង ប្រហែលជានឹងអាចមានការប៉ះពាល់​សុខភាពតិចក្តី ឬច្រើនក្តី ក្រោយឆ្លងជំងឺកូវីដ-១៩ ប្រសិនជាយើងមិនមានកងការពារក្នុងខ្លួនយើងរឹងមាំទេនោះ។ ការចាក់វ៉ាក់ស៊ាំងដូសទី៣ ឬដូសជម្រុញ នាពេលនេះនឹងជួយពង្រឹងកងការពារនេះ ដើម្បីទប់ស្កាត់ការវាយលុកធ្ងន់ធ្ងរលើសរីរាង្គបុគ្គល និងជួយសង្រ្គោះអាយុជីវិតមនុស្សផងដែរ»

ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានបង្ហាញទស្សនៈយល់ឃើញថា ជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនេះ ជាជំងឺមួយដែលងាយ​ស្រួលព្យាបាល ប្រសិនជាយើងរកចំណុចខ្សោយវាឃើញ។ លោក អ៊ូច វុទ្ធី បានបញ្ជាក់បន្តទៀតថា ប្រភេទវីរុសបំប្លែងថ្មីហ្នឹង ប្រហែលជាអាចបញ្ចប់ត្រឹមពូជ​អូមីក្រុងហ្នឹងហើយ និងបានណែនាំ ប្រជាពលរដ្ឋកុំភ័យស្លន់ស្លោខ្លាំងពេក ពោលគឺត្រូវចេះរៀនរស់នៅនឹងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុងដោយ​អនុវត្តការប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានត្រឹមត្រូវផងដែរ។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា៖ «កូវីដ-១៩បំប្លែងថ្មី អូមីក្រុងក្រោយនេះបញ្ជាក់ដូចខ្ញុំលើកឡើងអ៊ីចឹងប្រហែលជាវាបញ្ចប់ជីវិតពូជអូមីក្រុងហ្នឹងហើយ។ បើអ៊ីចឹងទេ បងប្អូនគួរណាកុំភ័យស្លន់ស្លោ ប៉ុន្តែយើងរៀនរស់នឹងកូវីដ! បាទត្រូវចេះប្រយ័ត្ន ការពារខ្លួនព្រោះអូមីក្រុងវាឆ្លងលឿន ក៏បាត់លឿនដែរ។ ហើយបើ​យើង​ដឹង​ចំណុចខ្សោយវា យើងប្រើថ្នាំតែល្មមវាជាហើយ»។ គួររំឮកផងដែរថា ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងបានឆ្លងចូលក្នុងប្រទេសកម្ពុជា​ពាក់​កណ្តាលខែធ្នូ ឆ្នាំ២០២១។

គិតត្រឹមថ្ងៃទី៣០ ខែមីនា នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១៣៥ ៥៨៥នាក់ ស្លាប់៣ ០៥៤នាក់ និងជាសះស្បើយចំនួន ១៣១ ៥៩៨នាក់។ ចំណែកករណីនាំចូលពីក្រៅប្រទេសសរុប ២១ ២០៨ ខណៈករណីអូមីក្រុងឆ្លងក្នុងសហគមន៍១៣ ៧៩៣នាក់៕

អត្ថបទដោយ ប៊ុនឈូ ពលរដ្ឋអ្នកសារព័ត៌មាន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។